រាជធានីភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា បានច្រានចោលចំពោះគំនិតផ្តួចផ្ដើម ក្នុងការហាមមិនឲ្យនាំចូលរថយន្ដចាស់ចូលប្រទេសកម្ពុជា ប៉ុន្ដែត្រូវពង្រឹងប្រព័ន្ធរថយន្ដនៅកម្ពុជាឲ្យបានល្អវិញ ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងបែបនេះនាឱកាសអញ្ជើញជាអធិបតីបើកការដ្ឋានសាងសង់ស្ពានអាកាសភ្លោះ ចំណុចប្រសព្វមហាវិថី សម្តេចតេជោ ហ៊ុន សែន និងផ្លូវជាតិលេខ២ ស្ថិតនៅព្រំប្រទល់រាជធានីភ្នំពេញ និងខេត្តកណ្តាល នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ ។

សម្ដេចធិបតី បានបញ្ជាក់ថា៖« មកដល់ម៉ោងនេះ នៅកម្ពុជាមិនទាន់មានការចាំបាច់ក្នុងការកំណត់ឆ្នាំរថយន្តចំពោះការនាំចូលនោះទេ ប៉ុន្ដែត្រូវពង្រឹងប្រព័ន្ធពិនិត្យបច្ចេករថយន្តឲ្យបានល្អវិញព្រោះថា មួយឆ្នាំៗ ត្រូវយករថយន្ដមកឆៀកម្ដងៗ» ។
សម្ដេចធិបតី នាយករដ្ឋមន្ដ្រី បានលើកឡើងថា «ថ្ងៃមុនក៏មានការគិតអំពីការកំណត់ឆ្នាំនាំចូលរថយន្ដ ខ្ញុំថា កុំអីត្រូវពង្រឹងប្រព័ន្ធឆៀក ប្រព័ន្ធឆែកបច្ចេកទេសឲ្យបានរឹងមាំវិញ ។ កាលមុនមានកិច្ចប្រជុំ ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន សូមយោបល់ខ្ញុំ ដោយសារគិតគូរអំពីបរិស្ថាន ចឹងក៏បានគិតគូរអំពីស្នើសុំថា ឥឡូវគួរតែហាមឆ្នាំ២០២៤នេះហាមមិនឲ្យនាំរថយន្ដលើសអាយុ១០ឆ្នាំ ដល់ឆ្នាំ២០៣០ ហាមមិនឲ្យនាំចូលរថយន្ដដែលអាយុ៥ឆ្នាំ ដើម្បីយើងធានារថយន្ដឲ្យល្អ កុំឲ្យប៉ះពាល់បរិស្ថាន ខ្ញុំថាដកចោលទៅ» ។
រូបតំណាងជាមួយគ្នានោះដែរ សម្ដេចធិបតី ក៏បានលើកឡើងថា ប្រទេសខ្លះគេហាមនាំចូលរថយន្ដចាស់ ដើម្បីលើកស្ទួយវិស័យកម្រិតឧស្សាហកម្មរថយន្ដនៅក្នុងប្រទេស ។ ដោយឡែក ក្រុមហ៊ុនដំឡើងរថយន្ដនៅកម្ពុជា ក៏លើកទឹកចិត្ត ប៉ុន្ដែពួកគាត់មានសិទ្ធិប្រកួតប្រជែងជាមួយអ្នកនាំចូលរថយន្ដមួយទឹក ។

នាឱកាសនោះដែរ សម្ដេចធិបតី នាយករដ្ឋមន្ត្រី សង្កត់ធ្ងន់ថា រដ្ឋមិនអាចហាមឃាត់មិនប្រជាពលរដ្ឋដែលរស់នៅក្នុងរាជធានីភ្នំពេញមិនឱ្យទិញរថយន្ត ឬម៉ូតូបានទេ ព្រោះនេះតម្រូវការរបស់ពលរដ្ឋ ហើយនេះក៏សរបញ្ជាក់ពីការរីកចម្រើនយ៉ាងលឿននៅក្នុងរាជធានីភ្នំពេញ និយាយដោយឡែក និងនិយាយជារួមការរីកចម្រើននៅទូទាំងប្រទេស ។ សម្ដេចធិបតីបានអះអាងថា ដរាបណា ប្រទេសនៅតែមានសុខសន្តិភាព ភាពរីកចម្រើននឹងនៅតែមានទៅមុខបន្ថែមទៀត៕
ចែករំលែកព័តមាននេះ