ប្លែក! តុលាការចិនដាក់ដេ.ញថ្លៃក្រពើរស់រាប់រយក្បាល ខណៈអ្នកទិញចា.ប់ខ្លួនឯង
ប្រទេសចិន ៖ ប្រភពពីសារព័ត៌មាន South China Morning Post នៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥…
ប្រទេសចិន ៖ ប្រភពពីសារព័ត៌មាន South China Morning Post នៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥…
ប្រទេសចិន ៖ ប្រភពពីសារព័ត៌មាន South China Morning Post នៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥ បានឱ្យដឹងថា តុលាការចិនបានដាក់ដេញថ្លៃសត្វក្រពើរស់រាប់រយក្បាល គិតជាទម្ងន់១០០តោនក្នុងតម្លៃចាប់ពី៤លានយ័ន ឬ ៥៥ម៉ឺនដុល្លារអាមេរិកឡើងទៅ។ ការដេញថ្លៃមិននឹកស្មានដល់នេះបានទាក់ទាញការចាប់អារម្មណ៍ជាសាធារណៈ ហើយក៏បង្កឱ្យមានការជជែកដេញដោលជាច្រើនលើបណ្តាញសង្គមចិនផងដែរ។
កាលពីពេលថ្មីៗនេះ តុលាការប្រជាជនសង្កាត់ណានសាន (Nanshan) ទីក្រុងសិនជិន (Shenzhen) ខេត្តក្វាងទុង (Guangdong) ប្រទេសចិន បានទាក់ទាញការចាប់អារម្មណ៍ជាសាធារណៈដោយការដេញថ្លៃសត្វក្រពើរស់តាមប្រព័ន្ធអ៊ីនធឺណិត ហើយការដេញថ្លៃដំបូងត្រូវបានកំណត់ក្នុងតម្លៃចាប់ពី៤លានយន់ ដោយក្រុមហ៊ុន Alibaba ដែលជាម្ចាស់កម្មសិទ្ធិសារព័ត៌មាន South China Morning Post គីជាអ្នករៀបចំការដេញថ្លៃនៅលើវេទិកាដេញថ្លៃ «Alibaba Judicial Auction Platform» របស់ខ្លួន។
សត្វក្រពើដែលត្រូវបានយកមកដាក់ដេញថ្លៃ ដើមឡើយស្ថិតក្រោមការគ្រប់គ្រងដោយក្រុមហ៊ុនប្រតិបត្តិការអាជីវកម្មសត្វក្រពើ Guangdong Hongyi ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០០៥ ដោយលោក Mo Junrong មានដើមទុនចុះបញ្ជីជាង ៥០លានយន់ ឬ ៧លានដុល្លារ។ ទោះយ៉ាងណាក៏ដោយ ក្រពើទាំងអស់ត្រូវបានអាជ្ញាធររឹបអូស បន្ទាប់ពីក្រុមហ៊ុនមិនបានបំពេញកាតព្វកិច្ចហិរញ្ញវត្ថុរបស់ខ្លួន ដែលនាំឱ្យតុលាការប៉ុនប៉ងបិទអាជីវកម្មនេះ។
ប្រភពពី South China Morning Post បានបន្តថា ការដេញថ្លៃសត្វក្រពើបានចាប់ផ្តើមជាផ្លូវការកាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ ហើយនឹងបន្តរហូតដល់ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៥។ សម្រាប់អ្នកទិញត្រូវតែរ៉ាប់រងរាល់ការចំណាយលើការចាប់ ការថ្លឹង ការទុកដាក់ ក៏ដូចជាការដឹកជញ្ជូនផងដែរ។
ក្រពើត្រូវបានចាត់ទុកជាប្រភេទសត្វផ្តល់ផលចំណេញខ្ពស់ ដោយសារតែការប្រើប្រាស់របស់វាក្នុងផលិតផលជាង១០០មុខ រាប់ចាប់ពីស្បែក សាច់ រហូតដល់ការផ្សំជាសារធាតុប៉ូវកំលាំង គ្រឿងសំអាង និងសូម្បីតែស្រាផងដែរ។ សត្វក្រពើដែលត្រូវបានដាក់ដេញថ្លៃ គឺជាប្រភេទក្រពើភ្នំ ឬក្រពើត្រី (Siamese Crocodile) ដែលត្រូវបានបញ្ចូលទៅក្នុងបញ្ជីសត្វព្រៃរបស់ប្រទេសចិនអាចធ្វើកសិកម្មពាណិជ្ជកម្ម និងជួញដូរបានតាំងពីឆ្នាំ២០០៣។ ក្រពើប្រភេទនេះជាធម្មតាមានទម្ងន់ចាប់ពី ២០០ ទៅ ៥០០គីឡូក្រាម ដូច្នេះ១០០តោនអាចប៉ាន់ប្រមាណថាមានសត្វក្រពើប្រហែលពី ២០០ ទៅ ៥០០ក្បាល។
សេចក្តីជូនដំណឹងអំពីការដេញថ្លៃក៏បានចែងថា អ្នកទិញត្រូវតែមានអាជ្ញាប័ណ្ណបង្កាត់ពូជសិប្បនិម្មិតសម្រាប់សត្វព្រៃក្នុងទឹក និងមានគ្រឿងបរិក្ខារចាំបាច់ និងសមត្ថភាពដឹកជញ្ជូនដើម្បីគ្រប់គ្រងការដឹកជញ្ជូននៅក្នុងចំនួនដ៏ច្រើនបែបនេះ។ ប្រសិនបើអ្នកទិញខកខានមិនបានបំពេញតាមលក្ខខណ្ឌណាមួយនៃតម្រូវការទាំងនេះបន្ទាប់ពីការទិញ តុលាការនឹងពិន័យក្រោម ៣០ម៉ឺនយន់ ឬ ៤១,០០០ដុល្លារអាមេរិក។ រហូតមកទល់ពេលនេះ មនុស្សជាង ៤,០០០នាក់បានមើលទំព័រដេញថ្លៃ ប៉ុន្តែនៅមិនទាន់មាននរណាម្នាក់បានចុះឈ្មោះចូលរួមលើវេទិកាអនឡាញនេះនៅឡើយទេ។
សូមជម្រាបជូនថា នេះមិនមែនជាលើកដំបូងរបស់តុលាការប្រជាជនសង្កាត់ណានសាន ទីក្រុងសិនជិន ខេត្តក្វាងទុងក្នុងការដេញថ្លៃក្រពើនោះទេ។ តួយ៉ាងកាលពីខែមករា និងខែកុម្ភៈ កន្លងទៅថ្មីៗនេះ តុលាការក៏បានបើកការដេញថ្លៃក្រពើរស់ចំនួន២លើកជាមួយនឹងតម្លៃចាប់ផ្តើម ៥លានយន់ និង ៤លានយន់ ប៉ុន្តែការដេញថ្លៃទាំងពីរបានបរាជ័យ។
ការដេញថ្លៃមិននឹកស្មានតាមអ៊ីនធឺណិតខាងលើ ក្លាយជាប្រធានបទក្តៅ និងទាក់ទាញការជជែកដេញដោលលើបណ្ដាញសង្គមចិនដីគោក។ មតិមួយបានលើកឡើងថា «វាគួរឱ្យខ្លាចខ្លាំងណាស់ ខ្ញុំឆ្ងល់ថា តើអ្នកណានឹងទិញវា?»។ មតិមួយទៀតបានលើកឡើងបែបលេងសើចថា «នេះមិនមែនសម្រាប់មនុស្សធម្មតាដូចយើងទិញនោះទេ»៕ ប្រភព ៖ South China Morning Post
ចែករំលែកព័តមាននេះ