ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Mbappe ថាជាកិត្តិយសដ៏ធំធេងក្នុងការប្រឈមមុខនឹង Ronaldo ដែលជានិមិត្តរបស់ខ្លួន

3 ខែ មុន

ប្រទេសអាល្លឺម៉ង់ ៖ កីឡាករ Kylian Mbappe បាននិយាយថា ការជួបគ្នារវាងបារាំង និងព័រទុយហ្គាល់

ប្រទេសអាល្លឺម៉ង់ ៖ កីឡាករ Kylian Mbappe បាននិយាយថា ការជួបគ្នារវាងបារាំង និងព័រទុយហ្គាល់ នៅវគ្គ៨ក្រុមចុងក្រោយពានរង្វាន់ UEFA Euro 2024 ដែលធ្វើឡើងនៅប្រទេសអាល្លឺម៉ង់ គឺជាកិត្តិយសដ៏ធំធេងសម្រាប់ខ្លួនក្នុងការប្រឈមមុខនឹងកីឡាករ Cristiano Ronaldo ។ នេះបើតាមប្រភពពីសារព័ត៌មាន BBC ចេញផ្សាយកាលពីថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៤។

ខ្សែប្រយុទ្ធបារាំង Kylian Mbappe វ័យ២៥ឆ្នាំ បានចុះហត្ថលេខាចូលរួមជាមួយក្លិប Real Madrid នៅរដូវក្តៅនេះ ដែលជាក្លិបក្នុងក្តីសម្រៃរបស់ខ្លួន ក៏ដូចជាក្លិបដែលខ្សែប្រយុទ្ធព័រទុយហ្គាល់ Cristiano Ronaldo ធ្លាប់ប្រកបអាជីព និងសាងភាពជោគជ័យ និងកំណត់ត្រាជាប្រវត្តិសាស្ត្រជាច្រើននៅទីនោះ។

ខ្សែប្រយុទ្ធឆ្នើមទាំងពីរនឹងជួបគ្នាសារជាថ្មីម្តងទៀតនៅយប់នេះ ដែលការប្រកួតរៀបចំឡើងនៅកីឡដ្ឋាន Volksparkstadion មានមូលដ្ឋាននៅទីក្រុងហាំប៊ឺក (Hamburg) វេលាម៉ោង០២:០០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃថ្មី។ Mbappe បានពណ៌នាការប្រកួតនេះថា គឺជាកិត្តិយសដ៏ធំធេងសម្រាប់ខ្លួនក្នុងការប្រឈមមុខនឹង Ronaldo ដែលជានិមិត្តរូបកីឡាករបាល់ទាត់របស់គេតាំងពីនៅកុមារភាព។

ប្រធានក្រុមមាន់គកបារាំងរូបនេះ បាននិយាយថា «វាជាការកោតសរសើរដែលខ្ញុំតែងតែមានចំពោះ Cristiano ក្នុងនាមជាកីឡាករ ហើយយូរៗទៅខ្ញុំមានឱកាសស្គាល់គាត់ និងបាននិយាយជាមួយគាត់ជាច្រើនដង ហើយនៅតែបន្តទាក់ទងគ្នា។ គាត់តែងតែព្យាយាមផ្តល់ដំបូន្មានដល់ខ្ញុំ និងតាមដាននូវអ្វីដែលកំពុងកើតឡើង។ ការលេងជាមួយគាត់គឺជាកិត្តិយសសម្រាប់អ្វីគ្រប់យ៉ាងដែលគាត់បានធ្វើក្នុងបាល់ទាត់។ មិនថាមានអ្វីកើតឡើងមុន ឬក្រោយការប្រកួតទេ គាត់នឹងក្លាយជាវីរបុរសនៃការប្រកួត។ ប៉ុន្តែពិតណាស់ យើងសង្ឃឹមថានឹងផ្តួលព័រទុយហ្គាល់ និងឈានទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ»។

ប្រធានក្រុមបញ្ចខែលព័រទុយហ្គាល់ Cristiano Ronaldo វ័យ៣៩ឆ្នាំ បានលើកឡើងយ៉ាងភ្ញាក់ផ្អើលថា នៅសប្តាហ៍នេះ អាចក្លាយជាការប្រកួតនៅព្រឹត្តិការណ៍ជើងឯកទ្វីបអឺរ៉ុបចុងក្រោយរបស់ខ្លួន ប្រសិនបើព័រទុយហ្គាល់មិនអាចបន្តទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ ដូច្នេះការប្រកួតតទល់នឹងក្រុម Mbappe ត្រូវបានគេពិពណ៌នាថា គឺជាការផ្ទេរតំណែងកីឡាករកំពូលរវាងកីឡាករដ៏អស្ចារ្យទាំងពីររូបនេះ។ ប៉ុន្តែត្រង់ចំណុចនេះ Mbappe បានអះអាងថា វីរបុរសព័រទុយហ្គាល់គឺមានតែម្នាក់គត់ ហើយខ្លួននឹងដើរតាមគន្លងនៅពេលចាប់ផ្តើមអាជីពជាមួយសស្តេច Real Madrid រដូវកាលក្រោយ។

Mbappe បានបន្តថា «វីរបុរសព័រទុយហ្គាល់នឹងមានតែម្នាក់គត់គឺ Ronaldo ដែលខ្ញុំមានសំណាងគ្រប់គ្រាន់ក្នុងការមានឱកាសចាប់ផ្តើមរស់នៅក្នុងក្តីសុបិនរបស់ខ្ញុំក្នុងនាមជាកីឡាករនៅ Real Madrid។ ខ្ញុំសង្ឃឹមថា ខ្ញុំនឹងបង្កើតភាពដ៏អស្ចារ្យនៅទីនោះ ប៉ុន្តែខ្ញុំពិតជាមិនទៅទីនោះ ដើម្បីបង្កើតភាពអស្ចារ្យដែលនៅសល់របស់ Cristiano នោះទេ។ អ្វីដែលគាត់បានធ្វើនៅ Madrid គឺមានតែមួយគត់»។

ខ្សែប្រយុទ្ធកំពូលល្បឿនដដែលរូបនេះ បានបន្ថែមចុងក្រោយថា «អ្នកត្រូវតែដឹងគុណចំពោះអ្វីដែលគាត់មាន ដែលជាអ្វីរបស់គាត់។ ខ្ញុំមិនមែនជាមនុស្សច្រណែនទេ ដូច្នេះខ្ញុំគ្រាន់តែចង់សរសើរពីភាពអស្ចារ្យរបស់កីឡាករ។ គាត់បានបន្សល់ទុកនូវកំណត់ត្រានៅក្នុងប្រវត្តិសាស្រ្តបាល់ទាត់។ គាត់បានបំផុសគំនិតបាល់ទាត់អស់ជាច្រើនជំនាន់។ គាត់បានស៊ុតបាល់បញ្ចូលទីជាច្រើនគ្រាប់ និងឈ្នះពានរង្វាន់ជាច្រើន។ ដូច្នេះហើយប្រវត្តិកន្លងមករបស់គាត់ គឺបញ្ជាក់អ្វីគ្រប់យ៉ាងដោយខ្លួនឯង»។

កាលវិភាគប្រកួតនៅយប់នេះ ៖
-០៥/០៧/២០២៤ អេស្ប៉ាញ ប៉ះ អាល្លឺម៉ង់ ម៉ោង១១:០០នាទីយប់
-០៥/០៧/២០២៤ ព័រទុយហ្គាល់ ប៉ះ បារាំង ម៉ោង០២:០០នាទីទៀបភ្លឺចូលថ្ងៃថ្មី៕ (ប្រភព ៖ BBC និង ESPN)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ