រាជធានីភ្នំពេញ ៖ លោកប៊ុន ចាន់ថន តារាចម្រៀងល្បីឈ្មោះក្នុងទសវត្សឆ្នាំ៨០ ដែលត្រូវបានគេស្គាល់គាត់ជាច្រើននាក់ តាមរយៈវេទិកាតន្ត្រី និងកញ្ចក់ទូរទស្សន៍ ឬពិធីតារា
ផ្សេងៗនោះ បានទទួលមរណភាពហើយ នៅក្នុងវ័យ៥៥ឆ្នាំ កាលពី វេលាម៉ោង៩យប់ថ្ងៃទី១៨ ឧសភា ២០១១ នៅមន្ទីរពេទ្យព្រះកេតុមាលា ហៅមន្ទីរពេទ្យធំ ដោយរោគាពាធ បន្ទាប់ពីលោកមានជំងឺប្រចាំកាយអស់រយៈពេលជាច្រើនឆ្នាំរួចមក។
លោកប៊ុន ចាន់ថន ប្រធានការិយាល័យសិល្បៈស្នងការនយោបាយនៃអគ្គបញ្ជាការកងទ័ពជើងគោក ។ លោកប្រធានការិយាល័យគឺជាម្ចាស់បទចម្រៀងល្បីៗជាច្រើនរួមមាន «កុំស្រឡាញ់ស្រីក្នុងវ័យសិក្សា, អាលីនរៀមទន្ទេញឈ្មោះកល្បាណ, អានីដួងចិត្ត, សែនខ្នាញ់ចាញ់ចិត្តស្រីផិតនឹងមុខ, ចម្រៀងទឹកភ្នែក, តាកែវប្រវត្តិស្នេហ៍ខ្ញុំ, សុក្រឹតស្នេហា ជាដើម…»។ បច្ចុប្បន្នស្ថិតក្នុងវ័យចំណាស់ លោកប៊ុន ចាន់ថន មិនមានបទចំរៀងថ្មីៗសំរាប់បំរើអារម្មណ៍ប្រិយមិត្តអ្នកនិយមគាំទ្រលោកទៀតទេ ទោះបីសំឡេងរបស់លោកនៅតែពីរោះក្រអួនក៏ដោយ។ គេបានត្រឹមតែឃើញមុខលោក និងផ្ចង់ស្តាប់សំឡេងរបស់លោកម្តងម្កាលប៉ុណ្ណោះនៅក្នុងកម្មវិធីប្រគំតន្ត្រីរបស់ស្ថានីយទូរទស្សន៍នានា។
តាមប្រពន្ធទី៣របស់លោកប៊ុន ចាន់ថន ឈ្មោះប៉ិច អ៊ាង ហៅលីហ្សា ដែលមានវ័យនៅក្មេងនៅឡើយនោះ បានឱ្យដឹងថា លោកប៊ុន ចាន់ថន បានចាប់ផ្តើមឈឺខ្លាំងនៅដើមខែតុលា ឆ្នាំ២០១០ ហើយត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យទំនើប ប្រទេសវៀតណាម កាលពីពាក់កណ្តាលខែតុលា ឆ្នាំ២០១០ សម្រាកព្យាបាលបានរយៈពេល២៣ថ្ងៃ ក៏ត្រឡប់មកវិញ ។ លុះនៅថ្ងៃទី១៨ វិច្ឆិកា ២០១០ លោកប៊ុន ចាន់ថន ចាប់ផ្តើមឈឺខ្លាំងម្តងទៀត ក្រុមគ្រួសារក៏បានចាត់ចែងបញ្ជូនទៅព្យាបាលនៅវៀតណាមទៀត ប៉ុន្តែទៅបានមួយថ្ងៃប៉ុណ្ណោះ គ្រូពេទ្យវៀតណាមក៏ប្រាប់ថា យកទៅផ្ទះវិញចុះអស់សង្ឃឹមក្នុងការព្យាបាលហើយ ។
ពេលត្រឡប់មកដល់ប្រទេសកម្ពុជាវិញ ក្រុមគ្រួសារលោកប៊ុន ចាន់ថន មិនអស់ចិត្តក៏បញ្ជូនលោកទៅព្យាបាលនៅមន្ទីរពេទ្យព្រះកេតុមាលា ហៅមន្ទីរពេទ្យធំ គឺចាប់តាំងពីចុងខែវិច្ឆិកា ២០១០ រហូតដល់ថ្ងៃស្លាប់តែម្តងគឺនៅយប់ថ្ងៃទី១៨ ឧសភា ២០១១ សរុបនៃការសម្រាកព្យាបាលនៅមន្ទីរពេទ្យធំ គឺប្រហែល៦ខែ។ គ្រូពេទ្យវៀតណាមបាននិយាយឱ្យដឹងថា លោកប៊ុន ចាន់ថន មានជំងឺលើសឈាម ទឹកនោមផ្អែម និងមហារីកថ្លើម…សពលោកប៊ុន ចាន់ថន ត្រូវបានសាច់ញាតិតម្កល់ធ្វើបុណ្យនៅគេហដ្ឋានស្ថិតក្នុងសង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក ៕
ចែករំលែកព័តមាននេះ