វិស័យអចលនទ្រព្យនៅកម្ពុជា កំពុងបង្ហាញសញ្ញាណនៃការងើបឡើងវិញយឺត ។ នេះបើយោងតាមរបាយការណ៍ថ្មីៗរបស់ធនាគារជាតិនៃកម្ពុជា និងមន្ត្រីរដ្ឋាភិបាល ។ ចំណែកពលរដ្ឋនៅតែរអ៊ូលក់ផ្ទះ និងដីមិនដាច់ ។
របាយការណ៍ដែលចេញដោយធនាគារជាតិនៃកម្ពុជាបង្ហាញថា ឥណទានផ្តល់ដោយគ្រឹះស្ថានធនាគារសម្រាប់កម្ចីទិញផ្ទះជាកម្មសិទ្ធិផ្ទាល់ខ្លួន នៅក្នុងឆ្នាំ២០២៤ មានទំហំប្រមាណជា៦៧៨០លានដុល្លារ ឬស្មើនឹង១២,៥ភាគរយ នៃទំហំឥណទានសរុប៥៤,៣ ពាន់លានដុល្លារ ។

បើតាមរបាយការណ៍ដដែល ឥណទានផ្តល់សម្រាប់សកម្មភាពជួញដូរអចលនទ្រព្យ មានទំហំ១១,៦ភាគរយ ឬស្មើនឹង៦,២៩ ពាន់លានដុល្លារ និងវិស័យសំណង់មានទំហំ៩,៧ភាគរយ ឬស្មើនឹង៥,២៦ ពាន់លានដុល្លារ ។
ដោយឡែក ឥណទានផ្តល់ដោយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ទៅលើសកម្មភាពសំណង់មានទំហំ៣៥៥ លានដុល្លារ ឬស្នើនឹង៦,៧ភាគរយនៃទំហំឥណទានសរុប៥,៣ពាន់លានដុល្លារ ។ ធនាគារជាតិនៃកម្ពុជាលើកឡើងក្នុងរបាយការណ៍ថា វិស័យសំណង់បន្តមានកំណើនទាបត្រឹម០,៥ភាគរយ ក្នុងឆ្នាំ២០២៤ ថយបន្តិច ដោយកាលពីឆ្នាំ២០២៣ មាន០,៨ភាគរយ ដែលគាំទ្រជាចម្បងដោយគម្រោងសំណង់សាធារណៈសំខាន់ៗដូចជា ផ្លូវ ស្ពាន និងអាកាសយានដ្ឋាន ។
ការនាំចូលសម្ភារៈ និងបរិក្ខារសំណង់បន្តកើនឡើង ៣៣,២ភាគរយធៀបនឹងឆ្នាំ២០២៣ ដែលមានកំណើនត្រឹមតែ ៤,៦ភាគរយ ។
ដោយឡែក វិស័យអចលនទ្រព្យ មានកំណើនបន្តិចត្រឹម០,២ភាគរយ ក្នុងឆ្នាំ២០២៤ ខណៈដែលកាលពីឆ្នាំ២០២៣ គឺនៅក្នុងកម្រិត-0.៦ ភាគរយ ។ សកម្មភាពលក់ខុនដូរបានកើនឡើង៣៥,៥ភាគរយ ខណៈសកម្មភាពលក់លំនៅដ្ឋានដូចជា ផ្ទះល្វែង និងវិឡាភ្លោះ និងទោលថយចុះ១២,៥ ភាគរយ ។ ក្នុងឆ្នាំ២០២៤ សន្ទស្សន៍ថ្លៃលំនៅដ្ឋានកម្ពុជា ដែលជាការវាស់វែងអតិផរណាថ្លៃលំនៅដ្ឋាននៅកម្ពុជា ជាមធ្យម ថយចុះក្នុងអត្រា០,២ ភាគរយ ធៀបនឹងឆ្នាំ២០២៣ ក្នុងនោះសន្ទស្សន៍ថ្លៃលំនៅដ្ឋាននៅរាជធានីភ្នំពេញថយចុះ១,៨ភាគរយ និងតាមបណ្តាខេត្តជាមធ្យមថយចុះ១,៦ភាគរយ ។
ពាក់ព័ន្ធនឹងវិស័យនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបង្ហាញសុទិដ្ឋិនិយមចំពោះការងើបឡើងវិញនៃវិស័យនេះ ។ នៅក្នុងសន្និសីទចក្ខុវិស័យប្រទេសកម្ពុជាឆ្នាំ២០២៥ ដែលធ្វើឡើងកាលពីថ្ងៃអង្គារ៍ សម្តេចធិបតីបាន គូសបញ្ជាក់ថា ទីផ្សារលំនៅដ្ឋាននៅកម្ពុជាកំពុងចាប់ផ្តើមងើបឡើងវិញជាបណ្តើរៗ ប៉ុន្តែអត្រានៃការកើនឡើងគឺមិនខ្លាំងដូចមុនវិបត្តិកូវីដ-១៩ នៅឡើយទេ ។
នៅក្នុងស្ថានភាពបែបនេះ អ្នកវិភាគបានលើកឡើងថា វិស័យអចលនទ្រព្យនឹងកម្រើក ប៉ុន្តែកម្រិតណានោះ គឺពិបាកសន្និដ្ឋានពីព្រោះនៅក្នុងតំបន់ដូចជា នៅវៀតណាម និងថៃ ក៏មានស្ថានភាពបែបនេះដែរ ប៉ុន្តែសញ្ញាដែលមានទំនាក់ទំនង គឺកំណើននៃភ្ញៀវទេសចរបរទេស និងកំណើនវិនិយោគទុនដែលមានស្ថានភាពវិជ្ជមាន ។
លោកបានឲ្យដឹងថា «កាលណាទេសចរណ៍ និងវិនិយោគវាកម្រើកនោះចលករនៃកំណើនវានឹងរុញហើយជះឥទ្ធិពលដ៏វិជ្ជមានដល់វិស័យអចលនទ្រព្យពីព្រោះលំហូរ និងចរន្តនៃសេដ្ឋកិច្ចវាមានដង្ហើម» ។ ទោះបីជាទស្សនៈវិស័យវិជ្ជមានចំពោះវិស័យអចលនទ្រព្យ គឺត្រូវបានបង្ហាញបែបនេះក៏ពិតមែន ប៉ុន្តែសម្រាប់ប្រជាពលរដ្ឋពួកគេនៅរអ៊ូដោយសារតែពួកគេលក់ផ្ទះមិនចេញ ។
ពលរដ្ឋម្នាក់ដែលមានលំនៅស្ថាននៅម្តុំព្រៃស ដែលមានលំនៅស្ថានលក្ខណៈជាផ្ទះល្វែងសង់តាមបែបវីឡាកូនកាត់បាននិយាយថា លំនៅស្ថានដែលគាត់រស់នៅ៤បន្ទប់គេង កម្ពស់២ជាន់ពីមុនគេធ្លាប់ឲ្យគាត់១៣ម៉ឺនដុល្លារ តែឥឡូវគាត់ប្រកាសលក់តែ៧ម៉ឺន៥ពាន់នៅមិនទាន់លក់ចេញនៅឡើយ ។ លោកបានបញ្ជាក់ថា «មានតែអ្នកទំនាក់ទំនងតាមទូរស័ព្ទសួរ ប៉ុន្តែមិនដែលមានអ្នកតថ្លៃនៅឡើយទេ ក្រោយប្រកាសលក់តម្លៃនេះជិតមួយឆ្នាំមកហើយ»
ចំណែកពលរដ្ឋម្នាក់ទៀតនៅខណ្ឌច្បារអំពៅ ក៏បានថ្ងូរដែរថា ដីរបស់គាត់ប្រកាសលក់ពីឆ្នាំហើយ នៅតែមិនដាច់ ។ គាត់សង្ឃឹមថា នៅឆ្នាំ២០២៥នេះ សេដ្ឋកិច្ចប្រសើរឡើង ហើយដីរបស់គាត់លក់ដាច់ដើម្បីបានលុយយកមកប្រើប្រាស់ក្នុងការរស់នៅ ៕
ចែករំលែកព័តមាននេះ