រាជធានីភ្នំពេញ ៖ តារាពហុជំនាញអ្នកនាង ខាត់ សុឃីម បានបង្ហើបអំពីបញ្ហាចម្បងមួយដែលធ្វើឲ្យរូបនាងអាចនឹងពិបាកនៅក្នុងការយកកូនទី៣បន្ថែមទៀត ដែលនោះក៏បានធ្វើឲ្យបំណងចង់បានកូនច្រើនក្លាយជាគ្រួសារធំរបស់អ្នកនាង អាចនឹងមិនសម្រេចដល់គោលដៅផងដែរ។
អ្នកនាង ខាត់ សុឃីម បានបញ្ជាក់ថា «បញ្ហាសុខភាព និងវ័យកាន់តែជ្រេ នោះជាមូលហេតុចម្បងសំខាន់ដែលធ្វើឲ្យអ្នកនាងមិនអាចយកកូនទី៣បាន តាមបំណងនោះឡើយ»។ តារារូបនេះបានបន្ថែមថា «កន្លងមក នាងតែងតែមានបំណងចង់បានកូនច្រើន ដើម្បីក្លាយជាគ្រួសារធំមួយ ដូចទៅនឹងឪពុកម្តាយរបស់នាងដែរ ប៉ុន្តែរហូតមកទល់នាពេលនេះ នាងមិនអាចសម្រេចគោលដៅឡើយ ដោយសារផែនការយកកូនទី៣បន្ថែមនោះ ក៏នៅមិនច្បាស់លាស់»។

អ្នកនាងបន្តថា «ដោយសារការពន្យាពេលយកពីមួយឆ្នាំទៅមួយឆ្នាំនោះបានធ្វើឲ្យនាងកាន់តែមានវ័យច្រើន។ នៅឆ្នាំនេះ នាងមានអាយុ៤៣ឆ្នាំហើយ ដែលនោះបានធ្វើឲ្យអ្នកនាងពិបាកនៅក្នុងការយកកូនទី៣បន្ថែមទៀត»។
អ្នកនាង ខាត់ សុឃីម បានលើកឡើងទៀតថា «អំឡុងពេលពិគ្រោះជាមួយគ្រូពេទ្យនោះ គ្រូពេទ្យបានឲ្យអ្នកនាងពិចារណារឿងយកកូនបន្ថែមទៀត ដោយសារវ័យរបស់នាងកាន់តែចាស់ ហើយអាចនឹងប្រឈមនូវជំងឺមួយចំនួនទៀតផងដែរ»។ យ៉ាងណាបើតាមអ្នកនាង ខាត់ សុឃីម ថា បច្ចុប្បន្ន ក្តីប្រាថ្នាចុងក្រោយរបស់អ្នកនាង នៅក្នុងការយកកូនទី៣បន្ថែមទៀតនោះ គឺស្ថិតនៅក្នុងភាគរយហាសិបៗប៉ុណ្ណោះ»។

គួរបញ្ជាក់ថា អ្នកនាង ខាត់ សុឃីម បានរៀបមង្គលការជាមួយស្វាមីលោក អ៊ិន ផាណូ កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១២ ដែលគិតមកទល់នាពេលនេះ ចំណងអាពាហ៍ពិពាហ៍របស់អ្នកនាងគឺមានរយៈពេលជាង១០ឆ្នាំមកហើយ ខណៈពេលដែលអ្នកនាងក៏មានកូនក្នុងបន្ទុកចំនួន២នាក់ផងដែរ។
គួរបញ្ជាក់ទៀតថា បច្ចុប្បន្ន អ្នកនាង ខាត់ សុឃីម ត្រូវបានគេដឹងថា នាងកំពុងតែមានភាពជោគជ័យទាំងការងារសិល្បៈ និងជំនួញផ្ទាល់ខ្លួន ហើយអ្នកនាងក៏មានសុភមង្គលក្នុងសង្គមគ្រួសារផងដែរ។ ដោយសារជាញឹកញាប់ អ្នកនាងតែងតែបង្ហាញពីភាពផ្អែមល្ហែម និងក្តីស្រឡាញ់ទៅវិញទៅមករវាងអ្នកនាងនិងស្វាមី ។ ជាពិសេសជាងនេះទៅទៀតនោះ នាពេលខាងមុខនេះ អ្នកនាង និងស្វាមី ក៏មានគម្រោងចេញទៅដើរលេងកម្សាន្តជាថ្មីម្តងទៀតនៅលើទឹកដីអាមេរិកទៀតផង៕









ចែករំលែកព័តមាននេះ