នាដការីនាង សុខគា គឹមលាង ហៅ Kon Ant បានប្រកាសពីបង្កើតមូលនិធិផ្ទាល់ខ្លួនដែលមានឈ្មោះថា«ស្រមោចរាំ»ក្នុងគោលបំណងសំខាន់ចំនួន៣ ដែលជាទិសដៅគាំទ្រដល់ស្ថាប័ន និងក្លឹបនានាដែលបង្ហាត់បង្រៀនសិល្បៈផ្នែករបាំបុរាណខ្មែរសម្រាប់អ្នកបន្តវេន ។
បើយោងតាមការប្រកាសលើបណ្តាញសង្គមតារាសម្តែង និងបេក្ខភាពបវរកញ្ញារូបនេះបានលើកឡើងថា នាងខ្ញុំសុខគា គីមលាង មានកិត្តិយស សូមជម្រាបជូនសាធារណៈជនឲ្យបានជ្រាបថា មូនិធិស្រមោចរាំ (Dancing Ant Foundation)ជាមូលនិធិដែលនាងខ្ញុំបង្កើតឡើយដោយផ្ទាល់ក្នុងគោលបំណងធំៗចំនួនបី ។
នាងបញ្ជាក់ថា គោលបំណងនោះរួមមាន ១. ផ្តល់ការគាំពារ និងគាំទ្រយ៉ាងពេញទំហឹងក្នុងការទ្រទ្រង់ដល់ស្ថាប័ន ឬក្លឹបបង្ហាត់បង្រៀនសិល្បៈរបាំខ្មែរគ្រប់ទម្រង់ នូវសម្ភារៈ ឧបទ្ទេស គ្រឿងសម្រាប់តុបតែងកាយ សំពត់ អាវ ដូចដែលនាងខ្ញុំបាន និងកំពុងធ្វើដោយផ្ទាល់ជាច្រើនរួចមកហើយ ។
២. ដើម្បីផ្តល់ជូននូវការអប់រំ និងចំណេះជំនាញ បទពិសោធន៍ដែលនាងខ្ញុំមាន ក្រោមការហាត់រៀនយ៉ាងស្ទាត់ជំនាញពីសាលាមធ្យមវិចិត្រសិល្បៈ ទៅកាន់អ្នកបន្តវេនជំនាន់ក្រោយ តាមរយៈការបង្ហាត់បង្រៀនដោយផ្ទាល់ពីរូបនាងខ្ញុំ និងលោកគ្រូអ្នកគ្រូដែលជាបង្គោលដ៏ឆ្នើមជាច្រើនរូបទៀត
និងទី៣. ដើម្បីរៃអង្គាសមូនិធិ សាងសង់ទីកន្លែងសិក្សាអប់រំ ចំណេះជំនាញជូនដល់បងប្អូន លោកគ្រូ អ្នកគ្រូ ដែលស្ថិតនៅតំបន់ទីដាច់ស្រយាល និងចូលរួមរាល់កិច្ចការងារសង្គមដែលកំពុងត្រូវការ ។
ដើម្បីជាការចែករំលែក ការផ្តល់ឲ្យនូវឱកាស និងក្តីសង្ឃឹម ជាពិសេសបងប្អូនអ្នកដែលស្រឡាញ់ ចង់ថែរក្សា ហាត់រៀនសិល្បៈរបាំបុរាណខ្មែរ ដែលជាកេរ្តិ៍មរតកដ៏មហាលរបស់ដូនតាខ្មែរ ឲ្យបានគង់វង្ស និងរស់រវើកគ្រប់ជំនាន់តរៀងទៅ។ ជាពិសេសការផ្តល់ឱកាសប្អូនៗ ដែលរស់នៅតំបន់ដាច់ស្រយាលក៏អាចមានឱកាសទទួលបានការហាត់រៀន នឹងស្មើមុខស្មើមាត់ក្នុងការកសាង ឃឿនវប្បធម៌ អរិយធម៌ជាតិឲ្យកាន់តែល្បីរន្ទឺ។
សូមចូលរួមជាមួយខ្ញុំដើម្បីកសាងអ្នកបន្តវេនដ៏មានគុណភាព និងឧត្តមភាពជូនមាតុប្រទេសរបស់យើង ។ ជាការកត់សម្គាល់ នាដការីបុរាណ សុខគា គីមលាង ត្រូវបានទស្សនិកជនខ្មែរតែងតែលើកសរសើរមិនដាច់ពីមាត់ បន្ទាប់ពីរូបនាងតែងតែចូលរួមផ្សព្វផ្សាយពីសិល្បៈវប្បធម៌ខ្មែរជាបន្តបន្ទាប់ ជាពិសេសតាមបណ្តាញសង្គម។
សុខគា គឹមលាង បានបញ្ចប់ការសិក្សានៅសកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ផ្នែករបាំប្រពៃណីខ្មែរ ខណះពេលជារឿយៗ នាងបានទៅបណ្តាប្រទេសមួយចំនួន ដើម្បីផ្សព្វផ្សាយ និងសម្ដែងរបាំប្រពៃណីខ្មែរនៅទីនោះផងដែរ ។
កន្លងមកនាដការីរូបនេះធ្លាប់បានលើកឡើងតាមរយៈបណ្តាញសង្គមថា «វប្បធម៌រលត់ ជាតិរលាយ វប្បធម៌ពណ្ណរាយ ជាតិថ្កើនថ្កាន» ព្រោះថា ក្នុងនាមនាងខ្ញុំ ជាពលរដ្ឋខ្មែរម្នាក់ កើតមកជាតិនេះ សូមថ្វាយនូវការផ្សព្វផ្សាយវប្បធម៌ អរិយធម៌ទាំងអស់ ដែលជាកេរត្តិ៍មរតករបស់ដូនតា តាមកម្លាំងចិត្តដែលមាន មិនឱ្យបុព្វបុរស លោកខូចព្រទ័យ ព្រោះថា «ជីវិតខ្ញុំជាជីវិតដែលអាចស្លាប់ ហើយរស់មកវិញបាន ក៏ប៉ុន្តែសិល្បៈមិនអាចស្លាប់បានទេ» កុំចាំតែបាត់បង់ ទើបស្តាយក្រោយ គួរតែស្គាល់ពីតម្លៃ និងចូលរួមថែរក្សាទាំងអស់គ្នានូវវប្បធម៌ អរិយធម៌ ជាសម្បត្តិបេតិកភណ្ឌពិភពលោកដ៏អស្ចារ្យ ដែលយើងទាំងអស់គ្នាជាជាតិខ្មែរមាន» ៕
ចែករំលែកព័តមាននេះ