រាជធានីភ្នំពេញ ៖ ព្រះនារាយណ៍ជាអាទិទេពមួយក្នុងចំណោមអាទិទេព ធំៗទាំងបីនៃព្រហ្មញ្ញសាសនា ដែលជាអាទិទេពតំណាងឲ្យការថែរក្សាលោក ។ នៅក្នុងបរិបទសង្គមខ្មែរ គេច្រើននិយមឆ្លាក់រូបព្រះនារាយណ៍ជាទម្រង់ឈរ និងផ្ទំចាប់តាំងពីសម័យមុនអង្គររហូតដល់ចុងសម័យអង្គរ ។
ជំនឿក្នុងការឆ្លាក់រូបព្រះនារាយណ៍ផ្ទំ អ្នកស្រុកបានឆ្លាក់ជាប្រភេទចម្លាក់ទោល (ធ្វើពីសំរឹទ្ធិ ថ្មភក់) និងនៅតាមគ្រឿងលំអស្ថាបត្យកម្មរបស់ប្រាសាទដូចជា៖ ផ្តែរ ហោជាង សសរផ្អោប និងចម្លាក់ត្រឡោតលើជញ្ជាំង ។
បើតាមឯកសារសារមន្ទីជាតិ ព្រះនារាយណ៍ផ្ទំលើនាគអនន្ត គឺជាការផ្ទំដើម្បីរង់ចាំការបង្កើតលោកថ្មី ។ តាមគម្ពីរជាច្រើនរបស់ឥណ្ឌា បាននិទានតំណាលថា៖ ព្រះនារាយណ៍ផ្ទំនៅចន្លោះពេលហៅថា «អន្តរកប្ប» ដោយផ្ទំនៅលើនាគអនន្ត ដែលមិនចេះស្លាប់អណ្តែតលើផ្ទៃសមុទ្រ ។ ពេលព្រះអង្គតើនឡើងក៏បានសម្តែងឫទ្ធិ បង្កើតជីវិតនានា រួមមានព្រះព្រហ្មគង់លើផ្កាឈូកជាអាទិទេពតំណាងឲ្យការបង្កើតលោក ផុសចេញពីផ្ចិតរបស់ព្រះអង្គ ។
វត្តមានរបស់បដិមា និងផ្តែរព្រះនារាយណ៍ផ្ទំកំពុងដាក់តាំងបង្ហាញនៅសារមន្ទីរជាតិកម្ពុជា តាំងពីថែវសម័យមុនអង្គរ រហូតដល់ថែវសម័យអង្គរ ។ ផ្តែរចម្លាក់ព្រះនារាយណ៍ផ្ទំមួយនេះស្ថិតនៅក្នុងរចនាបថព្រៃក្មេង នាពាក់កណ្តាលសតវត្សទី៧ សម័យមុនអង្គរមានប្រភពមកពីទួលអង្គក្នុងខេត្តកំពង់ស្ពឺ ។
ផ្តែរនេះឆ្លាក់ជាចម្លាក់ត្រឡោត ធ្វើពីថ្មភក់ មានតុបតែងនូវក្បាច់លម្អរាងទឹក រលកៗនៅពីផ្នែកខាងក្រោយនៃរូបព្រះនារាយណ៍ ដែលមានកាយវិការផ្ទំលើនាគក្បាលប្រាំពីរ ។ ព្រះអង្គពាក់មួកបំពង់មានព្រះហស្តបួន ព្រះហស្តឆ្វេងលើទ្រព្រះកេស ចំណែកព្រះហស្តក្រោមដាក់ស្របនឹងក្បាលនាគ ចំណែកព្រះហស្តស្តាំខាងក្រោមដាក់ស្របលើដងខ្លួននាគក្នុងឥរិយាបថផ្ទំ រីឯព្រះហស្តស្តាំខាងលើកាន់ទងផ្កាឈូក ដែលមានព្រះព្រហ្មដុះចេញពីផ្ចិតរបស់ព្រះអង្គក្នុងអត្ថន័យមួយនៃការបង្កើតលោក ព្រមទាំងមានក្បាច់ស្លឹកឈើ និងសត្វម្ករនៅសង្ខាង ។
ផ្តែរនេះត្រូវបានដឹកមកសារមន្ទីរជាតិ ក្នុងឆ្នាំ១៩៤៤ ហើយសព្វថ្ងៃកំពុងដាក់តាំងបង្ហាញនៅថែវសម័យមុនអង្គរជាប់សួនច្បារខាងក្នុង ៕ ដោយ ៖ ស.ភ.រ
ចែករំលែកព័តមាននេះ