រាជធានីភ្នំពេញ ៖ តារាសម្តែងនាង ដេត ស្រីនាឌ បានទម្លាយនូវមូលហេតុដ៏សំខាន់មួយ ក្នុងចំណោមមូលហេតុមួយចំនួនទៀត ដែលធ្វើឲ្យនាងសម្រេចដកខ្លួនចេញពីការប្រកួតបវរកញ្ញា Miss Planet 2024 នៅក្នុងវគ្គផ្តាច់ព្រ័ត ដែលបានធ្វើឡើងកាលពីពេលថ្មីៗនេះ ។
ហេតុផលដែលតារាស្រីរូបនេះ ចាត់ទុកជារឿងដ៏ធំបំផុតដែលនាងសម្រេចដកខ្លួនចេញពីការប្រកួតនេះ គឺនាងបានសំលឹងឃើញកម្មវិធីធ្វើឡើង ដោយមានការរៀបចំទុកជាមុន ដោយឲ្យមានបេក្ខភាព២រូបដើម្បីទទួលម្កុដរួចហើយ ហើយនាង និងបេក្ខភាពផ្សេងទៀត គ្រាន់តែជាការប្រកួតដើម្បីលំអឆាកប៉ុណ្ណោះ ។
ក្នុងបទសម្ភាសន៍តាមរយៈកម្មវិធីមួយ ដេត ស្រីនាឌ បានលើកឡើងថា នាងបានឃើញទិដ្ឋភាពនៅពីក្រោយកម្មវិធីនេះហើយ ពោលគឹមានការប្រកួតមានការរៀបចំទុកជាមុន ដោយអោយអ្នកឈ្មះម្កុដចំនួន២រូប ដែលនាងមិនអាចទទួលយកបានឡើយ ។
នាងបញ្ជាក់ថា នាងមិនដែលឃើញកម្មវិធីប្រកួយបវរកញ្ញាណារៀបចំបែបនេះឡើយ ដែលនោះធ្វើឲ្យនាងគិតថា តើនាងប្រកួតតដើម្បីអ្វី ឬគ្រាន់ជាការប្រកួតអមឆាក ដាក់ឲ្យល្អមើលប៉ុណ្ណោះ ដែលនោះគឺជាហេតុផលដ៏ធំដែលធ្វើឲ្យនាងត្រូវតែសម្រេចដកខ្លួនចេញតែម្តង ។
ដោយឡែក សម្រាប់ហេតុផលផ្សេងៗទៀតនោះ គឺកាលពីអំឡុងនាងថតឈុតតំណាងជាតិនៅក្នុងបរិវេណប្រាសាទអង្គរនៃខេត្តសៀមរាបនោះ នាងបានទទួលការស្តីបន្ទោសយ៉ាងខ្លាំងពីអ្នករៀបចំកម្មវិធី ដោយចោទថា នាងជាម្ចាស់ផ្ទះ តែបែរជាមកយឺតទាំងដែលនាងធ្វើអ្វីៗទៅតាមអ្នករៀបចំកម្មវិធីប៉ុណ្ណោះ ។
នាងបន្តថា អ្នករៀបចំកម្មវិធីបានចង្អុលមុខនាង ហើយបង្រៀនឲ្យនាងនិយាយថា អ្នកឯងគួរតែនិយាយថាទេ ពេលដែលគេសុំថតរូប ដែលចំណុចនេះធ្វើឲ្យនាងគិតថា ក្នុងនាមជាបវរកញ្ញាតំណាងកម្ពុជា ហើយឈរលើទឹកដីរបស់ខ្លួន តែបែរជាគេមិនឲ្យតម្លៃមកលើប្រជាជនរបស់ខ្លួន ដែលបានមកសុំនាងថតរូប ខណៈពេលដែលនាងក៏មិនអាចនិយាយពាក្យបែបនេះទៅកាន់ប្រជាជាតិដូចគ្នានោះឡើយ ។
ដេត ស្រីនាឌ បានលើកឡើងបន្ថែមថា សម្រាប់កម្មវិធីនេះ អ្នករៀបចំហាក់មិនមានតម្លាភាពសម្រាប់រូបនាងនោះឡើយ ដោយសាររាល់កម្មវិធីនានាអំឡុងការប្រកួតនោះ នាងហាក់ដូចជារងសម្ពាធខ្លាំងទាំងដែលនាងជាម្ចាស់ផ្ទះ ពោលនាងតែងតែទទួលការស្តីបន្ទោសដូចសត្វនៅមុខគេឯង ក្នុងពេលដែលបេក្ខភាពវបរកញ្ញាផ្សេងទៀតមិនធ្វើអ្វីសោះក៏គេនៅតែត្រូវ ហើយថែមទាំងមានការយកចិត្តទុកដាក់ថែមទៀត ។
យ៉ាងណាបើតាម ដេត ស្រីនាឌ នាងសុំលើកដៃសុំទោសដល់ទស្សនិកជន ជាពិសេសបណ្តាអ្នកគាំទ្រដែលនាងធ្វើឲ្យមានការខកចិត្តនៅក្នុងពេលដែលនាងសម្រេចដកខ្លួនចេញពីការប្រកួតពាក់កណ្តាលទី ហើយនាងសង្ឃឹមថា តាមរយះហេតុផលខាងលើនេះមហាជននឹងយល់ពីបញ្ហារបស់នាងដែលបានជួប ៕
ចែករំលែកព័តមាននេះ