រាជធានីភ្នំពេញ ៖ ការបង្ហោះមួយរបស់អ្នកលេងហ្វេសប៊ុកម្នាក់ដែលប្រើគណនី Tyliya Ty ដែលត្រូវគេស្គាល់ថា ម្ចាស់ប្រេនសាឡាត់រីករាយ បានទាក់ទាញមហាជននៅលើបណ្តាញសង្គមគ្រប់ស្រទាប់វណ្ណៈ អំពីរឿងរ៉ាវជីវិតតស៊ូរបស់ស្ត្រីរត់កង់៣ឥណ្ឌាម្នាក់ ។
គណនី Tyliya Ty បានរៀបរាប់ពីខ្លឹមសារនៃកិច្ចសន្ទារវាងខ្លួនជាមួយនឹងស្ត្រីអ្នករត់កង់៣ឥណ្ឌារូបនោះ ហើយហេតុផលដែលគាត់សួរដេញដោលទៅកាន់ស្ត្រីអ្នករត់កង់៣ឥណ្ឌា ព្រោះតែគាត់ធ្លាប់ឃើញគេបង្ហោះ ហើយឆ្ងល់ថា ហេតុអ្វីស្ត្រីរូបនេះតែងតែយកកូនតូចមកតាមជាប់ជានិច្ចពេលរត់កង់បីកណ្តាលយប់ជ្រៅ ។
បើតាមបងប្រុស Tyliya Ty បានរៀបរាប់ថា ៖ «យប់មិញខ្ញុំបានហៅ PassApp ជិះម៉ោងប្រហែល ៩និង៣០ រៀងមានការភ្ញាក់ចំឡែកអារម្មណ៍ធ្លាប់តែឃើញគេបង្ហោះលើកនេះជិះជួបខ្លួនឯង ឃើញប្អូនស្រីម្នាក់រត់ PassApp ទាំងវ័យក្មេង ហើយមានកូនតូចមួយមកតាម ខ្ញុំក៏សួរ: ខ្ញុំ: ប្អូនរត់យប់មែន ហើយរត់ដល់ម៉ោងប៉ុន្មាន ហើយក្មេងតូចនៅពីមុខត្រូវជាកូនមែន? ប្អូនស្រីឆ្លើយ: ចាបង ខ្ញុំរត់យប់ផង ថ្ងៃផង ពេលខ្លះខ្ញុំរត់ដល់ ម៉ោង២ភ្លឺបានចូលផ្ទះ ខាងមុខនេះត្រូវជាកូនរបស់ខ្ញុំ ខ្ញុំ: ចុះប្តីគាត់ធ្វើអីដែរ ហេតុអីមិនអោយគាត់ជាអ្នករត់ទៅ? ប្អូនស្រីឆ្លើយ : ប្តីខ្ញុំគាត់ជាជាងជួសជុលម៉ូតូនៅផ្ទះ ខ្ញុំជួលផ្ទះគេ១ខែ50$ ចឹងគាត់បើកជួសជុលនៅផ្ទះ ខ្ញុំក៏ចេញមករត់ ដើម្បីរកលុយចិញ្ចឹមកូន! ខ្ញុំ: ហើយកូនម៉េចមិនទុកអោយប្តីជាអ្នកមើលទៅ យប់ហើយក្មេងត្រូវញាំ និងគេង? ប្អូនស្រីឆ្លើយ : ខ្ញុំមានកូន២ ចឹងពួកខ្ញុំចែកគ្នាម្នាក់១ ក្នុងការមើលថែ ហើយបើសិនជាក្មេងឃ្លាន ខ្ញុំឈប់ទិញអីអោយញាំ ហើយបើងងុយគេង គឺឈប់អោយគេងលើរ៉ឺម៉កតែម្តង ដល់ម៉ោងឈប់រត់បានជិះទៅផ្ទះ!។
គណនី Tyliya Ty បន្តឱ្យដឹងទៀតថា បន្ទាប់ពីរសួរនាំនិយាយគ្នាលេងក៏ដល់ផ្ទះល្មម គិតលុយអស់៧៥០០៛ គាត់ក៏អោយ១០០០០៛ ថ្លៃការលើកទឹកចិត្តនូវការតស៊ូ ។ ជុំវិញរឿងនេះ គណនី Tyliya Ty បានចែករំលែកទៅកាន់បងៗប្អូនៗមួយចំនួនដែរ ដែលឧស្សាហ៍ត្អូញត្អែរថាលំបាកណាស់ វេទនាណាស់ ខ្ញុំចង់ប្រាប់ថា ពេលវេលាមានសម្រាប់មនុស្សម្នាក់ៗគឺមាន២៤ម៉ោងដូចគ្នា ចឹងសុំប្រើប្រាស់ពេលវេលាអោយមានប្រយោជន៍ដល់ខ្លួន និងមនុស្សជុំវិញខ្លួន សុំមើលពីជីវិតក្មេងស្រីម្នាក់នេះ គាត់នៅក្មេងយ៉ាងច្រើន២៧ឆ្នាំ ហើយមានកូនដល់ទៅ២ តែគាត់មិនបានត្អូញត្អែរថា គាត់លំបាក ហត់អីទេ ឬក៏ពឹងតែកម្លាំងប្តីជាអ្នករកនោះទេ ផ្ទុយទៅវិញ គាត់ជាស្ត្រីម្នាក់ដែលរួមចំណែកជួយរកចំណូលចូលក្នុងគ្រួសារ ជាម្តាយដែលមានទំនួលខុសត្រូវ ចំពោះកូនៗរបស់ពួកគាត់ (ប្រុសៗខ្លះគ្មានបានមួយចំណិតប្អូនស្រីម្នាក់ផង)។
ជាចុងក្រោយខ្ញុំសុំលើកទឹកចិត្តដល់មនុស្សស្រី មើលគំរូប្អូនស្រីម្នាក់នេះ មើលពីរការតស៊ូ មើលពីភាពខិតខំប្រឹងប្រែង និងមើលនូវការជំនះភាពលំបាក ដើម្បីអោយជីវីតគ្រួសារប្រសើឡើង ។
បញ្ជាក់: អ្វីដែលខ្ញុំសួរគាត់ និងរូបភាពដែលខ្ញុំបានឃើញ វាគ្រាន់តែជាផ្នែកតូចមួយនៃជ្រុងជីវិតរបស់គាត់ប៉ុណ្ណោះ ។ ក្រោយស្តាប់រឿងរបស់ស្ត្រីរត់កង់៣ឥណ្ឌារូបនេះ តើលោកអ្នកយល់ថា ជីវិតរបស់លោកអ្នកស្រួល ឬលំបាកជាងគាត់ ? អត្ថបទ៖អោម ចែតច័ន្ទណារ៉ា
ចែករំលែកព័តមាននេះ