ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំពូល​តារា​កំប្លែង​នាយ​ក្រឹម ៖ ជីវិត​សិល្បៈ​ប្រៀប​ដូច​សត្វ​ស្រមោច !

10 ខែ មុន
  • ភ្នំពេញ

តារា​កំប្លែង នាយ​ក្រឹម បាន​ប្រៀបប្រដូច​ជីវិត​សិល្បៈ​ទៅ​នឹង​សត្វ​ស្រមោច ដែល​ត្រូវ​ខំប្រឹង​ធ្វើ​ការងារ​នៅ​រដូវប្រាំង ដើម្បី​សល់​ប្រាក់​ខ្លះ​ទុក​រដូវវស្សា ដែល​គ្មាន

តារា​កំប្លែង នាយ​ក្រឹម បាន​ប្រៀបប្រដូច​ជីវិត​សិល្បៈ​ទៅ​នឹង​សត្វ​ស្រមោច ដែល​ត្រូវ​ខំប្រឹង​ធ្វើ​ការងារ​នៅ​រដូវប្រាំង ដើម្បី​សល់​ប្រាក់​ខ្លះ​ទុក​រដូវវស្សា ដែល​គ្មាន​ការងារ​ធ្វើ ។

លោក អ៊ូ ប៊ុ​ណ្ណា​រ៉ាត់ ហៅ​នាយ​ក្រឹម បាន​ប្រឡូក​ក្នុង​វិ​ថី​សិល្បៈ​ជាង​៤០​ឆ្នាំ​មក​ហើយ ដោយ​លោក​បាន​ចាប់ផ្តើម​ពី​អាជីព​ជា​អ្នក​វ៉ា​យ​ស្គរ ល្ខោនបាសាក់ មក​ជាតា​រា​កំប្លែង​នៅ​ក្នុង​ភាពយន្ត​ជា​ច្រើន រហូត​ធ្វើ​ឱ្យ​កេរ្តិ៍ឈ្មោះ​របស់​លោក​ល្បី​ខ្ទរខ្ទារ​ទាំង​ក្នុង និង​ក្រៅប្រទេស និង​ទទួល​បាន​ប្រាក់​ចំណូល​ច្រើន ដើម្បី​ចិញ្ចឹមជីវិត ។

មក​ទល់​ពេល​នេះ នាយ​ក្រឹម នៅ​តែ​បន្ត​អាជីព​សម្តែង​កំប្លែង​ដូច​មុន​ដដែល បើ​ទោះបីជា​អាជីព​នេះ មិន​អាច​រក​ប្រាក់​ចំណូល​បាន​ច្រើន​ដូច​ពេល​មុន​ក្តី លោក​នៅ​តែ​ប្រឹងប្រែង​សម្តែង និង​រក្សា​កេរ្តិ៍ឈ្មោះ​ក្នុង​វិស័យ​នេះ​តទៅ​មុខ​ទៀត ។

នាយ ក្រឹម បាន​និយាយ​ថា ជីវិត​សិល្បៈ​ប្រៀប​ដូច​សត្វ​ស្រមោច ដូច​មហាជន​ដឹង​ស្រាប់​ហើយ​ថា សិល្បៈ​រកបាន​តែ​ពេល​រដូវប្រាំង​ប៉ុណ្ណោះ ចំ​ណែ​រដូវវស្សា គឺ​ពិបាក​ក្នុង​ការ​រក​ប្រាក់​ចំណូល​ណាស់​។ សូ​ម្បី​តែ​រូប​លោក​ផ្ទាល់ រាល់ពេល​ចូល​ខែវស្សា គឺ​រក​ប្រាក់​ចំណូល​មិន​បាន​ច្រើន​នោះ​ទេ ប៉ុន្តែ​សំណាងល្អ​លោក​សល់​លុយ​កាលពី​រដូវប្រាំង​ខ្លះ ដើម្បី​ចាយវាយ និង​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ ។

ជាមួយនឹង​ការ​ត្អូញត្អែរ​រក​ប្រាក់​ចំណូល​មិនសូវ​បាន​ក្នុង​រដូវវស្សា​នេះ នាយ​ក្រឹម បាន​អំពាវនាវ​ឱ្យ​សិល្បករ​កុំ​ភ្លេចខ្លួន ចូរ​ធ្វើខ្លួន​ដូច​សត្វ​ស្រមោច កុំ​ធ្វើខ្លួន​ដូច​ជា​សត្វ​រៃ បាន​ត្រឹមតែ​ហ៊ឺហារ​មួយ​គ្រា ដល់​ពេល​ដែល​ជីវិត​ជួប​ការ​លំបាក​ត្អូញ​សុំ​ជំនួយ ។

នាយ ក្រឹម គឺជា​សិល្បករ​ជើង​ចាស់​ដ៏​មាន​ប្រជាប្រិយភាព​ម្នាក់ ឆ្នាំ​នេះ​លោក​មាន​វ័យ​៦៣​ឆ្នាំ​ហើយ ប៉ុន្តែ​សុខភាព និង​រូបរាង​របស់​លោក​នៅ​តែ​មាំទាំ​ល្អ ។ នាយ​ក្រឹម កំពុង​រីករាយ​ជាមួយ​គ្រួសារ​ថ្មី​របស់​លោក ជាក់ស្តែង​តាំងពី​ភរិយា​ថ្មី​លោក​បង្កើត​បានកូន​ភ្លោះ​ស្រី​ទាំង​ពីរ​មក កាន់តែ​ធ្វើ​ឱ្យ​ជីវិត​គ្រួសារ​លោក​មាន​សុភមង្គល​ឡើង ។

នាយ ក្រឹម មិន​មាន​បំណង​ឱ្យ​កូនភ្លោះ​ស្រី​ទាំង​ពីរ​របស់​លោក​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​ឡើយ ដោយ​លោក​ចង់ឱ្យ​កូនស្រី​រៀន​បាន​ខ្ពង់ខ្ពស់ មានចំណេះ​ដឹង​ទៅ​បំរើ​ការងារ​សង្គម​វិញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ