ខេត្តបាត់ដំបង ៖ ក្នុងបេសកកម្មនៅខេត្តជង្រុកស្រូវរបស់កម្ពុជា លោកប្រេមជីត សាដាស៊ីវ៉ាន់ (Premjith Sadasivan) ឯកអគ្គរដ្ឋទូតសិង្ហបុរីប្រចាំប្រទេសកម្ពុជា បានជួបជាមួយសមាជិកសភាពាណិជ្ជកម្មចំនួន១៥រូប ដឹកនាំដោយលោកឧកញ៉ាភួ ពុយ ប្រធានសភាពាណិជ្ជកម្មខេត្ដ និងជាប្រធានក្រុមហ៊ុនបៃតងកម្ពុជានៅខេត្ដបាត់ដំបង ដើម្បីសំណេះសំណាលលើវិស័យសេដ្ឋកិច្ច ពិសេសជុំវិញការនាំអង្ករចេញរបស់កម្ពុជា ។
លោកឯកអគ្គរដ្ឋទូតបញ្ជាក់ថា រៀងរាល់២ ឬ៣ខែម្ដង លោកនឹងចុះតាមខេត្ដនីមួយៗ ដើម្បីពិនិត្យឱ្យឃើញផ្ទាល់ភ្នែកលើវិស័យសេដ្ឋកិច្ចតាមតំបន់ដែលមានលក្ខណៈខុសៗគ្នា ហើយត្រូវការជួយជំរុញសម្របសម្រួលឱ្យមានការផ្លាស់ប្ដូរគ្នាទៅវិញទៅមករវាងអ្នកវិនិយោគទុនសិង្ហបុរី និងប្រទេសកម្ពុជា ព្រោះកន្លងមក មានអ្នកវិនិយោគទុនសិង្ហបុរីយ៉ាងច្រើនមកដល់រាជធានីភ្នំពេញបានសួរថា តើគេត្រូវទៅដាក់ទុននៅកន្លែងណាឱ្យចំមុខជំនាញរបស់គេទាំងទីតាំង និងមុខរបរ ។ លោកឯកអគ្គរដ្ឋទូត បានឱ្យតំណាងខាងភាគីកម្ពុជាបង្ហាញពីសក្តានុពលខេត្ដបាត់ដំបង តើមានវិស័យអ្វីត្រូវទាក់ទាញឱ្យអ្នកវិនិយោគទុនសិង្ហបុរីមកបណ្ដាក់ទុននៅទីនេះ។
លោកឧកញ៉ា ភួ ពុយ បានចាត់ទុកថា នេះជាការសំខាន់សម្រាប់ខេត្ដបាត់ដំបងដែលបច្ចុប្បន្នគ្រប់ៗគ្នាកំពុងផ្ដោតលើផលិតផលកសិកម្មមានទាំងការផលិតរួមនឹងការវេចខ្ចប់
ផងដែរ ដើម្បីតម្រូវការនាំចេញទៅក្រៅប្រទេសដែលពីពេលមុនៗមកធ្លាប់តែលក់វត្ថុធាតុដើមឱ្យទៅប្រទេសជិតខាង ហើយចំពោះតម្លៃស្រេចនៅលើគេកំណត់ឱ្យមិនពិតប្រាកដ ឥឡូវយើងអាចងើបឈរដើរដោយខ្លួនឯងបានខ្លះ នៅខ្វះតែដៃគូមករួមគ្នាបន្ដពង្រឹងថែមទៀតប៉ុណ្ណោះ។លោកឧកញ៉ាបន្ដថា សហគ្រាស សិប្បកម្មគ្រប់ធុនកំពុងមានការកើនឡើង ហើយត្រូវការដៃគូមានគ្រឿងចក្រ និងបច្ចេកទេសមករួមគ្នាកែច្នៃផលិតផលក្នុងស្រុកសម្រាប់វេចខ្ចប់នាំចេញដោយខ្លួនឯង ។ ចំពោះអ្នកវិនិយោគទុនក្នុងស្រុកជួបការលំបាកច្រើនលើសេវាកម្មឥណទានយកមកពង្រីកសហគ្រាស សិប្បកម្មថែមទៀត ហើយពេលនេះជាឱកាសល្អមួយដែលលោកឯកអគ្គរដ្ឋទូតមកដោយផ្ទាល់នោះ គឺសុំជួយសម្រួលឱ្យមានការជួបគ្នាវោងអ្នកវិនិយោគទុនមានមុខរបរដូចគ្នាទាំងពីរប្រទេស ដើម្បីរួមសហការគ្នាកែច្នៃផលិតផលសម្រាប់ការនាំចេញ។
លោកគីង ចាន់ឡាយ សមាជិកសភាពណិជ្ជកម្មខេត្ដ បានសំណូមពរសុំឱ្យលោកឯកអគ្គរដ្ឋទូតជួយណែនាំ៣ចំណុចគឺ ១-អ្នកវិនិយោគរោងចក្រម្សៅមីមិនទាន់មានដៃគូ ២-ការនាំចូលផលិតផលអេឡិចត្រូនិកមិនទាន់មានដៃគូ និង៣-គ្រូបង្រៀនភាសា ។ លោកហេង ឆាត សមាជិកសភាពាណិជ្ជកម្មខេត្ដ សុំរកដៃគូបង្កើតរោងចក្រផលិតស្ករអំពៅដែលក្រុមហ៊ុនលោកមានដីសម្បទានពីរាជរដ្ឋភិបាលប្រមាណ២ម៉ឺនហិកតាដាំអំពៅរួចគ្មានទីផ្សារ និងគ្មានការផលិត ព្រោះមិនទាន់មានដៃគូ ។
លោកឧកញ៉ាភួ ពុយ បញ្ជាក់បន្ថែមថា កន្លងមក មានអ្នកវិនិយោគមករកដីបោះទីតាំងតែត្រូវដកទៅវិញ ដោយសារតែមានទំនាស់រឿងដីធ្លី។ បញ្ហានោះមកពីអ្នកវិនិយោគចាប់ដៃគូខុសមិនចំអ្នកវិនិយោគដូចគ្នា គឺទៅប៉ះចំអ្នកគួកជេទិញ-លក់ដី តែបើប៉ះចំអ្នកវិនិយោគដូចគ្នាដៃគូអាចផ្តល់សម្បទានដីឱ្យធ្វើដោយមិនគិតថ្លៃឡើយ ហើយបើមានតម្លៃក៏មានការសម្របសម្រួល ព្រោះចង់បានដៃគូ ។ បញ្ហានេះធ្លាប់លើកយកមកដោះស្រាយនៅវេទិកាសាធារណៈលើវិស័យឯកជនក្នុងឆ្នាំ២០០៨-២០០៩ ដោយកាលនោះគ្រាន់តែទារថ្លៃដី១ហិកតា១លានដុល្លារ ដូច្នោះហើយ អ្នកវិនិយោគទុនបរទេសត្រូវដកខ្លួន កុំឱ្យខាតពេលវេលា និងថវិកាកាន់តែច្រើនថែមទៀត ៕
ចែករំលែកព័តមាននេះ