រាជធានីភ្នំពេញ ៖ នៅទីបំផុត តារាកំប្លែងអ្នកនាង ខ្ញុង បានចេញមុខសុំទោសជាសាធារណៈទៅកាន់ម្ចាស់បំណុលដែលនាងបានជំពាក់ទាំង និងសន្យាបន្តសងជាបន្តបន្ទាប់រហូតអស់ ។
![](https://kohsantepheapdaily.com.kh/wp-content/uploads/2025/02/f63021521f1f74df288f8981bd7b978d.jpg)
ការចេញសុំទោសពីតារាកំប្លែងស្រីរូបនេះបានធ្វើឡើង បន្ទាប់ពីមានអ្នកសិល្បៈជាបន្តបន្ទាប់ចេញមុខទម្លាយរឿងរ៉ាវជំពាក់លុយមិនសង ហើយគេចវេសមិនចង់ដោះស្រាយពីតារារូបនេះ ។ ក្រោយឃើញរឿងរ៉ាវនេះបានផ្ទុះកំដៅពេញបណ្តាញសង្គមនោះ អ្នកនាង ខ្ញុង ក៏បានចេញមុខសុំទោសទៅកាន់ម្ចាស់បំណុលទាំងអស់ និងសន្យាសងរហូតអស់ផងដែរ។
តាមរយៈវីដេអូដែលបង្ហោះតាមបណ្តាញសង្គម អ្នកនាង ខ្ញុង បានលើកឡើងថា រហូតមកទល់នាពេលនេះ នាងនៅតែទុកអ្នកដែលអោយនាងខ្ចីលុយទាំងអស់ គឺជាអ្នកមានគុណរបស់នាង បើទោះជាលុយនោះខ្លះមានការ អត់ការ ឬលុយតាមអ្វីក៏ដោយ ។
នាងថា ការដែលព្រមអោយនាងខ្ចីលុយនោះ គឺជាការជួយដល់រូបនាងពេលមានទុក្ខលំបាក អោយនាងក៏អរគុណដល់ម្ចាស់បំណុលទាំងអស់ ដែលបានទុកពេលវេលាអោយនាងរកលុយសងទៅតាមលទ្ធភាពអស់ជាច្រើនខែឆ្នាំកន្លងមក ។
នាងបញ្ជាក់ថា ចាប់តាំងពីនាងមានបញ្ហាហិរញ្ញវត្ថុមក នាងមិនមានជំនួញណាជារបស់ខ្លួនឯងនោះឡើយ ហើយក៏មិនមានមុខរបរអ្វីធំដុំ ដើម្បីបានប្រាក់ច្រើននោះដែរ ។ បច្ចុប្បន្ននាងបានមកធ្វើការជាមួយអ្នកនាង Love Riya ដោយស៊ីប្រាក់ខែ ហើយសូម្បីតែទីជម្រក និងមធ្យោបាយធ្វើដំណើរក៏គាត់ជាអ្នករ៉ាប់រង ។
អ្នកនាង ខ្ញុង បានលើកឡើងបន្ថែមថា ចំពោះការងារសិល្បះវិញ គឺនាងមិនទទួលទៀតឡើយ ដោយសារនាងជាប់ការងារនៅទីនេះ ដូច្នេះមិនអាចមានពេលគ្រប់គ្រាន់លើការងារសិល្បៈ
ឡើយ ។ ម្យ៉ាងទៀត ដោយសារតែនាងមានបញ្ហាហិរញ្ញវត្ថុនេះ ហេតុនេះនាងបានបដិសេដរាល់ការអញ្ជើញពីបណ្តាប៉ុស្តិ៍ទូរទស្សន៍នានា ហើយមិនមែននាងឫកនោះឡើយ ប៉ុន្តែដោយសារតែនាងកំពុងមានបញ្ហា និងបាក់ទឹកចិត្តទើបនាងមិនហ៊ានប្រឈមមុខជាមួយទស្សនិកជននោះ
ឡើយ ។
យ៉ាងណាបើតាមអ្នកនាង ខ្ញុង សម្រាប់បញ្ហាបំណុលនេះ បច្ចុប្បន្នក៏មានបំណុលខ្លះនាងបានសងរួចរាល់ហើយដែរ ដោយសារបំណុលនោះតិច តែក៏មានបំណុលមួយចំនួនទៀតក៏នាងមិនទាន់សងអស់នៅឡើយ ។
នាងបញ្ជាក់ថា តាមរយៈវីដេអូនេះ នាងចង់សុំទោសទៅកាន់ម្ចាស់បំណុលទាំងអស់ចំពោះកំហុសខុសឆ្គង ដោយចេតនា ឬអចេតនាក្តី លើការយឺតយ៉ាវក្នុងការឆ្លើយតប និងការសង ។ នាងថា
រហូតមកទល់នាពេលនេះ នាងមិនមានអ្វីក្រៅពីការលើម្រាមដៃដប់សុំការលើកលែង និងផ្តល់ឱកាសអោយនាងបន្តទៀត ដើម្បីរកលុយសងតាមលទ្ធភាពដែលនាងអាចធ្វើទៅបាន ខណៈពេលដែលនាងក៏មិនមានបំណងតបត ឬគុំគួនទៅលើបងប្អូនដែលបានបង្ហោះរូបនាងឡើយ ព្រោះនាងយល់អារម្មណ៍បងប្អូន ព្រោះបងប្អូនជាម្ចាស់លុយ ៕
ចែករំលែកព័តមាននេះ