ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សេចក្ដីជូនដំណឹងស្ដី​ពី​ការ​ដង្ហែ​ស.ពសម្ដេចចៅហ្វា​វាំង វរវៀងជ័យ អធិបតី​ស្រី​ង្គា​រ គង់ សំ​អុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងព្រះបរម រាជ វាំង

3 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រដ្ឋបាល​រាជធានី​ភ្នំពេញ សូម​ជម្រាប​ជូនដំណឹង​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំង​អស់​ឱ្យ​បាន​ជ្រាប​ថា សម្ដេចចៅហ្វា​វាំង វរវៀងជ័យ អធិបតី​ស្រឹង្គារ គង់ សំ​អុល ឧបនាយករដ្ឋមន្ត្រី…

រាជធានី​ភ្នំពេញ ៖ រដ្ឋបាល​រាជធានី​ភ្នំពេញ សូម​ជម្រាប​ជូនដំណឹង​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំង​អស់​ឱ្យ​បាន​ជ្រាប​ថា សម្ដេចចៅហ្វា​វាំង វរវៀងជ័យ អធិបតី​ស្រឹង្គារ គង់ សំ​អុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង ព្រះ​បរមរាជវាំង បាន​ទទួលអនិច្ចកម្ម កាលពី​ថ្ងៃ​ទី​០២ ខែកញ្ញា ឆ្នាំ​២០២៤ ក្នុង​ជន្មាយុ ៩៤​ឆ្នាំ ដោយ​រោគាពាធ​។

គណៈកម្មាធិការ​ជាតិ​រៀបចំ​បុណ្យ​ជាតិ​-​អន្តរជាតិ និង​ក្រុម​គ្រួសារ​សព បាន​រៀបចំ​ពិធី​បុណ្យសព​តាម​ប្រពៃណី ចាប់ពី​ថ្ងៃ​ទី​០២ ដល់​ថ្ងៃ​ទី​០៦ ខែកញ្ញា ឆ្នាំ​២០២៤ នៅ​គេហដ្ឋាន​ផ្ទះ​លេខ​៨៣ វិ​ថី​សុក​ហុ​ក (​ផ្លូវ​លេខ​១០៧) កែង​នឹង​វិ​ថី​ហ្សូ​សិប​ទ្រូ​ស​ទី​តូ (​ផ្លូវ​លេខ​២១៤) សង្កាត់​បឹង​ព្រលិត ខណ្ឌ​៧​មក​រា រាជធានី​ភ្នំពេញ​។

លុះដល់ ថ្ងៃ​ទី​០៦ ខែកញ្ញា ឆ្នាំ​២០២៤ វេលា​ម៉ោង ០៦:០០​នាទី​ព្រឹក នឹង​រៀបចំ​ពិធី​ដង្ហែ​សព​ចេញពី​គេហដ្ឋាន ឆ្ពោះទៅ​បូជា​នៅ​វត្ត​ជម្ពូ​វ័ន ស្ថិត​ក្នុង​សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ដោយ​ចាប់ផ្តើម ដង្ហែ​ចេញពី​គេហដ្ឋាន តាម​រុក្ខវិថី​សម្តេច​ប៉ាន ឆ្ពោះទៅ​មហាវិថី​ព្រះ​នរោត្តម បត់​ស្តាំ​ឆ្ពោះទៅ​វ​ង្វ​ង់​មូល វិមាន​ឯករាជ្យ បត់​ឆ្វេង​តាម​មហាវិថី​ព្រះ​សីហ​នុ រហូត​ដល់​ស្តុ​ប​នាគ​បាញ់​ទឹក បត់​ឆ្វេង​តាម​មហាវិថី​សម្តេច សុធារស បន្ត​ឆ្លង​កាត់មុខ​ព្រះ​បរមរាជវាំង រហូត​ដល់​ផ្លូវ​លេខ​១៧៨ បត់​ឆ្វេង​ទៅ​ដល់​មហាវិថី​ព្រះ​នរោត្តម រួច​បត់​ស្តាំ​តាម​មហាវិថី​ព្រះ​នរោត្តម ឆ្ពោះទៅ​កាន់​ស្តុ​ប​មន្ទីរពេទ្យ​ព្រះ​អង្គឌួង បត់​ឆ្វេង​តាម​វិ​ថី​ព្រះ​អង្គឌួង ឆ្ពោះទៅ មហាវិថី​សហព័ន្ធ​រុ​ស្ស៊ី​រហូត​ដល់​ស្ពាន​អាកាស​ចោម​ចៅ ឆ្ពោះទៅ​កាន់​ផ្លូវជាតិ​លេខ​៤ រហូត​ដល់ទី​តាំង​ប្រារព្ធ ពិធីបុណ្យ​បូជាសព នៅ​វត្ត​ជម្ពូ​វ័ន​។

ដើម្បី​ឱ្យ​ពិធី​ដង្ហែ​សព​ខាងលើ ប្រព្រឹត្ត​ទៅ​ដោយ​រលូន និង​ធានា​បាន​នូវ​សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ របៀបរៀបរយ​សាធារណៈ សមត្ថកិច្ច​នឹង​ធ្វើការ​បញ្ចៀស​ចរាចរ​តាមតម្រាយ​ផ្លូវ​ដង្ហែ​សព​ជា​បណ្តោះអាសន្ន​។ អាស្រ័យ​ហេតុនេះ សូម​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ត្រូវធ្វើ​ដំណើរ​ឆ្លងកាត់​តាមតម្រាយ​ផ្លូវ​ខាងលើ​មេ​ត្ត យោគយល់​អធ្យាស្រ័យ និង​ចូលរួម​បញ្ចៀស​ការ​ធ្វើ​ដំណើរ​ឆ្លងកាត់​តាមតម្រាយ​ផ្លូវ​ដង្ហែ​សព​ខាងលើ ដើម្បី​កាត់​បន្ថយ ការ​កកស្ទះ​ចរាចរណ៍​ដោយ​ក្ដី​អនុគ្រោះ​។

ទទួល​បាន​សេចក្ដីជូនដំណឹង​នេះ ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បញ្ជាការដ្ឋាន​កងរាជ​អាវុធហត្ថ រាជធានី​ភ្នំពេញ រដ្ឋបាល​ខណ្ឌដូនពេញ រដ្ឋបាល​ខណ្ឌ​៧​មក​រា រដ្ឋបាល​ខណ្ឌចំការមន រដ្ឋបាល​ខណ្ឌទួលគោក រដ្ឋបាល​ខណ្ឌ​សែន​សុខ រដ្ឋបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​អាជ្ញាធរ​ពាក់​ព័ន្ធ​គ្រប់​លំដាប់ថ្នាក់ ត្រូវ​ធ្វើការ​ផ្សព្វផ្សាយ ឱ្យ​បាន​ទូលំទូលាយ និង​សហការ​អនុវត្ត​ឱ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ