ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពូ​ឃ្លាំង យក​ទម្រង់​ល្ខោនបាសាក់​បញ្ចូល​ក្នុង​បទ​ចម្រៀង​ថ្មី លើក​ស្ទួយ​សិល្បៈ​បុរាណ​ខ្មែរ

3 ខែ មុន
  • ភ្នំពេញ

តារាចម្រៀង​បែប​រ៉េ​ប ឌី​ជេ ឃ្លាំង នឹង​យក​ទម្រង់​ល្ខោនបាសាក់​បញ្ចូល​ទៅ​ក្នុង​បទ​ចម្រៀង​ថ្មី​របស់​លោក ដែល​មាន​ចំណងជើង​ថា

រាជធានី​ភ្នំពេញ ៖ តារាចម្រៀង​បែប​រ៉េ​ប ឌី​ជេ ឃ្លាំង នឹង​យក​ទម្រង់​ល្ខោនបាសាក់​បញ្ចូល​ទៅ​ក្នុង​បទ​ចម្រៀង​ថ្មី​របស់​លោក ដែល​មាន​ចំណងជើង​ថា «​យក្ស​» ក្នុង​ន័យ​ចូលរួម​ថែរក្សា ផ្សព្វផ្សាយ និង​លើក​ស្ទួយ​សិល្បៈ​បុរាណ​ខ្មែរ ក្នុង​ពេល​ដែល​សិល្បៈ​មួយ​នេះ​ហាក់​មានការ​ថមថយ​ការ​គាំទ្រ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ ។

ក្នុង​នាម​ជា​អ្នកសិល្បៈ​ចម្រៀង​សម័យ ដែល​មានឈ្មោះ​បោះ​សម្លេង​ម្នាក់ ពូ​ឃ្លាំង ត្រូវ​បាន​គេ​មើលឃើញ​ថា កន្លង​មក បទ​ចម្រៀង​របស់​លោក​តែងតែ​បញ្ចូល​នូវ​ទម្រង់​សិល្បៈ​បុរាណ​ផ្សេង​ៗ ដើម្បី​រំលេច​ឡើង​ពី​ការ​បូក​បញ្ចូល​គ្នា​នៃ​សិល្បៈ​ចម្រុះ​ទាំង​សម័យ និង​បុរាណ ។ កត្តា​នេះ បាន​ក្លាយជា​ការ​ជួយ​ជម្រុញ​លើកទឹកចិត្ត និង​ចូលរួម​ចំណែក​ផ្សព្វផ្សាយ​សិល្បៈ​បុរាណ​ខ្មែរ​ឲ្យ​កូន​ខ្មែរ​ជំនាន់​ក្រោយ​បានដឹង និង​បានឃើញ​ពី​ទម្រង់​សិល្បៈ​បុរាណ​នានា ដែល​ដូច​តា​ខ្មែរ​បន្សល់​ទុក ។ ដូច​ជា​ពេល​កន្លង​ទៅ ជា​ថ្មី​ម្តងទៀត ពូ​ឃ្លាំង បាន​ប្រកាស​នឹង​បញ្ចូល​ទម្រង់​សិល្បៈ​ល្ខោនបាសាក់​ខ្មែរ​ចូល​នៅ​ក្នុង​បទ​ចម្រៀង​ថ្មី​របស់​លោក ដែល​ត្រៀម​នឹង​ចេញផ្សាយ​នា​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ ។

ពូ​ឃ្លាំង បាន​ប្រកាស​លើ​បណ្តាញ​សង្គម​ថា «​ខ្មែរ​អើយ កុំ​រវល់​តែ​បារម្ភ ខ្លាច បារម្ភរ​ត់ទៅ​ណា គួរ​នាំ​គ្នា​គិតគូរ បំផុសគំនិត ការ​គាំទ្រ និង​ថែរក្សា​ដល់​សិល្បៈ​ដូនតា​ដែល​បាន​បន្សល់​ទុក​ឱ្យ កុំ​ចាំ​រហូត​ដល់​គេ​មាន​ដែរ គេ​ធ្វើ​ល្អ​ជាង គេ​ថែរក្សា​ជាង គេ Promote ជាង ទៅ​ខឹង​ចោទ​គេ​ថា​គេ​លួ​.​ច​»​។

តារា​រូប​នេះ​បញ្ជាក់​ថា «​សម្រាប់​ខ្ញុំ ពូ​ឃ្លាំង នឹង​យក​សិល្បៈ​ទម្រង់​ល្ខោនបាសាក់​ដាក់​ចូល​ក្នុង MV របស់​ខ្ញុំ «​យក្ស​»​។ ទោះ MV ខ្ញុំ​គ្មាន​អ្នក​មើល​រាប់​លាន View តែ​ខ្ញុំ​សប្បាយ​ចិត្តនឹង​បាន​ចូលរួម​ចំណែក​លើក​ស្ទួយ និង​ថែរក្សា​អ្វី​ដែល​ខ្មែរ​មាន​»​។

ជា​ការ​កត់សម្គាល់ ក្រោយ​ពេល ពូ​ឃ្លាំង បាន​ប្រកាស​ដំណឹង​ខាងលើ​នេះ គេ​ឃើញ​មាន​ប្រិ​យ​មិត្ត អ្នកគាំទ្រ​រូប​លោក​ជា​ច្រើន​បាន​សម្តែង​ការ​គាំទ្រ និង​លើកទឹកចិត្ត​ចំពោះ​រូប​លោក ជា​ពិសេស​សិល្បករ​ដែល​​កំពុង​ចាប់​អាជីព​ល្ខោនបាសាក់​បាន​សម្តែង​ការ​គាំទ្រ និង​រីករាយ ខណៈ​ពេល​ដែល​ពួក​គេ​ក៏​ចង់​ឃើញ​មាន​តារា​ផ្សេង​ៗ​ចូលរួម​ផ្សព្វផ្សាយ​ទម្រង់​សិល្បៈ​បុរាណ​នេះ​ដូច​គ្នា​។

ប្រធាន​ក្រុម​ល្ខោនបាសាក់ អុល សំអាង វង់​ទី​១ រាជធានី​ភ្នំពេញ លោក អុល សំអាង ក៏​បាន​ចូលរួម​សាទរ និង​គាំទ្រ​ចំពោះ​តារាចម្រៀង ពូ​ឃ្លាំង ដែល​បាន​សម្រេច​យក​ទម្រង់​ល្ខោនបាសាក់​ឲ្យ​មក​សម្តែង​បញ្ចូល​ក្នុង​បទ​ចម្រៀង​របស់​លោក​នា​ពេល​នេះ ។

កន្លង​មក លោក អុល សំអាង តែងតែ​អំពាវនាវ​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​កថា «​ទម្រង់​ល្ខោន​ខ្មែរ ប្រពៃណី​ខ្មែរ កូន​ខ្មែរ​យើង​ប្រឹងប្រែង ស៊ែរ​ផ្សព្វផ្សាយ​បន្ត​លើក​ស្ទួយ​សិល្បៈ​ល្ខោនបាសាក់​ខ្មែរ ល្ខោន​បុរាណ​ជាតិ កុំអោយ​បាត់បង់​»​។

លោក អុល សំអាង តែងតែ​អំពាវនាវ​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​កថា «​ក្នុង​នាម​ជា​តួឯក​ល្ខោនបាសាក់​ខ្មែរ​មួយ​រូប រូប​លោក​មិន​ថា​កាល​ឆ្នាំ​ចាស់ ឬ​ផ្លាស់​ចូល​ឆ្នាំ​ថ្មី​ក៏​ដោយ ឆន្ទៈ មនសិការ​របស់​លោក​នូវ​តែ​ក្រាញ់ននៀល​ប្រឹងប្រែង​សម្តែង​ជូន​មហាជន​ខ្មែរ ហើយ​តែងតែ​ដ​ង្ហើ​យ​ហៅ​ប្រកាស​ដល់​មហាជន​ខ្មែរ​គ្រប់​វ័យ ឬ​បណ្តាញ​សង្គម​ល្បី​ៗ ទូរទស្សន៍​នានា ឱ្យ​មេត្តា​បន្ត​ជួយ​ចុះ​ផ្សព្វផ្សាយ​បន្ត បន្ថែម ដើម្បី​លើក​កម្ក​ស់​តម្កើង​ដល់​តម្លៃ​កិត្តិយស​ទម្រង់​សិល្បៈ​ល្ខោនបាសាក់​ខ្មែរ សិ​ល​ធម៌ ប្រពៃណី វប្បធម៌ មរតក សាសនា ជាតិ​សាសន៍​យើង ឱ្យ​កាន់តែ​ថ្លៃថ្នូរ​រុងរឿង​»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ