ខេត្តកោះកុង ៖ នៅព្រឹកថ្ងៃទី២១ ឧសភា EZECOM ដែលជាក្រុមហ៊ុនអ៊ីនធើរណេតលំដាប់ខ្ពស់នៅកម្ពុជាបានបើកសម្ពោធការិយាល័យថ្មីមួយនៅខេត្តកោះកុងដើម្បីបន្តពង្រីកវិសាលភាពនៃទូរគមនាគមន៍ក្នុងទីក្រុង និងខេត្តសំខាន់ៗក្នុងប្រទេសកម្ពុជា។ ពិធីសម្ពោធនេះមានការចូលរួមពីអ្នកសារព័ត៌មាន តំណាងពីបណ្តាក្រុមហ៊ុននានា និងថ្នាក់គ្រប់គ្រងរបស់ក្រុមហ៊ុន EZECOM ។
EZECOMមានគោលដៅយ៉ាងជាក់លាក់ក្នុងការដាក់ពង្រាយខ្សែកាបអុបទិកឱ្យបានទូទាំងប្រទេសដែលមានសារសំខាន់ខ្លាំងណាស់ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ទូរគមនាគមន៍ក្នុងពេលអនាគត។ បើសិនជាអវត្តមានការវិនិយោគបែបនេះវានឹងបង្កនូវការលំបាកដល់កម្ពុជាក្នុងការបន្តការអភិវឌ្ឍក្នុងយុគសម័យថ្មីដើម្បីក្លាយខ្លួនជាគូប្រជែងក្នុងទីផ្សារអន្តរជាតិ។ ជាមួយនឹងបណ្តាញខ្សែកាបអុបទិក EZECOM បណ្តាក្រុមហ៊ុននិងសហគ្រាសនឹងមានលទ្ធភាពប្រើប្រាស់បច្ចេកវិទ្យាថ្មីៗដែលប្រទេសអភិវឌ្ឍន៍មួយចំនួនក៏ពុំទាន់មានច្រើននៅឡើយ។ ការបើកសម្ពោធការិយាល័យថ្មីនេះនឹងអាចបង្កើននូវលទ្ធភាពក្នុងការទទួលយកទាំងផ្នែកទូរគមនាគមន៍ និងសេវាព័ត៌មានរបស់ប្រជាជននៅតាមតំបន់ជនបទ ហើយនេះក៏ជាផ្នែកមួយនៃការរីកចំរើនរបស់ EZECOM ដែរ។
ចាប់តាំងពីបង្កើតមក EZECOM បានរីកចំរើនយ៉ាងខ្លាំង ហើយក៏បានក្លាយខ្លួនជាអ្នកនាំមុខគេនៅក្នុងទីផ្សារផងដែរ។ តាមរយៈការបង្កើតអ្វីដែលថ្មីៗ និងការវិនិយោគបន្ថែមក្នុងរចនាសម្ព័ន្ធគមនាគមន៍ និងធនធានមនុស្ស EZECOM នឹងបន្តនាំមុខគេនៅក្នុងទីផ្សារកម្ពុជាបន្ថែមទៀតនាពេលអនាគតក្នុងវិស័យ ព័ត៌មានវិទ្យា ៕
ចែករំលែកព័តមាននេះ