រាជធានីភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងការងារ កាលពីថ្ងៃទី០៨ ខែកុម្ភៈ បានផ្តល់អនុសាសន៍ណែនាំចំនួន ១៣ ចំណុច ឱ្យក្រសួងការងារអនុវត្តឱ្យជោគជ័យ ។
ក្នុងចំណោមអនុសាសន៍ទាំង១៣ចំណុចនេះ ត្រង់អនុសាសន៍ទី៣ គឺសម្តេចធិបតី លើកទឹកចិត្តឱ្យក្រសួងការងារអនុវត្តអនុសាសន៍គន្លឹះទាំង ១០ ចំណុច របស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងអនុសាសន៍ ១០ ចំណុច ដែលសម្តេចធិបតីបានដាក់ចេញកាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣ កន្លងទៅ ឱ្យមានប្រសិទ្ធភាពខ្ពស់ ។
លោកបណ្ឌិត យង់ ពៅ អគ្គលេខានៃរាជបណ្ឌិត្យសភាកម្ពុជា និងជាអ្នកជំនាញវិទ្យាសាស្ត្រនយោបាយបានបញ្ជាក់ថា អនុសាសន៍ណែនាំចំនួន ១០ របស់សម្តេចធិបតី ជាគុណតម្លៃដ៏សំខាន់របស់ថ្នាក់ដឹកនាំ ក្នុងការបន្តយកចិត្តទុកដាក់ ចំពោះសុខទុក្ខប្រជាពលរដ្ឋ កម្មករនិយោជិត យុវជន ដើម្បីភាពសុខសាន្ត និងសេដ្ឋកិច្ចសង្គមកម្ពុជា ដែលផ្តើមចេញពីមូលដ្ឋានរឹងមាំនៃសុខភាព សុខុមាលភាពរបស់ប្រជាពលរដ្ឋនៅទូទាំងប្រទេស ។
អនុសាសន៍ទាំង១០ចំណុចរបស់សម្តេចធិបតី ណែនាំឱ្យក្រសួងការងារ ពិភាក្សាទៅលើប្រាក់ឈ្នួលកម្មករ, ការអនុវត្តរបបសន្តិសុខសង្គម ប.ស.ស សម្រាប់អ្នកធ្វើការនៅសេដ្ឋកិច្ចក្រៅប្រព័ន្ធ, កម្មវិធីវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ១,៥លាននាក់, ការឧបត្ថម្ភប្រាក់ដល់ស្ត្រីមានផ្ទៃពោះ មុននិងក្រោយពេលសម្រាល, បង្កើតកម្មវិធី ដើម្បីប្រែក្លាយ សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ ចាប់ពីឆ្នាំ២០២៤តទៅ ។
ក្រៅពីនេះអនុសាសន៍ណែនាំចំនួន៤ ដែលក្រសួងការងារត្រូវអនុវត្តនៅរយៈពេល២ឆ្នាំខាងមុខនោះគឺត្រូវសហការជាមួយក្រសួងពាក់ព័ន្ធបង្កើតទារកដ្ឋាន និងមតេយ្យសហគមន៍, រៀបចំកន្លែងហូបបាយឬអាហារដ្ឋាននៅតាមរោងចក្រ, ការផ្លាស់ប្តូរមធ្យោបាយដឹកកម្មករ ដើម្បីផាកសុខភាពនិងសុវត្ថិភាព និងការជំរុញការធ្វើតេសជំនាញរបស់កម្មករទាំងក្នុងស្រុកនិងក្រៅស្រុកឱ្យទទួលបានវិញ្ញាបនបត្រទទួលស្គាលជំនាញមួយ ។
ចំពោះអនុសាសន៍គន្លឹះទាំង ១០ របស់សម្តេចតេជោ ត្រូវបានលោកបណ្ឌិត យង់ ពៅ យល់ឃើញថា ជាអនុសាសន៍ដែលមានតម្លៃដ៏មហាសាលសម្រាប់កម្មករនិយោជិត ដែលកំពុងបម្រើកការងារនៅកម្ពុជា។ ព្រោះសុទ្ធតែមានគុណប្រយោជន៍សម្រាប់កម្មករនិយោជិត ពិសេសសម្រាប់ស្ត្រីមានផ្ទៃពោះ មុននិងក្រោយសម្រាល រួមនឹងការគាំពារសុខភាពរបស់កម្មករនិយោជិត តាមរយៈការអនុវត្តរបបសន្តិសុខសង្គមជាដើម ។
ជាមួយគ្នានេះ លោកបណ្ឌិតយង់ ពៅ សង្ឃឹមថា ក្រសួងការងារ និងក្រសួងស្ថាប័នពាក់ព័ន្ធនឹងបន្តអនុវត្តអនុសាសន៍គន្លឹះទាំង ១០ ចំណុច របស់សម្តេចតេជោឱ្យមានប្រសិនភាព និងនិរន្តរភាព ដើម្បីជាប្រយោជន៍ដល់កម្មករនិយោជិតក្នុងការរក្សាស្ថេរភាពសង្គម សេដ្ឋកិច្ច និងនយោបាយនៅកម្ពុជា ។ លោកបណ្ឌិតបន្តថា កម្មករនិយោជិត គឺជាកម្លាំងផលិតដ៏សំខាន់ របស់សង្គមជាតិ នៅក្នុងវិស័យឧស្សាហកម្ម ។
គួរបញ្ជាក់ថា អនុសាសន៍គន្លឹះទាំង ១០ ចំណុចរបស់សម្តេចតេជោ មានដូចជាការបើកប្រាក់ឈ្នួលកម្មករ ២ ដងក្នុង ១ ខែ, ការពិនិត្យព្យាបាលជំងឺជូនកម្មករមិនគិតថ្លៃ, ការផ្តល់ប្រាក់ឈ្នួល១២០%និងអនុញ្ញាតឱ្យសម្រាកមាតុភាព ៣ ខែ សម្រាប់ស្ត្រីសម្រាលកូន ។ ក្រៅពីនេះក៏មានការឧបត្ថម្ភប្រាក់ ដល់កម្មករិនីមានកូន ១ នាក់ ៤០ ម៉ឺនរៀល, ការទទួលបានរបបសន្តិសុខសង្គមថែទាំងសុខភាព, ការពិនិត្យថ្លៃឈ្នួលផ្ទះ ថ្លៃទឹក និងថ្លៃអគ្គិសនីនៅតាមផ្ទះជួល ។ល ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ