ខេត្តព្រះសីហនុ ៖ នៅសណ្ឋាគារឆ្នេរជលសាខេត្តព្រះសីហនុកាលពីថ្ងៃទី២២ ឧសភា មានរៀបចំការបោះឆ្នោតជ្រើសរើសសមាជិកជ្រើសតាំងសភាពាណិជ្ជកម្មខេត្តអាណត្តិទី១លើកទី២ ក្រោមអធិបតីភាពរបស់លោកម៉ៅ ថូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ជាប្រធានគណៈកម្មការរៀបចំការបោះឆ្នោតសភាពាណិជ្ជកម្ម ដោយមានការចូលរួមពីលោកស៊ុន សុខន អភិបាលរងខេត្ត និងជាប្រធានគណៈកម្មការរៀបចំបោះឆ្នោតសភាពាណិជ្ជកម្មនេះ សមាជិក សមាជិកា ជ្រើសតាំង តំណាងក្រុមហ៊ុន និងអាជីវករជាច្រើនរូបទៀត ។
ជាលទ្ធផលបេក្ខជនចំនួន១០នាក់ ក្នុងចំណោម១១នាក់បានជាប់ជាសមាជិកជ្រើសតាំងថ្មី ក្នុងនោះមានទី១-លោកទូច ឆាយ (ម្ចាស់ផ្ទះសំណាក់ និងផ្ទះជួល)ទទួលបានសន្លឹកឆ្នោតចំនួន១០០សំឡេង ទី២-លោកអ៊ឹង ជាសំណាង (ប្រធានសាខាលក់ម៉ូតូ) ទទួលបានសន្លឹកឆ្នោតចំនួន១០៧សំឡេង ទី៣-លោកឈុន សារុំ (ម្ចាស់ភោជនីយដ្ឋាន និងផ្ទះសំណាក់ព្រែកមាស) ទទួលបានសន្លឹកឆ្នោតចំនួន១១៩សំឡេង ទី៤-លោកឃុត សោភ័ណ្ណ (នាយកក្រុមហ៊ុនខេមបូឌាន ប៊ី វី អាយ) ទទួលបានសន្លឹកឆ្នោតចំនួន
៩៦សំឡេង ទី៥-លោកឈុន ប៊ុនថា (នាយកក្រុមហ៊ុនធី ភី អិម ត្រេនស្ព័ត អ៊ិមផត អិចផត) ទទួលបានសន្លឹកឆ្នោតចំនួន៩៣សំឡេង ទី៦-លោកតូវ ជឺហួង (នាយកសណ្ឋាគារឆ្នេរថ្មី) ទទួលបានសន្លឹកឆ្នោតចំនួន៩៦សំឡេង ទី៧-លោកដូ សុង (ម្ចាស់ហាងលក់ភេសជ្ជៈគ្រប់មុខ) ទទួលបានសន្លឹកឆ្នោតចំនួន១១០សំឡេង ទី៨-លោកលី គឹមហ៊ួ (ប្រធានគ្លីនិកសេតេ) ទទួលបានសន្លឹកឆ្នោតចំនួន១០២សំឡេង ទី៩-លោកលឹម លីឆាយ (នាយកលឹម ហ៊ុយឡេង ឌីវេឡុបមេនគ្រុប) ទទួលបានសន្លឹកឆ្នោតចំនួន១១៩សំឡេង និងទី១០-លោកឃួន ប៊ុនសែ (ម្ចាស់ផ្សារអូរ៉េន) ទទួលបានសន្លឹកឆ្នោតចំនួន១៥០សំឡេង ។ រីឯបេក្ខភាពជាប់ជាប្រធានសភាពាណិជ្ជកម្មថ្មីជំនួសលោកលឹម ហ៊ុយឡេង គឺលោកសុខ សុង (ម្ចាស់សណ្ឋាគារប្រាសាទមាស) ។
ថ្លែងក្នុងឱកាសនោះ លោកម៉ៅ ថូរ៉ា បានកោតសរសើរដល់សភាពាណិជ្ជកម្មខេត្តព្រះសីហនុ ដែលបានរៀបចំការបោះឆ្នោតយ៉ាងល្អដោយរលូនគ្មានបញ្ហា ហើយក៏ជាគំរូមួយដ៏ល្អសម្រាប់ការរៀបចំការបោះឆ្នោតទៅថ្ងៃខាងមុខ ។ លោកបន្តទៀតថា លោកមានការងារចំនួនពីរដែលត្រូវពិភាក្សាជាមួយសភាពាណិជ្ជកម្មខេត្តព្រះសីហនុ គឺទី១ខាងក្រសួងនឹងធ្វើការរៀបចំឱ្យសភាពាណិជ្ជកម្មខេត្តព្រះសីហនុជួបពិភាក្សាជាមួយអង្គការជួយប្រទេសក្រីក្ររបស់ប្រទេសអាលឺ្លម៉ង់ និងទី២ក្រសួងនឹងណែនាំឱ្យសភាពាណិជ្ជកម្មខេត្តព្រះសីហនុធ្វើអាជីវកម្មដោយខ្លួនឯងដូចជាបង្កើតសាលារៀនឯកជនជាដើម ។ ជាទីបញ្ចប់លោកបានជូនពរដល់ប្រធានសភាពាណិជ្ជកម្មថ្មី ក៏ដូចសមាជិក សមាជិកា សភាពាណិជ្ជកម្មខេត្តព្រះសីហនុទាំងមូលឱ្យជួបតែការរីកចម្រើនទៅមុខជានិរន្តរ៍។
ក្រោយពីបោះឆ្នោតជ្រើសរើសសមាជិកជ្រើសតាំងចំនួន១០រូប និងជ្រើសរើសប្រធាន១រូប តាមការគ្រោងទុករួចមក នៅព្រឹកថ្ងៃទី២៣ ឧសភា ២០១១ សភាពាណិជ្ជកម្មខេត្តព្រះសីហនុ បានបន្តជ្រើសរើសអនុប្រធានចំនួន៥រូបផងដែរ ក្នុងចំណោមសមាជិកជ្រើសតាំងចំនួន១៣រូប ក្រោមអធិបតីភាពលោកស៊ុន សាខន អភិបាលរងខេត្តព្រះសីហនុ និងលោកសុខ សុង ប្រធានសភាពាណិជ្ជកម្មអាណត្តិថ្មី។ ជាលទ្ធផលអនុប្រធាន៥រូប ត្រូវបានទៅលើលោកឈុន សារុំ អនុប្រធានទី១ គ្រប់គ្រងកិច្ចការរដ្ឋបាល និងព័ត៌មាន លោកវណ្ណ សុខហេង លោកឈុន ប៊ុនថា លោកស្រីទិន ណៃខេង និងលោកស្រីសោម ភីណា។ លោកស៊ុន សាខន អភិបាលរងខេត្ត បានកោតសរសើរដល់ការបោះឆ្នោតជ្រើសរើសសមាជិកជ្រើសតាំងអាណត្តិទី១ លើកទី២ នេះ ប្រកបដោយជោគជ័យ និងតម្លាភាព និងអាចយកជាគំរូដល់ការបោះឆ្នោតអាណត្តិក្រោយទៀត៕
ចែករំលែកព័តមាននេះ