លោក Arnold Schwarzenegger ដែលគេស្គាល់ជាទូទៅតាមរយៈឈ្មោះអាណុល ជាអតីតអភិបាលរដ្ឋកាលីហ្វ័រនីញ៉ា និងជាតារាភាពយន្តហូលីវូដល្បីឈ្មោះ ពេលនេះបានសម្រេចផ្អាកអាជីពជាតារាសម្តែងវិញ គឺលោកអត់ចូលរួមថតភាពយន្តទៀតទេ ដោយសាររឿងអាស្រូវរបស់លោកដែលកើតឡើងកាលពីពេលថ្មីៗកន្លងមក ។
សេចក្តីថ្លែងការណ៍មួយដែលចេញដោយលោក Patrick Knapp ជាមេធាវីរបស់លោកអាណុល ឱ្យដឹងថា តាមសំណើរបស់លោកអាណុល យើងសូមស្នើដល់ស្នាក់ការផ្សាយពាណិជ្ជកម្ម និងក្រុមហ៊ុនផលិតភាពយន្តទាំងឡាយ ឱ្យបានដឹងអំពីការផ្អាកអាជីពរបស់លោកអាណុល ។ សេចក្តីថ្លែងការណ៍ដដែលឱ្យដឹងទៀតថា លោកអាណុល បានសម្រេចចិត្តផ្អាកអាជីពរបស់លោកពេលនេះគឺដើម្បីយកពេលឱ្យបានច្រើនផ្តោតលើបញ្ហាផ្ទាល់ខ្លួនរបស់លោក។
តាមប្រភពព័ត៌មានថា លោកអាណុល បានសម្រេចចិត្តផ្អាកអាជីពជាតារាសម្តែងរបស់លោកដោយសារលោកមានរឿងអាស្រូវក្រោយពីលែងលះគ្នាជាមួយភរិយារបស់លោក គឺលោកស្រី Maria Shrive ក្រោយពីរស់នៅជាមួយគ្នាអស់រយៈពេល២៥ឆ្នាំមក ។
លោក Arnold Schwarzenegger កើតនៅថ្ងៃទី៣០ កក្កដា ឆ្នាំ១៩៤៧ ជាជនជាតិអាមេរិក ដើមកំណើតអូទ្រីស ។ លោកជាអតីតអ្នកហាត់សាច់ដុំអាជីពម្នាក់ ជាតារាភាពយន្ត ជាតារាម៉ូដែល ជាអ្នកជំនួញ និងជាអ្នកនយោបាយ ហើយក្លាយជាអភិបាលរដ្ឋកាលីហ្វ័រនីញ៉ាទី៣៨ ដោយលោកកាន់តំណែងនេះចាប់ពីឆ្នាំ២០០៣ ដល់ឆ្នាំ២០១១។
ជាអ្នកសាធារណរដ្ឋ លោកអាណុល ត្រូវបានជ្រើសតាំងជាអភិបាលរដ្ឋកាលីហ្វ័រនីញ៉ា ទី៣៨ នៅថ្ងៃទី៧ តុលា ឆ្នាំ២០០៣ ក្នុងការបោះឆ្នោតពិសេសមួយ ដើម្បីជ្រើសរើសអ្នកជំនួសអភិបាលកាលីហ្វ័រនីញ៉ា កាលណោះលោក Gray Davis ។
លោកអាណុល បានរៀបអាពាហ៍ពិពាហ៍ជាមួយលោកស្រី Maria Shriver បានរយៈពេល២៥ឆ្នាំ ។ អ្នកទាំងពីរមានកូន៤នាក់ ។ ចូលដល់ឆ្នាំ២០១១ មានលេចឮព័ត៌មានថា លោកអាណុល ឃុំគ្រងកូនប្រុសម្នាក់ជាមួយនារីជាបុគ្គលិករបស់លោកម្នាក់អស់រយៈពេល១០ឆ្នាំ ហើយនាំដល់ការលែងលះគ្នាជាមួយភរិយារបស់លោកតែម្តង។
លោកអាណុល បានឱ្យដឹងថា លោកនឹងចាប់ផ្តើមអាជីពជាតារាសម្តែងវិញ ក្រោយពីលោកបាត់បង់តំណែងអភិបាលរដ្ឋកាលីហ្វ័រនីញ៉ា ប៉ុន្តែមិនទាន់ទាំងបានចូលរួមថតភាពយន្តផង លោកក៏បានសម្រេចផ្អាកអាជីពនេះវិញ ដោយលោកមានរឿងអាស្រូវក្រោយពីលែងលះគ្នាជាមួយភរិយា ។ កាលពីមុនពេលក្លាយជាអភិបាលរដ្ឋកាលីហ្វ័រនីញ៉ា លោកអាណុលជាអ្នកសម្តែងសុទ្ធតែជារឿងគួរឱ្យទស្សនាបំផុត ៕
ចែករំលែកព័តមាននេះ