ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អុំទូក​ថ្ងៃ​ទី​១ សន្តិសុខ​មាន​ភាពល្អ​ប្រសើរ និង​ពលរដ្ឋ​ចូលរួម​កម្សាន្ត​ជាង​១​លាន​នាក់

1 ឆ្នាំ មុន
  • ភ្នំពេញ

ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប សំពះ​ព្រះ​ខែ និង​អកអំបុក សម្រាប់​ថ្ងៃ​ទី​១ សភាពការណ៍​សន្តិសុខ សណ្តាប់ធ្នាប់ មាន​ភាពល្អ​ប្រសើរ និង​មាន​ប្រជាពលរដ្ឋ​មក​ចូលរួម​កម្សាន្ត​

រាជធានី​ភ្នំពេញ ៖ ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប សំពះ​ព្រះ​ខែ និង​អកអំបុក សម្រាប់​ថ្ងៃ​ទី​១ សភាពការណ៍​សន្តិសុខ សណ្តាប់ធ្នាប់ មាន​ភាពល្អ​ប្រសើរ និង​មាន​ប្រជាពលរដ្ឋ​មក​ចូលរួម​កម្សាន្ត​សប្បាយ​យ៉ាងច្រើន​កុះករ ប្រមាណ ១.២០០.០០០​នាក់​។

យោង​តាម​របាយការណ៍​ចេញ​ដោយ​អនុ​គណៈកម្មការ​ការពារ​រក្សា​សន្ដិសុខ របៀបរៀបរយ សណ្ដាប់​ធ្នាប់​សង្គម ចរាចរណ៍ សង្គ្រោះ​ទូក​លិច និង​អ្នកជំងឺ ថ្ងៃ​ទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០២៣ បាន​ឲ្យ​ដឹង​ថា ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប សំពះ​ព្រះ​ខែ និង​អកអំបុក ថ្ងៃ​ទី​១ ត្រូវ​នឹង​ថ្ងៃ​ទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០២៣ មាន​ទូក​ចូលរួម​ប្រកួត​ចំនួន​៣៣៨​ទូក (​ទូក​អន្តរជាតិ​ចំនួន​១៣៧​ទូក​) ចំណុះ​ទូក​សរុប ១៦.៥៩៦​នាក់ (​ត្រៀម ៣.៨៤៨​នាក់​) ប្រទីប​ដែល​នឹង​ត្រូវ​បណ្តែត​អបអរសាទរ​ព្រះរាជ​ពិធីបុណ្យ​មាន ចំនួន​៣០​ប្រទីប​។

របាយការណ៍​បាន​បន្ដ​ថា ចំពោះ​សភាព​បទល្មើស​ព្រហ្មទណ្ឌ ពុំ​មាន​អ្វី​កើតឡើង​គួរ​ឲ្យ​កត់សម្គាល់​ឡើយ ហើយ​ក្រុម​គ្រូពេទ្យ​ប្រចាំការ​នៅ​តាម​គោលដៅ​បាន​ធ្វើការ​សង្គ្រោះ​បឋម​ដល់​អ្នក​ដែល​មាន​បញ្ហា​សុខភាព​សរុប​ចំនួន​១.៦៧៤​នាក់ (​ស្រី​២៤៣​នាក់​) និង​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ចំនួន​០១​នាក់​។ កម្លាំង​ការពារ​គៅ​ល​ដៅ បាន​រក​ឃើញ​ក្មេង​វង្វេង​សាច់ញាតិ​ចំនួន​៦​នាក់ ដោយ​បាន​ធ្វើការ​ផ្សព្វ​ផ្សាយ ហើយ​ត្រូវ​សាច់ញាតិ​មក​ទទួលយក​ទៅ​វិញ​ចំនួន​០៤​នាក់ និង​កំពុង​ស្វែងរក​សាច់ញាតិ​ចំនួន​២​នាក់​បន្ត​ទៀត​។

ក្នុង​របាយការណ៍​ដដែល បាន​ឲ្យ​ដឹង​ទៀត​ថា ចំពោះ​កម្លាំង​ត្រៀម​អន្តរ​គម​ន៍ បាន​ចេញ​ជួយ​សង្គ្រោះ​ករណី​ទូកប្រណាំង​លិច​ទឹក​ចំនួន​០៩​ទូក ដោយ​បាន​ជួយ​សង្គ្រោះ​កីឡាករ​សរុប​១៩៨​នាក់ ប្រកបដោយ​សុវត្ថិភាព​។ ហើយ​ក៏​បាន​ចុះ​ផ្ស​ព​ផ្សាយ​អប់រំ​ស្ដី​ពី​ការ​បង្ការ​ទប់ស្កាត់ និង​ពន្លត់​អគ្គិភ័យ​តាម​បណ្តា​យាន​ដ្ឋាន ផ្ទះ​ជួល ផ្ទះសំណាក់ ភោជនីយដ្ឋាន នៅ​ជុំវិញ​តំបន់​ប្រារព្ធ​ព្រះរាជ​ពិធីបុណ្យ​ផង​ដែរ​។

សូម​បញ្ជាក់​ថា កម្លាំង​សមត្ថកិច្ច​ចម្រុះ​ប្រមាណ​ជាង​១៦,០០០​នាក់ ត្រូវ​បាន​ដាក់​ពង្រាយ​តាម​គោល​ដៅ​សំខាន់​ៗ ដើម្បី​ការពារ​សន្ដិសុខ សណ្ដាប់ធ្នាប់ និង​សុវត្ថិភាព ក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្ដែតប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក ចាប់ពី​ថ្ងៃ​ទី​២៦-២៨ ខែវិច្ឆិកា ឆ្នាំ​២០២៣៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ