រាជធានីភ្នំពេញ ៖ នារសៀលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤នេះ លោក ធាន ច័ន្ទពិសិដ្ឋ អនុប្រធានសាលាដំបូងរាជធានីភ្នំពេញ ជាប្រធាន ក្រុមប្រឹក្សាជំនុំជម្រះ បានប្រកាសសាលក្រមផ្តន្ទាទោស លើជនជាប់ចោទឈ្មោះ LOPEZ VACA KAREN CECIA ភេទស្រី អាយុ៣៧ ឆ្នាំ ជាជនជាតិបូលីវី ដាក់ពន្ធនាគារអស់មួយជីវិត ក្រោមការចោទប្រកាន់ពីបទ.ដឹកជញ្ជូនដោយខុសច្បាប់នូវសារធាតុញៀនប្រភេទ “កូកាអ៉ីន” ប្រមាណជាង០៤គីឡូក្រាម តាមជើងយន្តហោះពីប្រទេសប្រេស៊ីល ឆ្លងកាត់ប្រទេសម៉ាឡេស៊ី មកជាប់អន្ទាក់សមត្ថកិច្ចកម្ពុជា ។
សាលក្រមបានប្រកាសជាសាធារណៈ នៅចំពោះមុខជនជាប់ចោទ និងមេធាវីការពារក្តី ដោយទុកពេលឲ្យប្តឹងឧទ្ធរណ៍តាមកំណត់ច្បាប់ បើសិនមិនសុខចិត្ត ការកាត់ក្តីនេះ ។
សូមជម្រាបថា អនុវត្តតាមបញ្ជាលោកនាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងនាយឧត្ដមសេនី យ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់របស់លោកឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន សមត្ថកិច្ចកម្ពុជា បានឃាត់ខ្លួនជនសង្ស័យស្ត្រីម្នាក់ ជាជនជាតិបូលីវី ដែលនាំល្បាយគ្រឿងញៀនកូកាអ៊ីន ពីប្រទេសប្រេស៊ីល ឆ្លងកាត់ប្រទេសម៉ាឡេស៊ី ចូលមកកម្ពុជា តាមអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ រួមទាំងល្បាយគ្រឿងញៀនកូកាអ៊ីនទម្ងន់៤,៣៥៦ក្រាម (គិតទាំងសំបកប្លាស្ទីក និងសាច់កំណាត់) ។
មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បន្ទាប់ពីទទួលព័ត៌មាន សម្ងាត់ពីទីភ្នាក់ងារអនុវត្តច្បាប់ប្រឆាំងគ្រឿងញៀន អាមេរិក (DEA) និងមន្ត្រីសហព័ន្ធប្រេស៊ីល កាលពីវេលាម៉ោង១៧និង៤៥នាទីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៣ មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានចាត់កម្លាំងជំនាញការិយាល័យ(ក១) ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ម៉ាក់ សេរីវឌ្ឍនា នាយករងមន្ទីរ.លោកវរសេនីយ៍ឯក ម៉ាក់ សេរីវឌ្ឍនៈ នាយករងមន្ទីរ. លោកវរសេនីយ៍ឯក ថៃ រិទ្ធីរក្ស នាយករងមន្ទីរ. លោកវរសេនីយ៍ឯក គង់ សីវឌ្ឍនា នាយការិយាល័យ ក្រោមការសម្របសម្រួលដោយលោក វង្ស សាវ៉ាត ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ សហការជាមួយកម្លាំងអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងអគ្គនាយកដ្ឋានគយ និងរដ្ឋាករប្រចាំនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ បានធ្វើការត្រួតពិនិត្យ វ៉ាល្លីសរបស់ជនសង្ស័យ ដែលធ្វើដំណើរមកពីទីក្រុងរីយ៉ូ ប្រទេសប្រេស៊ីល ឆ្លងកាត់ឌុយបៃ បន្តមកប្តូរជើងហោះហើរនៅម៉ាឡេស៊ី រួចធ្វើដំណើរមកអាកាសយានដ្ឋានអន្តរជាតិភ្នំពេញតាម ជើងហោះហើរ MH762 ពីម៉ាឡេស៊ី ។
ជនសង្ស័យ ត្រូវបានឃាត់ខ្លួនឈ្មោះ KAREN CECIA LOPEZ VACA ភេទស្រី ជនជាតិបូលីវី ។
វត្ថុតាងចាប់យក ៖ ក្រោយធ្វើតេស្តបឋមបង្ហាញលទ្ធផល ជាល្បាយគ្រឿងញៀនប្រភេទ កូកាអ៊ីន (Cocaine) ចំនួន ២១បន្ទះធំ និង២២បន្ទះតូច (សរុប ៤៣បន្ទះ) ជាប់ជាមួយសាច់សម្លៀកបំពាក់ ដោយធ្វើការដេរភ្ជាប់ខោអាវ ដែលមានទម្ងន់សរុប ៤,៣៥៦ក្រាម (គិតទាំងសំបកប្លាស្ទីក និងសាច់កំណាត់) ស្មើជាង៤ គីឡូក្រាម ។ ក្រោយពេលឃាត់ខ្លួនជនសង្ស័យ និងវត្ថុតាងត្រូវបាន កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី ៕






ចែករំលែកព័តមាននេះ