រាជធានីភ្នំពេញ៖ ឯកឧត្តម ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ នេះ បានបញ្ជាក់ថា ការអនុវត្តរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព តាមរបបភាគទានដោយស្ម័គ្រចិត្ត សម្រាប់អ្នកក្នុងបន្ទុកសមាជិក ប.ស.ស. ជាមន្ត្រីសាធារណៈ គឺជាកម្មវិធីរបស់រាជរដ្ឋាភិបាលបង្កើតឡើង ដើម្បីជួយដល់មន្ត្រីសាធារណៈ ឱ្យទទួលបានការថែទាំសុខភាព សម្រាប់ខ្លួនឯង ប្តីឬប្រពន្ធនិងកូនក្នុងបន្ទុក ដែលជួយគ្រប់គ្រងចំណាយ លើបញ្ហាសុខភាព និងគ្រោះថ្នាក់ផ្សេងៗ ក្នុងគោលដៅរក្សាលំនឹងប្រាក់ចំណូល ក្នុងគ្រួសារ និងបង្កើនផលិតភាពការងារ ។

ឯកឧត្តមបានបន្តថា នៅពេលអ្នកក្នុងបន្ទុកសមាជិក ប.ស.ស. ជាមន្ត្រីសាធារណៈ គាត់ចុះឈ្មោះជាសមាជិក ប.ស.ស. នោះអ្នកក្នុងបន្ទុក (ប្តីឬប្រពន្ធ និងកូននៅក្នុងបន្ទុក) នឹងទទួលបានអត្ថប្រយោជន៍ដូចជា សេវាពិនិត្យ ពិគ្រោះយោបល់ ព្យាបាល និងថែទាំ ប្រាក់បំណាច់មាតុភាព និងប្រាក់វិភាជន៍បូជាសព នៅពេលទទួលរងគ្រោះថ្នាក់ជាយថាហេតុណាមួយ រហូតបាត់បង់ជីវិត ។

គួរបញ្ជាក់ថា ដើម្បីបញ្ជ្រាបការយល់ដឹងឱ្យកាន់តែស៊ីជម្រៅច្បាស់លាស់បន្ថែមទៀត ទៅលើរបបសន្តិសុខសង្គម សម្រាប់មន្ត្រីសាធារណៈ និងសហព័ទ្ធ ព្រមទាំងកូនក្នុងបន្ទុកនេះ កាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានរៀបចំពិធីផ្សព្វផ្សាយស្តីពី “ការអនុវត្តរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្តសម្រាប់អ្នកក្នុងបន្ទុកសមាជិក ប.ស.ស. ជាមន្ត្រីសាធារណៈ” នៅទីស្ដីការគណៈរដ្ឋមន្ត្រី និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។

ដើម្បីចុះឈ្មោះអ្នកក្នុងបន្ទុកសមាជិក ប.ស.ស. ចំពោះ ប្តីឬប្រពន្ធ ត្រូវមាន អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ, សៀវភៅស្នាក់នៅឬសៀវភៅគ្រួសារ, សេចក្តីចម្លងសំបុត្រអាពាហ៍ពិពាហ៍ ។

សម្រាប់កូនក្នុងបន្ទុក ត្រូវមានអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ, សៀវភៅស្នាក់នៅឬសៀវភៅគ្រួសារ, សេចក្តីចម្លងសំបុត្រកំណើត។ ករណីកូនក្នុងបន្ទុកមានចំនួនចាប់ពី ២ នាក់ឡើង ដែលបំពេញគ្រប់លក្ខខណ្ឌតម្រូវឱ្យចុះទាំងអស់ ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ