រាជធានីភ្នំពេញ៖ ពលករខ្មែរដែលកំពុងរស់នៅ និងបម្រើការងារនៅសាធារណរដ្ឋកូរ៉េ ប្រកាសគាំទ្រយ៉ាងពេញទំហឹង ចំពោះការដាក់ចេញវិធានការម៉ឺងម៉ាត់ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្នុងការប្រយុទ្ធប្រឆាំង គ្រឿងញៀនខុសច្បាប់ នៅតាមក្រសួង ស្ថាប័ន និង រដ្ឋបាល ថ្នាក់ក្រោមជាតិនៅទូទាំងប្រទេស ។
លោក សុខា ពិនិត ជាពលករខ្មែរដែលកំពុងរស់នៅ និងធ្វើការនៅសាធារណរដ្ឋកូរ៉េលើកឡើងថា៖«ខ្ញុំបាទមានសេចក្តីសោមន្សរីករាយយ៉ាងខ្លាំង នៅពេលដឹងថាសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបានចេញសេចក្តីប្រកាស អំពីការលុបបំបាត់គ្រឿងញៀន នៅប្រទេសកម្ពុជា ខ្ញុំបាទនិងក្រុមគ្រួសារ សូមគាំទ្រយ៉ាងពេញទំហឹងនូវចំណាត់ការនេះ» ។
ដោយឡែក លោក វេន សាម៉ែន ជាពលករខ្មែរម្នាក់ទៀត ដែលកំពុងធ្វើការនៅសាធារណរដ្ឋកូរ៉េ ក៏បានលើកឡើងដែរថា៖ «ខ្ញុំសូមធ្វើការគាំទ្រយ៉ាងពេញទំហឹង នូវចំណាត់ការរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលបានដាក់បញ្ជាឱ្យមានការត្រួតពិនិត្យ និងលុបបំបាត់គ្រឿងញៀននៅកម្ពុជា» ។
ពលករខ្មែរដែលធ្វើការនៅសាធារណរដ្ឋកូរ៉េ បានគូសបញ្ជាក់ថា ការដាក់ចេញវិធានការម៉ឺងម៉ាត់ ក្នុងការ ប្រយុទ្ធប្រឆាំង គ្រឿងញៀនខុសច្បាប់ នៅតាម ក្រសួង ស្ថាប័ន និង រដ្ឋបាល ថ្នាក់ក្រោមជាតិរបស់សម្តេចនាយករដ្ឋមន្ត្រីនេះ គឺជាយន្តការមួយសំខាន់ណាស់ សម្រាប់កំចាត់គ្រឿងញៀន ចេញពីកម្ពុជា និងដើម្បីអនាគតដ៏ភ្លឺស្វាងរបស់ពលរដ្ឋខ្មែរ និងយុវជនខ្មែរជំនាន់ក្រោយផងដែរ ។
គូសបញ្ជាក់ផងដែរថាកាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបានចេញបញ្ជា តម្រូវឱ្យគ្រប់ក្រសួង ស្ថាប័ន និង រដ្ឋបាល ថ្នាក់ក្រោមជាតិ ត្រួតពិនិត្យជាប្រចាំ ចំពោះមន្ដ្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងយោធិន ព្រមទាំងមន្ត្រីជាប់កិច្ចសន្យា ដែលស្ថិតក្រោមឱវាទរបស់ខ្លួន និងមានវិធានការបញ្ចប់មុខតំណែង និងបណ្តេញចេញពីក្របខណ្ឌ ករណីរកឃើញថា បានប្រើប្រាស់និងការពាក់ព័ន្ធនឹងគ្រឿងញៀនខុសច្បាប់ ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ