រាជធានីភ្នំពេញ ៖ តារាសម្តែងជើងចាស់នាយ ឆើត បានដាច់ចិត្តលើដៃស្នើសុំដល់ផលិតករ ឬក៏ម្ចាស់ផលិតកម្មនានាជួយហៅរូបលោកចូលថតបន្តទៀតផង ដើម្បីដោះស្រាយជីវភាពគ្រួសារដែលកំពុងតែទីទាល់ខ្លាំង ។

អ្នកនិយមទស្សនាភាពយន្តខ្មែរនាទសវត្យឆ្នាំ៩០ ប្រាកដជាបានស្គាល់ច្បាស់ពីតារាសម្តែងនាយ ឆើត ដែលជាតួអង្គកាចដ៏សាកសម ។ យ៉ាងណា ក្រោយកសាងកេរ្តិ៍ឈ្មោះលើវិថីសិល្បៈអស់រយៈពេលជាច្រើនឆ្នាំមកនេះ នាយ ឆើត ក៏បានបាត់វត្តមានឈឹងពីវិស័យមួយនេះ ដោយមិនមានដំណឹងជាក់លាក់នៃការបាត់មុខនេះឡើយ ។
ទោះជាយ៉ាងណា ក្នុងពេលដែលវិស័យភាពយន្តខ្មែរកំពុងរីកសាយភាយខ្លាំងនាពេលបច្ចុប្បន្ន នាយ ឆើត ក៏បានចេញមុខមកជាថ្មី ដោយលោកបានស្នើសុំដល់បណ្តាផលិតករនានាជួយហៅលោកថតផង ដ្បិតលោកនៅតែទទួលការសម្តែងនៅឡើយ ។

តាមរយៈបទសម្ភាសន៍មួយនាយឆើតបានលើកឡើងថា គិតមកទល់នាពេលនេះ លោកបានខកខានមិនបង្ហាញវត្តមានសម្តែងជាថ្មី អស់រយៈពេលជិត១០ឆ្នាំមកហើយ ។ លោកថា ការខកខាននេះមិនមែនលោកចាស់សម្តែងមិនកើតឡើយ ពោលគឺដោយសារផលិតករហាក់បានមើលរំលងរូបលោក និងសូវហៅថតដូចមុន ។
លោកបញ្ជាក់ថា រហូតមកដល់ពេលនេះ លោកនៅតែទទួលថតដដែល ដោយមិនទាន់បោះបង់ចោលឡើយ ដោយសារលោកនៅតែដក់ជាប់មានបេះដូងជាអ្នកសិល្បៈ ។ លោកបន្តថា ក្រៅពីអាជីពសម្តែង គឺលោកមិនមានការងារអ្វីផ្សេងឡើយ ហេតុនេះ លោកមានតែសុំដល់បណ្តាលផលិតករ ឬម្ចាស់ផលិតកម្មនានាមេត្តាជួយហៅលោកថតផង ដោយលោកនឹងរីករាយសម្រាប់ការងារមួយនេះ ។

នាយ ឆើត បានលើកឡើងបន្ថែមថា ដោយសារការអាក់ខានការថតនេះ រូបលោកនឹងគ្រួសារបានជួបនូវការលំបាកយ៉ាងខ្លាំងក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ។ លោកបញ្ជាក់ថា កន្លងមក លោកបានជួបនូវការលំបាកជាច្រើន ជាពិសេសនោះ គឺលោកត្រូវប្តូរផ្ទះជួលជាច្រើនដង ហើយក៏ខ្វះខាតលុយសម្រាប់ជួលផ្ទះផងដែរ ខណៈពេលបច្ចុប្បន្ន លោកក៏មានជំងឺប្រចាំកាយផងនោះ ។
បើតាម នាយ ឆើត បច្ចុប្បន្ន លោកកំពុងរស់នៅផ្ទះតូចលើដីឡូត៍មួយកន្លែង ដែលម្ចាស់ដីនោះឃើញលោកលំបាក ហើយអាណិតក៏បានអោយដីនោះ ដើម្បីធ្វើផ្ទះរស់នៅ៣នាក់ប្រពន្ធកូន ។
គួរបញ្ជាក់ដែរថា លោក ពៅ គីសាន់ ហៅនាយឆើត ជាអ្នកសិល្បៈជើងចាស់មួយរូបដែលធ្លាប់ភាពមានល្បីល្បាយ កាលពីកន្លងទៅ ដោយលោកក៏ជាអ្នកអាយ៉ៃ ល្ខោនបាសាក់ តារាសម្តែង និងតារាកំប្លែងផងដែរ ។

តាមរយៈទេពកោសល្យទាំងនេះហើយ ដែលធ្វើអោយលោកមានឈ្មោះបោះសំឡេង ហើយមហាជនតែងចងចាំរូបលោកជាងគេនោះ គឺតួបងតូចបងធំ ដែលសម្តែងសមក្នុងភ្នែកមហាជន ៕





ចែករំលែកព័តមាននេះ