រាជធានីភ្នំពេញ ៖ ចែម៉ី ដែលជាម្តាយចិញ្ចឹមរបស់កុមារស្កាយ និងផារិន បានចេញមុខបដិសេធភ្លាមៗ បន្ទាប់ពីមានការរិះគន់ពីមហាជនដោយបានចោទប្រកាន់ថា ការជួយជ្រោមជ្រែងចេញបទចម្រៀងកម្សត់មួយបទមានចំណងជើងថា «អង្វរពុកម៉ែ» ដែលច្រៀងដោយកុមារទាំងពីរនេះ គឺជាទង្វើមិនចេញពីចិត្ត ពោលគឺជាការកេងប្រវ័ញ្ចកម្លាំងក្មេង ដើម្បីឈោងភាពល្បីល្បាញ ។

ចែម៉ីបានលើកឡើងថា អ្នកនាងមិនដែលមានគំនិតបែបនេះទៅលើកូនចញ្ចឹមទាំងពីររបស់ខ្លួនឡើយ ពោលនាងមានតែចិត្តចង់ជួយទំនុកបម្រុងគ្រប់បែបយ៉ាងទៅលើកូនទាំងពីរ ទាំងការរស់នៅ និងការសិក្សាតាំងពីដើមមក ។
អ្នកនាងបញ្ជាក់ថា ទឹកចិត្តអាណិតស្រលាញ់ ដែលដក់ជាប់ពីម្តាយរបស់នាងធ្លាប់ក្រក្សត់ បានក្លាយជាកត្តាជម្រុញចិត្តអ្នកនាងយកក្មេងប្រុសទាំងពីរមកធ្វើជាកូនចិញ្ចឹម ពោលគឺដូចជប់ជីវិតថ្មី ផារិន និង
ស្កាយតាមរយៈការផ្គត់ផ្គង់ការសិក្សា និងរស់នៅភ្នំពេញនៅផ្ទះជាមួយគ្នា ។ អ្វីដែលពិសេស គឺអ្នកនាងបានបំពេញបំណងពួកគាត់ គឺអាចចូលរួមច្រៀងនិងសម្តែងដែលជាក្តីស្រមៃរបស់ពួកគាត់ផងដែរ ។
ជាការកត់សម្គាល់ តារាចម្រៀងវ័យក្មេង២ដួង ដែលគេស្គាល់ច្បាស់នៅលើបណ្ដាញសង្គម គឺ ផារិន ម្ចាស់បទ “អង្វរពុកម៉ែ” និងតារា Tik Tok ស្កាយ បានធ្វើឱ្យមហាជនភ្ញាក់ផ្អើល ក្រោយ ចែម៉ី បានប្រកាសថា អ្នកទាំងពីរ គឺជាកូនចិញ្ចឹមរបស់ខ្លួន ហើយស្ម័គ្រចិត្តទំនុកបម្រុងឲ្យរៀនរហូតបានចប់ចុងចប់ដើមទៀតនោះ។

ចាប់តាំងពីប្រកាសខ្លួនជាកូនចិញ្ចឹមរបស់ ចែម៉ី ម្ចាស់បទ “អង្វរពុកម៉ែ” និង តារា Tik Tok
ស្កាយ តែងតែបង្ហាញខ្លួនក្នុងកម្មវិធីផ្សេងៗរបស់ម្តាយធម៌ ។ ជាក់ស្តែង ថ្មីៗនេះ អ្នកទាំងពីរបានឡើងបកស្រាយបទចម្រៀង និងរាំលេងកម្សាន្តញ៉ាំងបរិយាកាសនៃកម្មវិធីសង្ក្រាន្ត M Smooth យ៉ាងសប្បាយរីករាយ។
ក្នុងពេលដែលហ្វេនៗទន្ទឹងរង់ចាំស្នាដៃថ្មីៗរបស់idol ទាំងពីររបស់ខ្លួន ស្រាប់តែ ផារិន និងស្កាយ បង្ហើបថា ក្នុងពេលឆាប់ៗខាងមុខនេះ ពួកគេបង្ហាញបង្ហាញស្នាដៃសិល្បៈរួមគ្នា ខណៈដែល ចែម៉ី ត្រូវជាម្តាយធម៌ ក៏ប្រកាសត្រៀមជួយជ្រោមជ្រែងយ៉ាងពេញទំហឹងដែរ៕
ចែករំលែកព័តមាននេះ