រាជធានីភ្នំពេញ ៖ តារាចម្រៀងលោក ឆន សុវណ្ណារាជ បានប្រកាសជាសាធារណៈថា លោកសូមពហិកាមិនជ្រើសរើសបទចម្រៀងចាស់ៗរបស់លោកមួយចំនួនដែលយកលំនាំពីថៃមកច្រៀងឡើងវិញឡើយ បើទោះបីជាមានការសំណូមពីទស្សនិកជនក៏ដោយ ។

ការប្រកាសខាងលើ ពីតារាចម្រៀងរូបនេះបានធ្វើឡើង បន្ទាប់ពីមានប្រិយមិត្តមួយចំនួនបានសំណូមពរអោយលោកបកស្រាយបទចម្រៀងចាស់មួយចំនួន ក្នុងពេលបទចម្រៀងទាំងអស់កន្លងមកក៏មានការគាំទ្រច្រើនផងដែរ ។

តាមរយៈបណ្តាញសង្គមលោក ឆន សុវណ្ណារាជ បានលើកឡើងតាមរយៈសំណេរថា ខ្ញុំបាទ ឆន សុវណ្ណារាជ សូមអភ័យទោសទុកជាមុនទៅដល់ទស្សនិកជន និងអ្នកគាំទ្រនូវរាល់ការសំណូមពរបទចម្រៀងរបស់ខ្ញុំបាទដែលខ្ញុំមិនអាចច្រៀងបានដូចជាបទមួយខែដប់ថ្ងៃ ជួបដើម្បីបែក បងដឹង រឿងនិទានមុនចូលគេង មិនហ៊ានប្រាប់អូនផ្ទាល់មាត់ វេលាទឹកភ្នែកនិងបទសប្បាយចិត្តទេអូន ។
លោកបញ្ជាក់ថា ដោយសារបទទាំងនេះជាបទដែលយើងយកតាមលំនាំថៃកាលពីប៉ុន្មានឆ្នាំមុន គឺខ្ញុំបាទសុំធ្វើការពហិការមិនច្រៀងទៀតឡើយ សូមអរគុណទុកជាមុនសំរាប់ការយោគយល់ ។

យ៉ាងណាតាមរយៈសកម្មភាពខាងលើនេះពីលោក ឆន សុវណ្ណារាជ គេឃើញមានមហាជនជាច្រើនបានសម្តែងការអបអរ និងគាំទ្រ ត្បិតបច្ចុប្បន្នប្រជាជនខ្មែរកំពុងរួមគ្នាពហិកាឈប់ប្រើប្រាស់ផលិតផលរបស់ថៃ ។

ជាការកត់សម្គាល់ការពហិកាមិនច្រៀងបទចម្រៀងលំនាំថៃពីតារាចម្រៀងលោក ឆន សុវណ្ណារាជ នាពេលនេះគឺធ្វើឡើងស្រដៀងគ្នាជាមួយតារាចម្រៀងលោក ខេមរះ សិរីមន្ត ផងដែរ ។ កន្លងមកលោក ខេមរះ សិរីមន្ត បានលើកឡើងបញ្ជាក់តាមបណ្តាញសង្គមថា ខ្ញុំបាទ ខេមរៈ សិរីមន្ត សូមជម្រាបជូនបងប្អូនជនរួមជាតិ ដោយស្មារតីជាតិនិយម ខ្ញុំបាទសម្រេចលុបចោលបទចម្រៀង អូនរាំអែន និងSAD MAN ដែលច្រៀងរួមគ្នាជាមួយថៃកន្លងមកចេញពីគ្រប់Platformsផ្លូវការខ្ញុំបាទទាំងអស់ចាប់ពីពេលនេះតទៅ ៕

ចែករំលែកព័តមាននេះ