ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អគ្គនាយក​ស៊ី​ម៉ាក់ ស្នើ​ឲ្យ​បង្កើត​ច្បាប់​ហាម​បរិភោគ​សាច់​ឆ្កែ នៅ​កម្ពុជា

3 ខែ មុន

រាជធានី​ភ្នំពេញ ៖ លោក ហេង រតនា អគ្គនាយក​មជ្ឈមណ្ឌល​ជាតិ​កម្ចាត់​មីន​កម្ពុជា (​ស៊ី​ម៉ាក់​) បាន​ស្នើ​ឲ្យ​មានច្បាប់​ហាមឃាត់​ការ​បរិភោគ​សាច់​សុនខ​(​ឆ្កែ​) និង​ដាក់ទោស​ចំពោះ​ជនល្មើស​តាម​ច្បាប់ ។…

រាជធានី​ភ្នំពេញ ៖ លោក ហេង រតនា អគ្គនាយក​មជ្ឈមណ្ឌល​ជាតិ​កម្ចាត់​មីន​កម្ពុជា (​ស៊ី​ម៉ាក់​) បាន​ស្នើ​ឲ្យ​មានច្បាប់​ហាមឃាត់​ការ​បរិភោគ​សាច់​សុនខ​(​ឆ្កែ​) និង​ដាក់ទោស​ចំពោះ​ជនល្មើស​តាម​ច្បាប់ ។

ការ​ស្នើ​នេះ​បន្ទាប់​ពី ស៊ី​ម៉ាក់ ចូលរួម​អបអរសាទរ​ចំពោះ​ប្រទេស​កូរ៉េ​ខាងត្បូង បាន​សម្រេច​អនុវត្ត​ច្បាប់​ហាមឃាត់​ការ​បរិភោគ​សាច់​សុនខ​កាលពី​ថ្ងៃ​ទី​០៩ ខែមករា ឆ្នាំ​២០២៤ ។

យោង​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ករប​ស់លោក ហេង​ន​រតនា អគ្គនាយក​ស៊ី​ម៉ាក់ បាន​បញ្ជាក់​នៅ​ថ្ងៃ​ទី​១០ ខែមករា ឆ្នាំ​២០២៤​នេះ​ថា ៖ «
លោក​យល់​ថា ខ្មែរ​អាច​ធ្វើ​បាន នៅ​ចំពោះ​មុខ កម្ពុជា​ក៏​មានច្បាប់​គ្រប់គ្រង​សត្វ និង​ចំណីអាហារ​មួយ​ចំនួន ដែល​ក្រសួង​ស្ថ​ប័ន​ពាក់ព័ន្ធ​អាចយ​កមក​អនុវត្ត​ហាមឃាត់​បាន​។ ទន្ទឹង​នឹង​នេះ លោក​សូម​សំណូមពរ​ចលនា​កសាង​ច្បាប់​មួយ​នៅ​ព្រះរាជាណាចក្រ​នេះ ដើម្បី​ហាមឃាត់​ការ​បរិភោគ​សាច់​សុនខ និង​ដាក់ទោស​ចំពោះ​ជនល្មើស​តាម​ច្បាប់​តែ​ម្តង​!» ។

លោក ហេង រតនា បាន​លើក​ឡើង​ថា ប្រទេស​កូរ៉េ​ខាងត្បូង បាន​សម្រេច​ដាក់​ច្បាប់​ហាមឃាត់​ការ​បរិភោគ​សាច់​សុនខ​នេះ អាច​ធ្វើការ​ផាកពិន័យ​ជនល្មើស​ជាង ២២,០០០​ដុល្លារ ឬ​ជាប់គុក ៣​ឆ្នាំ ។ នៅ​កូរ៉េ​ខាងត្បូង មាន​អាជីវកម្ម​ចិញ្ចឹម​សុនខ លក់​សាច់ ជាង ៣,៥០០​កន្លែង និង​ហាង​លក់​សាច់​សុនខ ចំនួន​ជាង​៣,០០០​កន្លែង មាន​សុនខ ចំនួន​ប្រមាណ​ជាង​១.៥​លាន​ក្បាល ។ ប្រពៃណី​កូរ៉េ ការ​បរិភោគ​សាច់​សុនខ​បាន​ចាក់​ឫស​ជ្រៅ តាំងពី​សម័យ​បុរាណ​មក​ម្ល៉េះ តែ​កូរ៉េ​ខាងត្បូង នៅ​តែ​កែប្រែ​បាន​! ។

លោក ហេង រតនា លើក​ឡើង​បន្ត​ថា បើ​ក្រឡេក​មក​មើល​កម្ពុជា​យើង​វិញ មាន​ប្រពៃណី​ទំនៀមទម្លាប់​ថ្លៃ​ថ្លូ​រ មិន​បរិភោគ​សាច់​សុនខ​នេះ​ទេ​តាំងពី​បុរាណកាល​មក​ម្ល៉េះ ប៉ុន្តែ​បច្ចុប្បន្ន​នេះ មាន​អ្នក​បរិភោគ​សាច់​សុនខ កាន់តែ​ច្រើន​ឡើង​ៗ ជា​ពិសេស ក្នុង​ចំណោម​យុវជន ។

លោក ហេង រតនា បញ្ជាក់​ថា យោង​តាម​ឯកសារ​ស្រាវជ្រាវ​បានឱ្យ​ដឹង​ថា មានការ​ស​ម្លា​.​ប់​សុនខ​យក​សាច់ មាន​ប្រមាណ​២-៣​លាន​ក្បាល ក្នុង​មួយ​ឆ្នាំ​ៗ ហើយ​កន្លែង​សត្វឃាត​(​សុនខ​) សុទ្ធតែ​គ្មាន​ច្បាប់​អនុញ្ញាត​ឡើយ ដូច្នេះ​ការ​បរិភោគ​សាច់​សុនខ អាច​ប្រឈម​នឹង​គ្រោះថ្នាក់​ដល់​សុខភាព​សាធារណៈ​ផង​ដែរ តែ​អ្វី​កាន់​គ្រោះថ្នាក់​ថែម​ទៀត​នោះ គឺ​ប្រពៃណី​ទំនៀមទម្លាប់​ដ៍​ផូរផង់​របស់​ដូនតា​ខ្មែរ ត្រូវ​បាន​បំផ្លាញ ធ្វើ​ឱ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ ដល់​សីលធម៌​សង្គម និង​ភ្លៀវ​ទេសចរ​អន្តរជាតិ​មួយ​ចំនួន មិន​ចង់​មក​ទស្សនា​កម្ពុជា ដោយសារ​ទិដ្ឋភាព​អវិជ្ជមាន នៃ​ការ​ធ្វើ​អាជីវកម្ម​សត្វ​សុនខ ជា​អាហារ​នេះ ។

កន្លង​មក អគ្គនាយក​ស៊ី​ម៉ាក់ ក៏​បាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយ ប្រធាន​ក្រុម​សម្ព​ន្ធ័​អន្តរជាតិ​ការពារ​សត្វ (VIER PFOTEN International) និង​នាយក រួម​និង​ស្ថាបនិក​អង្គភាព​សង្គ្រោះ​សត្វ​កម្ពុជា ដើម្បី​សហការ​គ្នា​សំរបសំរួល​ការងារ​សត្វ​សុនខ​នៅ​ក​ម្ព​ជា ក៏​ដូច​ជា​ជំរុញ​ការ​ផ្សព្វផ្សាយ​ប្រឆាំង​នឹង​ការ​ជួញដូរ និង​បរិភោគ​សាច់​សុនខ នៅ​កម្ពុជា ផង​ដែរ ។ កិច្ចព្រមព្រៀង​នេះ អង្គការ​ទាំង​២ នឹង​ជួយ​គាំទ្រ​ស៊ី​ម៉ាក់​ឲ្យ​រៀបចំ​សិក្ខាសាលា ថត​ស្ព​ត​អប់រំ ការងារ​ផ្សព្វផ្សាយ​តាម​វិទ្យុ ទស្ស​ទសន៍ សារព័ត៌មាន និង​ការងារ​ផ្តល់​ការ​ជួយ​ថែទាំ​សុខភាព​សត្វ​សុនខ​ជាដើម​។ អង្គភាព​ស៊ី​ម៉ាក់​ចូលរួម​លើកកំពស់​វប្បធម៌ ប្រពៃណី និង​សីលធម៌​ស្រលាញ់​សុនខ ទាំង​រូបភាព​ជា​សុនខ​គ្រួសារ សុនខ​បំរើ​ការងារ​ដោះ​មីន ការងារ​សន្តិសុខ​ជាដើម​។

ជា​ច្រើន​លើក​ច្រើន​សារ​ហើយ​ដែល​លោក ហេង រតនា អគ្គនាយក​ស៊ី​ម៉ាក់ បាន​បញ្ចេញ​ទស្សនៈ ក្នុង​គោលបំណង ដើម្បី​ប្រឆាំង​ការ​ជួញដូរ និង​ហូប​សាច់​សុនខ នៅ​ប្រទេស​កម្ពុជា ដោយ​លោក​បញ្ជាក់​ថា ស្ថានភាព​ការ​ជួញដូរ និង​ហូប​សាច់​សុនខ អាច​បង្ក​ឲ្យ​មាន​បញ្ហា​៤​សំខាន់​ៗ រួម​មាន ៖

ទី​១៖ បាត់បង់​វប្បធម៌​ទំនៀមទម្លាប់ និង​ប្រពៃណី​ដ៏​ល្អ​របស់​ប្រជាជន​ខែ្ម​រ ដែល​ផ្តាំ​ត​កូនចៅ​ដោយ​ហាម​មិន​ឲ្យ​បរិភោគ​សាច់​សុនខ​ឡើយ រហូត​ដល់​យល់​ថា ជា​ទ​ង្វើ​នាំ​ឲ្យ​ចង្រៃ​ដល់​ខ្លួនឯង និង​គ្រួសារ​។ បើ​គ្មាន​វិធានការ​ទេ ប្រពៃណី និង​វប្បធម៌​ដ៏​ប្រពៃ​ថ្លៃថ្នូរ​នេះ នឹង​រលាយ​សាបសូន្យ​មិន​ខាន​ឡើយ​។

ទី​២៖ ការ​បង្ក​អំពើ​ចោរកម្ម និង​បង្ក​បទល្មើស​ផ្សេង​ៗ​ក្នុង​សង្គម រួម​ទាំង​ទ​ង្វើ​កាច​សាហាវ​បង្ក​ហិង្សា​ក្នុង​គ្រួសារ​។

ទី​៣៖ មាន​ផល​ប៉ះពាល់​ដល់​សុខភាព​សាធារណៈ មាន​ប្រភេទ​ជំងឺឆ្លង​ផង​ដែរ (​នេះ​បើ​យោង​តាម​ការ​វាយតំលៃ មន្ត្រី​ជំនាញ​សុខភាព​មក​ពី​ប្រទេស​អូស្ត្រាលី ហើយ​អង្គភាព​ស៊ី​ម៉ាក់ នឹង​សហការ​រយៈ​២​ឆ្នាំ​២០១៩-២០២០ ជាមួយ​សាស្ត្រាចារ្យ​មក​ពី​សាកលវិទ្យាល័យ​មែ​ល​ប៊​ន ដើម្បី​តាមដាន​ជំងឺ​សុនខ នៃ​អង្គភាព​ស៊ី​ម៉ាក់​)

ទី​៤៖ ភាព​អ​សីល​ម៌​ចំពោះ​គុណ​បំណាច់​សុនខ​បម្រើ​មនុស្សជាតិ ជា​ពិសេស​សុនខ​ហិត​មីន សុនខ​សន្តិសុខ (​សម្រាប់​សន្តិសុខ​គ្រួសារ និង​សាធារណៈ​) សុនខ​ប្រឆាំង​ភេ​វរ​កម្ម សុនខ​ប្រឆាំង​គ្រឿងញៀន សុនខ​ការពារ​ព្រំដែន​ជាដើម​។

បន្ថែម​ពី​នេះ អគ្គនាយក​ស៊ី​ម៉ាក់ ក៏​បាន​អំពាវនាវ​ផង​ដែរ​ថា ពេល​នេះ​ជា​ពេលវេលា​យ៉ាង​សម​ស្រប​សម្រាប់​ប្រជាជន​កម្ពុជា និង​អ្នក​អនុវត្ត​ច្បាប់​អាច​ចូលរួម​លុប​បំបាត់​ភាព​អសកម្ម​ក្នុង​សង្គម​ខែ្ម​រ និង​រួម​គ្នា​លើកកម្ពស់​ប្រពៃណី និង​សីលធម៌​សង្គម​ខែ្ម​រ ។

សូម​ជម្រាប​ផង​ដែរ​ថា កាលពី​ថ្ងៃ​ទី​០៩ ខែមករា ឆ្នាំ​២០២៤ កូរ៉េ​ខាងត្បូង បញ្ចប់​ភាព​ចម្រូងចម្រាស​លើ​ទំនៀមទម្លាប់​បុរាណ​នៃ​ការ​បរិភោគ​សាច់​ឆ្កែ ក្រោយ​រដ្ឋសភា បាន​អនុម័ត​ច្បាប់​ពិសេស​មួយ ដើម្បី​ហាមប្រាម​ការ​ធ្វើ​អាជីវកម្ម និង​ទទួលទាន​សាច់​ឆ្កែ ។

ច្បាប់​នេះ បាន​ទទួល​ការ​អនុម័ត ជា​ឯកច្ឆ័ន្ទ នៅ​ក្នុង​ការ​បោះ​ឆ្នោត​យល់ព្រម ចំនួន ២០៨​សំឡេង​, មិន​ព្រម សូន្យ​សំឡេង​, អនុប្បវាទ​២ សំឡេង​។ ហើយ​ច្បាប់​នេះ ត្រូវ​បាន​កំណត់​ឱ្យ​អនុវត្ត​ចាប់ពី​ឆ្នាំ​២០២៧ តទៅ​។ ការ​បង្កាត់​ពូជ ឬ​ស​ម្លា​.​ប់​សត្វ​ឆ្កែ សម្រាប់​ទទួលទាន ក៏​ដូច​ជា​ការ​ចែកចាយ ឬ​លក់ដូរ ត្រូវ​បាន​ហាមឃាត់​ដាច់ខាត​។ អ្នក​លក់ដូរ​ចែកចាយ នឹង​ត្រូវ​ប្រឈម​មុខ​នឹង​ការ​ជាប់​ពន្ធនាគារ​ពី​២​ទៅ​៣​ឆ្នាំ ឬ​ពិន័យ​ជា​ប្រាក់​រហូត​ដល់​២០​លាន​វ៉ុ​ន (១៥,១៨២​ដុល្លារ​) ទៅ​៣០​លាន​វ៉ុ​ន (២២,៧៦៨​ដុល្លារ​) ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ