ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្តកំពង់ចាម ផ្តល់អាហារូបករណ៍​ជាង ​៤០០​ កន្លែង ​ដល់​យុវជនមកពី​គ្រួសារ​ក្រីក្រ

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្តកំពង់ចាម ផ្តល់​អាហារូបករណ៍​ដល់​យុវជន​មក​ពី​គ្រួសារ​ក្រីក្រ និង​គ្រួសារ​ងាយ​រង​ហានិភ័យ ឱ្យ​ចូល​រៀន​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស​ចំនួន ៤២០​នាក់ លើ​មុខ​ជំនាញ​សំខាន់​ៗ​ចំនួន ៧​…

រាជធានីភ្នំពេញ ៖ វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្តកំពង់ចាម ផ្តល់​អាហារូបករណ៍​ដល់​យុវជន​មក​ពី​គ្រួសារ​ក្រីក្រ និង​គ្រួសារ​ងាយ​រង​ហានិភ័យ ឱ្យ​ចូល​រៀន​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស​ចំនួន ៤២០​នាក់ លើ​មុខ​ជំនាញ​សំខាន់​ៗ​ចំនួន ៧​ ប្រភេទ ដោយ​ឥត​គិតថ្លៃ និង​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​ពី​រាជរដ្ឋាភិបាល​ផង​ដែរ​ ។ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​វិទ្យាស្ថាន​កាលពី​ថ្ងៃ​ទី​ ១១ ខែធ្នូ ឆ្នា​ ២០២៣ ដែល​អ្នក​សារព័ត៌មាន​ទទួល​បាន ​។

បើ​តាម​វិទ្យាស្ថាន ការ​បណ្តុះបណ្តាល​ជំនាញ​ចំនួន ​៧​ ដូច​ជា ការងារ​កំបោរ ការ​ដំឡើង​បណ្តាញ​បំពង់​ទឹក ការ​ដំឡើង​បណ្តាញ​អគ្គិសនី​ក្នុង​អាគារ ការ​ផ្សារ​អគ្គិសនី ការ​ថែទាំ និង​ជួសជុល​អគ្គិសនី​រថយន្ត សេវាកម្ម​កុំព្យូទ័រ ការ​កែ​ឆ្នៃ​បន្លែ និង​ផ្លែ​ឈើ​ ។ វិទ្យាស្ថាន​បាន​បញ្ជាក់​ថា ការ​សិក្សា​វគ្គ​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស​នេះ​យុវជន​ត្រូវ​មាន​អាយុ​ចាប់ពី​ ១៥ ​ឆ្នាំ​ឡើង​ទៅ ។

វិទ្យាស្ថាន​បញ្ជាក់​ថា វគ្គ​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស វិទ្យាស្ថាន​នឹង​ផ្តល់​ប្រឹក្សា​យោបល់​ពី​ការ​ជ្រើសរើស​ជំនាញ និង​ព័ត៌មាន​ទីផ្សារ​ការងារ ជា​ពិសេស​នោះ​គឺ​កន្លែង​ចុះ​កម្មសិក្សា​នៅ​តាម​សហគ្រាស គ្រឹ​ស្ថាន ឧស្សាហកម្ម និង​ក្រុមហ៊ុន​ឯកជន ។ បន្ទាប់​ពី​បញ្ជាប់​វគ្គ​បណ្តុះបណ្តាល​នេះ​យុវជន​នឹង​ទទួល​សញ្ញាបត្រ​បច្ចេកទេស និង​វិជ្ជាជីវៈ ​១ និង​ឱកាស​សិក្សា​បន្ត ផង​ដែរ ។

ដោយសារ​តែ​ការ​បណ្តុះ​បណ្តុះ​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស​នេះ ជា​កម្មវិធី​អាទិភាព​របស់​ប្រមុខ​រាជរដ្ឋាភិបាល​សម្រាប់​ក្រុម​យុវជន​មក​ពី​គ្រួសារ​ក្រីក្រ ដូចនេះ សិក្ខាកាម​ដែល​មាន​បណ្ណ​សមធម៌ ឬ​បណ្ណ​ក្រីក្រ​ទាំងអស់​ក្រៅពី​ទទួល​បានការ​សិក្សា​ដោយ​ឥត​គិតថ្លៃ​រួច​ហើយ​នោះ ក៏​នឹង​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​ចំនួន ២៨​ម៉ឺន​រៀល​ក្នុង​មួយ​ខែ​រហូត​បញ្ចប់​វគ្គ​បណ្តុះបណ្តាល ​។

ការ​ប្រកាស​ផ្តល់​អាហារ​រូបករណ៍​ពី​វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្តកំពង់ចាម​នា​ពេល​នេះ គឺ​ធ្វើ​ឡើង​ក្រោយ​ពេល​ដែល​រាជរដ្ឋាភិបាល​ប្រកាស​ដាក់​ឱ្យ​ដំណើរការ​កម្មវិធី​បណ្តុះបណ្តាល​យុវជន​មក​ពី​គ្រួសារ​ក្រីក្រ និង​ងាយ​រង​ហានិភ័យ​ចំនួន​១.៥​លាន​នាក់​ដើម្បី​ឱ្យ​មាន​ជំនាញ​ជាក់លាក់ និង​ឆាប់​មានការ​ងារ​ធ្វើ​សមរម្យ​ ៕ អត្ថបទសហការ