ព្រះលោកេសូរ អាទិទេពកំពូលនៃមេត្តាករុណា
- ភ្នំពេញ
ព្រះលោកេសូរ ជាព្រះពោធិសត្វមួយអង្គ ក្នុងចំណោមពោធិសត្វជាច្រើនអង្គទៀត នៃពុទ្ធសាសនាមហាយាន (យានធំ) និងជាអាទិទេពដ៏កំពូលនៃសេចក្តីមេត្តាករុណា
ព្រះលោកេសូរ ជាព្រះពោធិសត្វមួយអង្គ ក្នុងចំណោមពោធិសត្វជាច្រើនអង្គទៀត នៃពុទ្ធសាសនាមហាយាន (យានធំ) និងជាអាទិទេពដ៏កំពូលនៃសេចក្តីមេត្តាករុណា
រាជធានីភ្នំពេញ ៖ ព្រះលោកេសូរ ជាព្រះពោធិសត្វមួយអង្គ ក្នុងចំណោមពោធិសត្វជាច្រើនអង្គទៀត នៃពុទ្ធសាសនាមហាយាន (យានធំ) និងជាអាទិទេពដ៏កំពូលនៃសេចក្តីមេត្តាករុណា ។
បើតាមឯកសារសារមន្ទីរជាតិ លក្ខណៈសម្គាល់ព្រះលោកេសូរ គឺមានព្រះពុទ្ធរូបព្រះនាម «អមិតភៈ» នៅលើភ្នួងសក់ និងរាប់ពាន់នៅពាសពេញដងខ្លួន និងដៃជើង ដែលជានិមិត្តរូបនៃពន្លឺគ្មានព្រំដែន ។ ជនជាតិខ្មែរនិយមឆ្លាក់បង្ហាញបដិមាអង្គនេះ មានព្រះហស្តពីរ បួន ប្រាំបី និងដប់ ហើយកេតនភណ្ឌរបស់ព្រះអង្គមានដូចជា ៖ ផ្កាឈូក ផ្គាំ ថូទឹកអម្រឹត និងគម្ពីរ ។
ក្នុងបរិបទជំនឿ ជនជាតិខ្មែរ និយមគោរពប្រតិបត្តិព្រះលោកេសូរ តាំងពីបុរាណរហូតដល់បច្ចុប្បន្ន ដ្បិតគេឃើញមានរូបចម្លាក់បង្ហាញពីវត្តមានរបស់ព្រះអង្គជាប្រតិមាសំរឹទិ្ធសម័យមុនអង្គរ និងនៅតាមប្រាសាទខ្លះជាប្រតិមាទោលថ្មភក់ និងខ្លះទៀតឆ្លាក់ជាក្បាច់ក្រឡោតនៅតាមជញ្ជាំងប្រាសាទ ដូចជាព្រះលោកេសូរព្រះហស្ត១០ នៅប្រាសាទបន្ទាយឆ្មារ ក្នុងរជ្ជកាលព្រះបាទជ័យវម៌្មទី៧ ។
បដិមាព្រះលោកេសូរ ដែលកំពុងបង្ហាញនេះ ធ្វើពីសំរឹទ្ធិឈរនៅលើទម្រត្របកឈូកផ្ងារ និងផ្កាប់ សក់ក្រងធ្លាក់មកលើស្មាសង្ខាង ថ្ពាល់ពេញ មុខទ្រវែង ត្របកភ្នែកធ្លាក់បន្តិច កងពន្លឺនៅពីក្រោយព្រះកេសភ្ជាប់នឹងស្មា ។ ព្រះអង្គលើកព្រះហស្តទាំងទ្វេឡើងត្រឹមព្រះឱរា រីឯព្រះហស្តឆ្វេងកាន់ថូ ចំណែកព្រះហស្តស្តាំប្រហែលជាកាន់អង្គាំ(បាត់) ។ បដិមាអង្គនេះ ស្លៀកសំពត់សំយុងដល់ត្រឹមក.ជើង មានស្នាមឆ្នូតនៅកណ្តាល និងសងខាង ហើយមានសង្វាចង្កេះមានក្បាច់ ។ បដិមាអង្គនេះ ស្ថិតក្នុងសិល្បៈសម័យមុនអង្គរ នៃរចនាបថកំពង់ព្រះ នាសតវត្សរ៍ទី៨ មកពីវត្តព្រះធាតុ ស្រុកទ្រាំង ខេត្តតាកែវ ។
លក្ខណៈទូទៅរបស់សិល្បៈបដិមាលោកេសូរសំរឹទ្ធិនេះ បង្ហាញយ៉ាងច្បាស់អំពីការទាក់ទងរវាងសិល្បៈខ្មែរ និងសិល្បៈចាម្ប នៃអាណាចក្រស្រីវិជ័យ ដែលព្រះពុទ្ធសាសនាថ្កុំថ្កើងខ្លាំងនៅសតវត្សរ៍ទី៨ ហើយរីកដុះដាលទៅលើជ្រោយម៉ាឡាយូ ។ ហើយសព្វថ្ងៃនេះ បដិមាលោកេសូរ ដាក់តាំងបង្ហាញនៅសារមន្ទីរជាតិក្នុងថែវសំរឹទ្ធិ ៕ ដោយ ៖ ស.ភ.រ
ចែករំលែកព័តមាននេះ