រាជធានីភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានជំរុញឱ្យគ្រប់ភាគី ដែលមានអង្គការដៃគូ សហជីព និងនិយោជក រួមគ្នាធ្វើឱ្យប្រសើរឡើង បន្ថែមទៀត ក្នុងវិស័យទំនាក់ទំនង វិជ្ជាជីវៈ ដើម្បីឱ្យកម្ពុជាអាចរក្សាបាន នូវការទាក់ទាញវិនិយោគ ។ ការជំរុញនេះ គឺធ្វើឡើងក្នុងពេល ដែលឯកឧត្តមរដ្ឋមន្ត្រី បានឡើងថ្លែង ក្នុងវេទិកាការងារប្រចាំឆ្នាំស្តីពី “វឌ្ឍនភាពនៃវិស័យទំនាក់ទំនងវិជ្ជាជីវៈនៅកម្ពុជា និងចក្ខុវិស័យសម្រាប់អនាគត” ដែលរៀបចំឡើងដោយ សហព័ន្ធនិយោជក និងសមាគមពាណិជ្ជកម្មកម្ពុជា (CAMFEBA) ។

ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ពីភាពចាំបាច់ និងសារៈសំខាន់ នៃភាគីទាំង៣ ដើម្បីជំរុញឱ្យវិស័យទំនាក់ទំនងវិជ្ជាជីវៈ នៅកម្ពុជាកាន់តែប្រសើរឡើង តាមរយៈការគោរពច្បាប់ទម្លាប់ ដែលកម្ពុជាមានស្រាប់ ដើម្បីផ្តល់ឱ្យគ្រប់ភាគីទាំងនិយោជក និងកម្មករនិយោជិតទទួលយកបាន ស្របទៅនឹងទិសដៅរបស់ក្រសួង ដែលមានតួនាទីក្នុងការរក្សាលំនឹង នៃទំនាក់ទំនងវិជ្ជាជីវៈ ដោយមិនអាចខ្វះ ដៃគូណាមួយឡើយ សម្រាប់សុខុដុមនីយកម្ម ក្នុងរោងចក្រសហគ្រាស ។

ឯកឧត្តមរដ្ឋមន្ត្រី ក៏បានបញ្ជាក់ឱ្យអង្គវេទិកាយល់ ពីស្ថានភាពនៃការវិវឌ្ឍ ក្នុងតំបន់ និងពិភពលោក ដែលទាមទារឱ្យរាជរដ្ឋាភិបាលកម្ពុជាថ្លឹងថ្លែង និងប្រមើលទៅលើភាពប្រកួតប្រជែងរបស់ប្រទេស ក្នុងតំបន់ ដើម្បីធ្វើយ៉ាងណាឱ្យកម្ពុជា នៅតែរក្សាបានប្រៀបឈ្នះ និងភាពប្រកួតប្រជែង ក្នុងទិសដៅរក្សាលំនឹងការងារ និងការបង្កើនការទាក់ទាញ ការវិនិយោគដែលជាកត្តាបង្កើតឱកាសការងារបន្ថែម សម្រាប់យុវជនពេញកម្លាំងក្នុងសង្គម ។


បន្ថែមពីនេះ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ពីការយកចិត្តទុកដាក់ ជាអាទិភាពរបស់ក្រសួង ចំពោះលក្ខខណ្ឌការងារ ការបង្កើនឱកាសការងារ និងបរិយាកាសកាងារល្អ ការពង្រឹងសុខុដុមនីយកម្មនៃទំនាក់ទំនងវិជ្ជាជីវៈ និងការបណ្តុះបណ្តាលវិជ្ជាជីវៈ និងបច្ចេកទេសសំដៅ ឆ្លើយតបទៅនឹងបច្ចុប្បន្នភាព នៃទីផ្សារការងារនៅកម្ពុជា និងការធ្វើសមាហរណកម្មសេដ្ឋកិច្ចសកល ។ លើសពីនេះ ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ថា ក្រសួងបានគិតគូរ និងបានដាក់ទិសដៅ ក្នុងការពង្រឹងគុណភាព នៃអធិការកិច្ចការងារ ដើម្បីធ្វើឱ្យគ្រប់ភាគីមានជំនឿទុកចិត្ត ដែលជាចំណុចគន្លឹះ នៃភាពប្រសើរឡើងនៃទំនាក់ទំនងវិជ្ជាជីវៈផងដែរ ៕ អត្ថបទសហការ





ចែករំលែកព័តមាននេះ