ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឯកឧត្តម ហេង សួរ រម្លឹក​យុវជន​មក​ពី​គ្រួសារ​ក្រីក្រ​ថា សម្តេច​តេ​ជោ និង​សម្តេច​ធិ​បតី ជា​អ្នក​ផ្តល់​ឱកាស​ឱ្យ​មាន​ជំនាញ​ដើម្បី​លើកកម្ពស់​ជីវភាព​គ្រួសារ

2 ខែ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​២២ ខែកុម្ភៈ ឆ្នាំ​២០២៤​នេះ…

រាជធានីភ្នំពេញ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​២២ ខែកុម្ភៈ ឆ្នាំ​២០២៤​នេះ បាន​ផ្តាំ​និង​រម្លឹក​ទៅ​កាន់​យុវជន​ដែល​កំពុង​សិក្សា​ជំនាញ​បច្ចេកទេស​វិជ្ជាជីវៈ​ថា សម្តេច​តេ​ជោ ហ៊ុន សែន អតីត​នាយក​ដ្ឋ​មន្ត្រី និង​សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា គឺជា​អ្នក​ផ្តល់​ឱកាស​ដល់​យុវជន​មក​ពី​គ្រួសារ​ក្រីក្រ​ឱ្យ​មាន​ជំនាញ​បច្ចេកទេស​ ដើម្បី​មានការ​ងារ​ធ្វើ និង​មានមុខ​របរ​យ៉ាង​ឆាប់រហ័ស​ក្នុង​ការ​លើកកម្ពស់​ជីវភាព​គ្រួសារ ​។

ឯកឧត្តម​រដ្ឋមន្ត្រី បាន​ថ្លែង​រម្លឹក​នូវ​ខ្លឹមសារ​ដ៏​មាន​អត្ថន័យ​ដូចនេះ នៅ​ក្នុង​កម្មវិធី​សំណេះសំណាល​ជាមួយ​សិស្ស​វគ្គ​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស​មក​ពី​គ្រួសារ​ក្រីក្រ និង​គ្រួសារ​រង​ហានិភ័យ ប្រមាណ​ជាង ​១០០០ ​នាក់​ នៅ​វិទ្យាស្ថាន​ជាតិ​ពហុបច្ចេកទេស​តេ​ជោ​សែន​ក្នុង​ខេត្តកណ្តាល ​។

ឯកឧត្តម​រដ្ឋមន្ត្រី បាន​គូសបញ្ជាក់​ថា សម្តេច​តេ​ជោ ហ៊ុន សែន ដែល​ជា​អ​តី​នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជា​មគ្គុទេសក៍​ក្នុង​ការ​ផ្តើមគំនិត​ លើ​ការ​បណ្តុះបណ្តាល​ជំនាញ​បច្ចេកទេស​វិជ្ជាជីវៈ​នេះ ហើយ​សម្តេច​មហា​បវរ​ធិ​បតី នាយក​រដ្ឋមន្ត្រី គឺ​ឥស្សរជន​ដែល​បាន​អនុវត្ត​គំនិត​ផ្តួចផ្តើម ​ដ៏​មាន​សារសំខាន់​នេះ​ឱ្យ​មាន​ភាព​បត់បែន និង​រស់​រវើក​ដែល​ធ្វើ​ឱ្យ​យុវជន​មក​ពី​គ្រួសារ​ក្រីក្រ រួម​ទាំង​ពលរដ្ឋ​ទូទៅ​ បាន​ចូល​រៀន​វគ្គ​ជំនាញ​បច្ចេកទេស ​ដោយ​ឥត​គិតថ្លៃ និង​ទទួល​បាន​ប្រាក់​ឧ​ប​ត្ថ​ម​សម្រាប់​ក្រុម​គ្រួសារ​ក្រីក្រ ដែល​នេះ គឺជា​ឱកាស​ដ៏​ល្អ​បំផុត​ ដើម្បី​ទទួល​បាន​ជំនាញ​ជាក់លាក់ និង​ ដើម្បី​លើកកម្ពស់​ជីវភាព​គ្រួសារ​ឱ្យ​មាន​ភាព​ធូរធារ ។ ឯកឧត្តម​រដ្ឋមន្ត្រី បាន​បញ្ជាក់​ថា បើ​គ្មាន​សម្តេច​ទាំង​ពីរ​នោះ​ទេ ក៏​យុវជន​មក​ពី​គ្រួសារ​ក្រីក្រ និង​ពលរដ្ឋ​ទូទៅ​គ្មាន​ឱកាស​សិក្សា​ជំនាញ​វិជ្ជាជីវៈ​នៅ​ពេល​នេះ​ដែរ ​។

ទន្ទឹម​នឹង​នេះ ឯកឧត្តម​រដ្ឋមន្ត្រី ក៏​បាន​គូសបញ្ជាក់​ពី​ភាព​បត់បែន​ និង​ទន់ភ្លន់​នៃ​ការ​បណ្តុះបណ្តាល​វិជ្ជាជីវៈ ​ដែល​សម្តេច​ធិ​បតី បាន​ណែនាំ និង​គិតគូរ​ដើម្បី​សម្រួល​ដល់​ការ​សិក្សា​របស់​សិក្ខាកាម​ ដែល​មាន​ភាព​បត់បែន​ដែល​អាច​សិក្សា​ពី​ថ្ងៃ​ចន្ទ ដល់​ថ្ងៃ​សុក្រ ការ​សិក្សា​វេន​យប់ និង​ការ​សិក្សា​ថ្ងៃ​សៅរ៍​-​ថ្ងៃអាទិត្យ​ ដែល​ផ្តល់​ភាព​ងាយស្រួល​និង​ជម្រើស​ជា​ច្រើន​ដល់​សិក្ខាកាម​ អាច​ជ្រើសរើស​ទៅ​តាម​បំណង​ ។

ជាមួយ​គ្នា​នេះ ឯកឧត្តម​រដ្ឋមន្ត្រី ក៏​បាន​ផ្តាំផ្ញើ​ទៅ​កាន់​សិក្ខាកាម​ទាំងអស់​ ឱ្យ​ប្រកាន់​នូវ​បាវចនា​របស់​សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត គឺ​រៀន​ឱ្យ​ចប់ ឱ្យ​ចេះ ដើម្បី​មានការ​ងារ​ធ្វើ​ ៕ អត្ថបទសហការ