រាជធានីភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងការងារ កាលពីថ្ងៃទី០៨ ខែកុម្ភៈ បានផ្តល់អនុសាសន៍ណែនាំចំនួន ១៣ ចំណុច ឱ្យក្រសួងការងារអនុវត្តឱ្យកាន់តែប្រសើរថែមទៀត ខណៈអនុសាសន៍ណែនាំនានា របស់សម្តេចធិបតី នាពេលកន្លងមក ក្រសួងការងារអនុវត្តបានយ៉ាងជោគជ័យ ។

សម្រាប់អនុសាសន៍ណែនាំចំណុចទី១២ របស់សម្តេចធិបតី ឱ្យក្រសួងការងារត្រូវបន្តពង្រីកវិសាលភាព និងពង្រឹងរបបសន្តិសុខសង្គម តាមរយៈការពង្រឹងប្រសិទ្ធភាព នៃប្រតិបត្តិការការងារ របស់បេឡាជាតិសន្តិសុខសង្គម (ប.ស.ស), ការពិនិត្យការរៀបចំក្របខ័ណ្ឌគោលនយោបាយ និងលិខិតបទដ្ឋានគតិយុត្ត ដើម្បីពង្រីកវិសាលភាព នៃការអនុវត្តរបបសន្តិសុខសង្គម ដល់សហគ្រិន និងកម្មករនិយោជិតនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងអ្នកស្ម័គ្រចិត្តដទៃទៀត, និងការជំរុញការពិភាក្សា និងការចុះកិច្ចព្រមព្រៀងជាមួយបណ្តាប្រទេសនានា ដើម្បីផ្លាស់ប្តូរទិន្នន័យសន្តិសុខសង្គម ផ្នែកប្រាក់សោធន សម្តៅអនុវត្តចល័តភាពនៃរបបសន្តិសុខសង្គម ពីប្រទេសមួយទៅប្រទេសមួយ ។

ជុំវិញអនុសាសន៍ណែនាំនេះ លោកបណ្ឌិត គិន ភា អ្នកវិភាគសង្គម-នយោបាយនៅកម្ពុជា បានបញ្ជាក់ថា ជាអនុសាសន៍ណែនាំដ៏មានសារសំខាន់ សម្រាប់ប្រជាពលរដ្ឋខ្មែរ ជាពិសេសប្រជាពលរដ្ឋដែលធ្វើការនៅសេដ្ឋកិច្ចក្រៅប្រព័ន្ធ ព្រោះកន្លងមកពលរដ្ឋទាំងនេះមិនទាន់យន្តការគាំពារសង្គមណាមួយ សម្រាប់ពួកគាត់នោះទេ ។
តែយ៉ាងណាសម្រាប់រដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដាក់ចេញគោលនយោបាយ ដែលអាចឱ្យពលរដ្ឋធ្វើការនៅសេដ្ឋកិច្ចក្រៅប្រព័ន្ធទទួលបានសេវាថែទាំសុខភាព របស់បេឡាជាតិសន្តិសុខសង្គម(ប.ស.ស) ដែលការណ៍នេះជារឿងគួរឱ្យសាទរខ្លាំងណាស់ ។

លោកបណ្ឌិត គិន ភា បានបន្ថែមទៀតថា សម្រាប់របបសន្តិសុខសង្គមនេះគឺមានអត្ថប្រយោជន៍ដល់មហាសាល សម្រាប់ប្រជាពលរដ្ឋ ហើយប្រសិនបើមានការពង្រីកវិសាលភាព កាន់តែទូលំទូលាយថែមទៀតនោះ លោកគិតថានេះគឺជាការជួយជាក់ស្តែង ចំពោះពលរដ្ឋពីសំណាក់រដ្ឋាភិបាល ។

លោកបណ្ឌិតបញ្ជាក់ទៀតថា យ៉ាងដើម្បីសម្រេចនូវអនុសាសន៍ណែនាំរបស់ សម្តេចធិបតី គឺចាំបាច់ត្រូវមានក្របខ័ណ្ឌគោលនយោបាយ ក្របខ័ណ្ឌយុទ្ធសាស្ត្រ និងលិខិតបទដ្ឋានគតិយុទ្ធផ្សេងៗទៀត ដើម្បីជាធាតុចូលធ្វើយ៉ាងណា ឱ្យការអនុវត្តកាន់តែមានប្រសិទ្ធភាព ។
លោកបណ្ឌិត គិន ភា ជឿជាក់ថា នៅពេលអនាគត របបសន្តិសុខសង្គមនេះ នឹងទទួលបានការចាប់អារម្មណ៍កាន់តែច្រើន ពីសំណាក់ប្រជាពលរដ្ឋគ្រប់រូប ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ