ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បត់បែនទាន់សភាពការណ៍! ម៉ាឡេស៊ីដណ្ដើមមកុដឯកថៃ លើវិស័យទេសចរណ៍ក្នុងតំបន់

4 ខែ មុន

ប្រទេសម៉ាឡេស៊ី ៖ ការកែលម្អនីតិវិធីគយ និងការបន្ធូរបន្ថយ ក៏ដូចជាភាពបត់បែនទាន់សភាព

ប្រទេសម៉ាឡេស៊ី ៖ ការកែលម្អនីតិវិធីគយ និងការបន្ធូរបន្ថយ ក៏ដូចជាភាពបត់បែនទាន់សភាពការណ៍នៃគោលនយោបាយទិដ្ឋាការ បានជំរុញឱ្យប្រទេសម៉ាឡេស៊ីក្លាយជាជើងឯកក្នុងការប្រណាំងប្រជែងវិស័យទេសចរណ៍នៅក្នុងតំបន់។

ប្រភពពី Focus Malaysia បានរាយការណ៍ថា ប្រទេសម៉ាឡេស៊ីបានកត់ត្រាការមកដល់របស់ភ្ញៀវទេសចរបរទេសជិត២៩លាននាក់ កាលពីឆ្នាំមុន ដើម្បីក្លាយជាគោលដៅដ៏ពេញនិយមបំផុតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ និងបានដណ្ដើមមកុដឯករបស់ប្រទេសថៃ ដែលកាន់កាប់មុនពេលផ្ទុះជំងឺរាតត្បាតកូវីដ-១៩។

ប្រភព Focus Malaysia ដដែលបង្ហាញថា ប្រទេសម៉ាឡេស៊ីរកឃើញថា ប្រជាជនសិង្ហបុរី គឺជាប្រភពដ៏ធំបំផុតរបស់ម៉ាឡេស៊ីនៃចំនួនភ្ញៀវទេសចរបរទេស ដោយមានចំនួន ៨.៣លាននាក់ បន្ទាប់មកគឺឥណ្ឌូណេស៊ី ថៃ ចិន និងប្រ៊ុយណេ។

ប្រទេសថៃ ជាប់ចំណាត់ថ្នាក់លេខ ២ នៅក្នុងតំបន់ ដោយមានភ្ញៀវទេសចរបរទេសចំនួន ២៨លាននាក់ តាមពីក្រោយដោយប្រទេសសិង្ហបុរីមាន ១៣,៦លាននាក់។ ប្រទេសវៀតណាមស្ថិតនៅចំណាត់ថ្នាក់លេខ ៤ ដោយមានចំនួន ១២,៦លាននាក់ ខណៈដែលប្រទេសឥណ្ឌូណេស៊ីមានចំនួន ១១,៧លាននាក់ ។ ចំណែកឯ ប្រទេសហ្វីលីពីន និងកម្ពុជាបានទាក់ទាញភ្ញៀវទេសចរបរទេសប្រមាណ ៥,៤លាននាក់រៀងខ្លួន កាលពីឆ្នាំមុន។

លោកស្រី Nor Hayati Zainuddin ប្រធាននាយកដ្ឋានផ្សព្វផ្សាយទេសចរណ៍របស់ប្រទេសម៉ាឡេស៊ីប្រចាំប្រទេសវៀតណាម បានប្រាប់សារព័ត៌មាន VnExpress ថាលោកស្រីមានអារម្មណ៍ថាមានមោទកភាព ចំពោះឧស្សាហកម្មទេសចរណ៍ប្រទេសកំណើតលោកស្រី ដែលក្លាយជាចំណុចកំពូលនៃការប្រណាំងប្រជែងនៅក្នុងតំបន់។

លោកស្រីបានបន្តថា នេះគឺជាព្រឹត្តិការណ៍សំខាន់មួយសម្រាប់កិច្ចខិតខំប្រឹងប្រែងជាបន្តរបស់រដ្ឋាភិបាលម៉ាឡេស៊ី និងឧស្សាហកម្មទេសចរណ៍ទាំងមូល។

នាយកដ្ឋានអន្តោប្រវេសន៍របស់ប្រទេសម៉ាឡេស៊ី កាលពីឆ្នាំមុន បានអនុញ្ញាតឱ្យភ្ញៀវទេសចរបរទេសបំពេញកាតឌីជីថលតាមអ៊ីនធឺណិតរយៈពេល៣ថ្ងៃ មុនពេលពួកគេចូលមកប្រទេសម៉ាឡេស៊ី ដើម្បីបង្កើនល្បឿនកិច្ចការអន្តោប្រវេសន៍។ លើសពីនេះ ការលើកលែងទិដ្ឋាការរយៈពេល៣០ថ្ងៃ សម្រាប់ភ្ញៀវទេសចរឥណ្ឌា និងចិន ក៏បានរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញចំនួនភ្ញៀវទេសចរបរទេសផងដែរ។ រដ្ឋាភិបាលប្រទេសម៉ាឡេស៊ី កាលពីឆ្នាំមុន ក៏បានបង្កើនចំនួន៣ដងនៃការស្នាក់នៅដោយគ្មានទិដ្ឋាការ សម្រាប់អ្នកកាន់លិខិតឆ្លងដែនហុងកុងរហូតដល់រយៈពេល៩០ថ្ងៃ នៅក្នុងការផ្លាស់ប្ដូរទៅវិញទៅមក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ