ខេត្តបាត់ដំបង ៖ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ យ៉ាងតិចជាង២១ម៉ឺននាក់ បានធ្វើដំណើរមកទស្សនាកម្សាន្ត ក្នុងទឹកដីនៃខេត្តដែលមានវ័យចំណាស់ (បាត់ដំបង) មួយនេះ ក្នុងឪកាស«បុណ្យភ្ជុំបិណ្ឌ» សម្រាប់ឆ្នាំ២០២៤ មានរយៈពេល០៣ថ្ងៃ ដែលមានការកើនឡើង១៥៩% បើប្រៀបធៀបទៅនឹងឆ្នាំទៅមិញ ។ នេះបើយោងតាមរបាយការណ៍មន្ទីរទេសចរណ៍ខេត្ត ។
តមរយៈរបាយការណ៍ប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបង លោក អ៊ុច អុំភីនីស្សារ៉ា បានឲ្យដឹងថា នៅក្នុងឪកាសពិធី«បុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ» រយៈពេល០៣ថ្ងៃ ចាប់ពីថ្ងៃទី០១-០៣ ខែតុលា ឆ្នាំ២០២៤នេះ ខេត្តបាត់ដំបង បានទទួលស្វាគមន៍ភ្ញៀវទេសចរជាតិ និង អន្តរជាតិ យ៉ាងតិចជាង២១ម៉ឺនាក់ ដែលបានធ្វើដំណើរកម្សាន្តតាមរមណីយដ្ឋាននានា នៅក្នុងទឹកដីខេត្តបាត់ដំបង ។
លោកប្រធានមន្ទីររូបនេះបានបញ្ជាក់ថា យោងលើសន្ទុះភ្ញៀវដែលធ្វើដំណើរមកដើរកម្សាន្តក្នុងទឹកដីខេត្តបាត់ដំបង ក្នុងពិធីបុណ្យភ្ជុំបិណ្ឌ សម្រាប់ឆ្នាំ២០២៤នេះ មានការកើនឡើង១,៥៩% បើប្រៀបធៀបទៅនឹងឆ្នាំ២០២៣កន្លងទៅ ។ ប៉ុន្តែលោក អ៊ុច អុំភីនីស្សារ៉ា មិនបានបញ្ជាក់ពីមូលហេតុ ដែលធ្វើឲ្យភ្ញៀវទេសចរនានាចាប់អារម្មណ៍លើទឹកដីខេត្តដ៏មានវ័យចំណាស់មួយនេះទេ ។
យោងតាមរបាយការណ៍មន្ទីរទេសចរណ៍ដដែលបានឲ្យដឹងថា ក្នុងរយៈពេល០៣ថ្ងៃ នៃពិធីបុណ្យភ្ជុំបិណ្ឌ ប្រពៃណីខ្មែរ ឆ្នាំ២០១៤នេះ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ បានធ្វើដំណើរកម្សាន្តតាមរមណីយដ្ឋាន គោលដៅទេសចរណ៍នានា ក្នុងទឹកដីខេត្តបាត់ដំបង មានចំនួន២១៦,១៧៩នាក់ កើនឡើង១,៥៩% បើប្រៀបធៀបរយៈពេល០៣ថ្ងៃដូចគ្នា ក្នុងឆ្នាំ២០២៣ មានចំនួន២១២,៧៨៦នាក់ ។
ក្នុងចំនួននេះភ្ញៀវជាតិមានចំនួន២១៥,៥៥៩នាក់ កើនឡើង១,៥២% រីឯភ្ញៀវអន្តរជាតិ មានចំនួន៦២០នាក់កើនឡើង៣៥,៦៧% ។ បើតាមការកត់សម្គាល់ក្នុងឪកាសពិធីបុណ្យភ្ជុំបិណ្ឌ នាឆ្នាំនេះគេសង្កេតឃើញភ្ញៀវទេសចរ និងប្រជាពលរដ្ឋបានធ្វើដំណើរកម្សាន្ត ក្រោយពីបានបំពេញកាតព្វកិច្ចតាមប្រពៃណី (យកម្ហូបអាហារជូនអ្នកមានគុណ និងយកចង្ហាន់ទៅវត្ត) ។
ភ្ញៀវទេសចរជាតិ និងភ្ញៀវអន្តរជាតិ ភាគច្រើនបានធ្វើដំណើរទស្សនាកម្សាន្តតាមរមដ្ឋាននានា ដូចជា តំបន់រមណីយដ្ឋានបែបធម្មជាតិ តំបនរមណីយដ្ឋានទឹកធ្លាក់ និងរមណីយដ្ឋានប្រវត្តិសាស្ត្រ ប្រាសាទបុរាណ។ល។ ប៉ុន្តែបើតាមប្រភពពីប្រជាពលរដ្ឋក្នុងខេត្តក៏ដូចភ្ញៀវទេសចរមកពីតាមបណ្ដាខេត្តនានាបានលើកឡើងប្រហាក់ប្រហែលគ្នាថា ភ្ញៀវទេសចរភាគច្រើនបានដើរកម្សាន្តតាមរមណីយដ្ឋានប្រាសាទបុរាណ ។
ហើយបើធ្វើដំណើទៅកម្សាន្តតំបន់រមណីយដ្ឋាន ដែលមានទឹកហូរ ទឹកធ្លាក់ក៏ពួកគេពុំសូវហ៊ានចុះលែងទឹកដែរ ។ ពួកគេបារម្ភពីជំនន់ទឹកភ្លៀង ដែលអាចកើតឡើងដោយយថាហេតុ ។ ព្រោះនេះជារដូវវស្សា ដែលងាយប្រឈមនឹងហានិភ័យបំផុត ។ និយាយដោយឡែក បើតាមមន្ត្រីទេសចរដែលតាមសង្កេតពីដំណើកម្សាន្តរបស់ភ្ញៀវទេសចរបាននិយាយដែរថា ក្នុងរយៈពេល០៣ថ្ងៃនាឪកាសបុណ្យភ្ជុំបិណ្ឌឆ្នាំនេះ មានអាកាសធាតុល្អពុំមានភ្លៀងធ្លាក់ដែលជាអំណោយផលសម្រាប់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរនានាធ្វើដំណើរតាមដងផ្លូវទាំងការធ្វើដំណើរទៅកាន់ទីវត្តអារ៉ាម ទាំងការធ្វើដំណើរកម្សាន្តតាមតំបន់ទេសចរនានានៅក្នុងខេត្ត គូបផ្សំ និងកត្តាផ្លូវថ្នល់ងាយស្រួលធ្វើដំណើរ និងកត្តាសន្តិសុខមានភាពល្អប្រសើរផង ។
ដូច្នេះហើយទើប ពិធីបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ នាឆ្នាំនេះភ្ញៀវទេសចរបានធ្វើដំណើរមកកម្សាន្តក្នុងខេត្តបាត់ដំបង មានការកើនឡើង ទាំងភ្ញៀវជាតិ និងភ្ញៀវអន្តរជាតិ ៕
ចែករំលែកព័តមាននេះ