រាជធានីភ្នំពេញ ៖ អ្នកបង្ហាញម៉ូដ និងសម្តែងភាពយន្តមានទឹកមុខញញឹមជានិច្ច រំលេចដោយភាពសិចស៊ី កញ្ញាជួន ថាវរ៉ា បានសារភាពថា នាងមានបុរសតាមសុំស្រលាញ់រហូតសន្យាទិញរថយន្តទំនើបឱ្យនាងជិះទៀតផង ប៉ុន្តែនាងមិនព្រម គឺបេះដូងរបស់នាងនៅទំនេរស្អាត គ្មានជាប់ពាក់ព័ន្ធជាមួយបុរសណាម្នាក់ទេ ផ្ទុយពីព័ត៌មានលេចឮថា នាងបាត់មុខមួយរយៈកន្លងមកនេះ ដោយសារតែនាងមានម្ចាស់ស្នេហ៍ហើយគេហាមមិនឱ្យនាងចាប់អាជីពជាតារាសម្តែង និងបង្ហាញម៉ូដបន្តទៀត ។
នៅពេលជួបអ្នកយកព័ត៌មានយើងផ្ទាល់ កញ្ញាជួន ថាវវ៉ា ក្នុងវ័យ២៤ឆ្នាំ បានសម្តែងការហួសចិត្តចំពោះព័ត៌មានថា នាងមានម្ចាស់ស្នេហ៍ចិញ្ចឹម តែតាមពិតទៅ ការបាត់មុខនាងពីរង្វង់សិល្បៈសម្តែងមួយរយៈកន្លងមក ដោយសារតែនាងជាប់រវល់បើករបររកស៊ីមួយមុខទៀត គឺបើកកន្លែងអ៊ុតសក់ ។ ដោយជាប់រវល់ការងារទើបនាងឃ្លាតពីសិល្បៈមួយរយៈតូច។ ចំពោះរឿងគូប្រចាំចិត្តនាងអះអាងថា មិនទាន់ជាប់ពាក់ព័ន្ធ ហើយគ្មានអ្នកឃុំគ្រងបេះដូងនាងទេ ។ នាងមិនមែនបិទបេះដូងទេ គឺបេះដូងបើកទ្វារចំហរង់ចាំទទួលគ្រប់ពេលសម្រាប់បុរសដែលមានបំណងប្រាថ្នាពិតប្រាកដចំពោះរូបនាង។ បើសិនជាបុរសនោះនាងពេញចិត្តនឹងប្រគល់បេះដូងជូនភ្លាម ព្រោះមនុស្សប្រុស-ស្រីកើតមកតែងតែមានគូ ។
កញ្ញាជួន ថាវរ៉ា បានចូលប្រឡូកក្នុងវិស័យសិល្បៈបង្ហាញម៉ូដ និងសម្តែងកាយវិការ និងភាពយន្តតាមនិស្ស័យស្រលាញ់ចូលចិត្តរបស់នាង និងតាមរយៈការហ្វឹកហាត់នៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ផ្នែករបាំរយៈពេល៥ឆ្នាំ និងនៅក្នុងក្លឹបសិល្បៈមួយ ។ នៅឆ្នាំ២០០៣ នាងចាប់ផ្តើមចូលប្រឡូកសិល្បៈដោយថតឱ្យផលិតកម្មទាំងក្នុង និងក្រៅប្រទេស ។ នាងបានចូលរួមសម្តែងភាពយន្តប្រមាណជាង២០រឿង ដូចជារឿង «ឡានខ្មោច» ឱ្យទូរទស្សន៍ប៉ុស្តិ៍លេខ៥ រឿង «លងបំភ័យ» រឿង «ភូមិខ្មោច» រឿង «ខ្មោចទឹក» រឿង «គូព្រេងចម្លែក» រឿង «ទឹកចិត្តបងស្រី» រឿង «ភ័ព្វសំណាង» រឿង «អច្ឆរិយស្នេហ៍» និងរឿង «ឧកញ៉ារាមរាជតេជោយ៉ត» ជាដើម ។
កញ្ញាជួន ថាវរ៉ា មានកម្ពស់១,៦៨ម៉ែត្រ ទម្ងន់៥១គីឡូក្រាម ទ្រូងទំហំ៣៤ ចង្កេះ២៧ ត្រគាក ៣៧ ។ នៅថ្ងៃអនាគតនាងចង់ក្លាយជាអ្នកជំនួញ និងសិល្បៈ ដែលមានកេរ្តិ៍ឈ្មោះល្បី៕
ចែករំលែកព័តមាននេះ