ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម​ហោ​ស​ព្រ​ភាពយន្ត​ខ្លី​ចតុមុខ​ឆ្នាំ​២០២៣ សម្រាំង​បាន​៤៨​ចំណងជើង ដើម្បី​ប្រកួតប្រជែង

6 ខែ មុន
  • ភ្នំពេញ

ប្រធាន​មហោស្រព​ភាពយន្ត​ខ្លី​ចតុមុខ លោក ស៊ុំ ស៊ី​ថែ​ន បាន​គូសបញ្ជាក់​ក្នុង​សន្និសីទ​សារព័ត៌មាន​ដែល​បាន​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី​២៣ ខែតុលា ឆ្នាំ​២០២៣ នៅ​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​ជំនាញ និង​ទទួល​ថត​ភាពយន្ត​នៅ​កម្ពុជា

រាជធានី​ភ្នំពេញ ៖ ប្រធាន​មហោស្រព​ភាពយន្ត​ខ្លី​ចតុមុខ លោក ស៊ុំ ស៊ី​ថែ​ន បាន​គូសបញ្ជាក់​ក្នុង​សន្និសីទ​សារព័ត៌មាន​ដែល​បាន​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី​២៣ ខែតុលា ឆ្នាំ​២០២៣ នៅ​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​ជំនាញ និង​ទទួល​ថត​ភាពយន្ត​នៅ​កម្ពុជា ( Cambodia Film Commission – CFC) ថា «​ឆ្នាំ​នះ មហោស្រព​ទទួល​បាន​ភាពយន្ត​ខ្លី​សរុប​ចំនួន​២២០​ចំណងជើង តែ​សម្រាំង​តែ​៤៨​ចំណងជើង ដើម្បី​ប្រកួត និង​ចាក់​បង្ហាញ​ឆ្នាំ​នេះ​។ ខណៈ​ពេល​កាលពី​ឆ្នាំទៅ ភាពយន្ត​ខ្លី​កម្ពុជា មាន​៦៣​រឿង ឆ្នាំ​នេះ​ទទួល​បាន​៦០​រឿង ហើយ​ទោះបី​រឿងប្រឌិត​ខ្មែរ​ខ្លី ក្នុងឆ្នាំនេះ​មាន​តែ​៣០​រឿង តែ​សុទ្ធតែ​ខ្លឹម​»​។

លោក​បន្ថែម​ថា «​ឆ្នាំ​នេះ មហោស្រព​មាន​លក្ខណៈ​ពិសេស​ជាង​មុន ដែល​ក្នុង​នោះ​សម្រាប់​រង្វាន់ គឺ​ច្រើន​ជាង​ឆ្នាំ​មុន​ៗ សរុប​ដល់​ទៅ​៩ រួម​មាន ៖ ភាពយន្ត​ខ្លី​កម្ពុជា​ល្អ​បំផុត ទទួល​បាន​រង្វាន់ ១០០០​ដុល្លារ និង​ពាន​១, ភាពយន្ត​ខ្លី​កម្ពុជា​ល្អ​បន្ទាប់ ទទួល​បាន​៥០០​ដុល្លារ និង​ពាន​១, ភាពយន្ត​ខ្លី​អន្តរជាតិ​ល្អ​បំផុត ទទួល​បាន​៣០០​ដុល្លារ និង​ពាន​១​។ រង្វាន់​ទស្សនិកជន ដល់​ភាពយន្ត​ខ្លី​ក្នុងស្រុក – ៣០០ ដុល្លារ និង​លិខិត​សរសើរ រង្វាន់​ទស្សនិកជន​។ ដល់​ភាពយន្ត​ខ្លី​អន្តរជាតិ – លិខិត​ស​សើរ​។ ចំណារ​លើកទឹកចិត្ត​ពី​មេ​ប្រយោគ​កម្ពុជា (Cambodian Special Jury Mention) – លិខិត​ស​សើរ​។ ចំណារ​លើកទឹកចិត្ត​ពី​មេ​ប្រយោគ​អន្តរជាតិ (International Special Jury Mention) – លិខិត​ស​សើរ​។ រង្វាន់​ឧបករណ៍​ភ្លើង​ដល់​ជយលាភី​មហោស្រព និង​រង្វាន់​ឧបករណ៍​ភ្លើង​ដល់​ក្រុម​ឆ្នើម​របស់​សិក្ខាសាលា​ប្រើ​ភ្លើង​ពី​AMARAN»​។

លោក​បញ្ជាក់​ថា «​ពិធី​បើក​ជំនាន់​ទី​១២​នេះ នឹង​រំលេច​ស្នាដៃ​របស់​យុវ​សមិទ្ធ​ករ​ឯករាជ្យ​១​រូប គឺ​លោក លី ប៉ូ​ឡែ​ន តាម​រយៈ​ភាពយន្ត​ខ្លី​របស់​គាត់​រឿង «​ឆ្ងាយ​ដាច់​អាល័យ​» (Further and Further Away)​។ ភាពយន្ត​ខ្លី​នេះ បាន​ធ្វើ​ដំណើរ​ឆ្លងកាត់​ច្រើន​មហោស្រព​ភាពយន្ត​នៅ​ជុំវិញ​ពិភពលោក​រួច​ហើយ តាំងពី​បើកចាក់​ដំបូង​កាលពី​ឆ្នាំ​មុន​»​។

លោក​ថា «​ជំនាន់​ទី​១២​នេះ ពិសេស​ត្រង់​ថា មហោស្រព​សហការ​ជាមួយ​ដៃគូរ​ជា​ច្រើន ជា​ពិសេស «​ដៃគូ​សហគមន៍​» ដើម្បី​បង្ក​លក្ខណៈ​អំណោយផល​ដល់​សមិទ្ធ​ករ និង​ទស្សនិកជន ក្នុង​ការ​ទទួល​បាន​ព័ត៌មាន ក៏​ដូច​ជា​ពង្រឹង​សាមគ្គីភាព​ក្នុង​វិស័យ ប្រៀប​ដូច «​ពី​ធី​បុណ្យ​» ក្នុងភូមិ​ស្រុក មួយ​ដូច្នោះ​ដែរ​»​។

ចំណែក លោក រដ្ឋ សាន​សិទ្ធិ​នី ជា​អ្នកគ្រប់គ្រង និង​រើស​រឿង​ក្រៅ​ស្រុក​របស់​មហោស្រព បាន​លើក​ឡើង​ដែរ​ថា «​គោលបំណង​របស់ខ្ញុំ គឺ​មិន​ត្រឹមតែ​នាំ​សាច់​រឿង​ដែល​មានគុណ​ភាព​ទេ តែ​ក៏​ដាស់​អារម្មណ៍​ដល់​ទស្សនិកជន​ក្នុងស្រុក តាម​រយៈ​មូលបទ​ដែល​ឆ្លើយ​តប​នឹង​បញ្ហា ដែល​សង្គម​ខ្មែរ​បច្ចុប្បន្ន​ជួប​ប្រទះ​។ ធ្វើ​ដូចនេះ នឹង​អាច​ប្រែក្លាយ​និយម​ន័យ​សិល្បៈ និង​ភាពយន្ត​ពី​ត្រឹម​ជា​ទម្រង់​លម្អ ឬ​កម្សាន្ត មក​ជា​ឧបករណ៍​ដែល​ជួយ​ឱ្យ​យើង​បាន​ត្រិះ​រិះ និង​ស្វែង​យល់​ពី​សង្គម​យើង ដើម្បី​អភិវឌ្ឍ​ខ្លួន​ទៅ​មុខ​ទៀត​»​។

គួរ​បញ្ជាក់​ថា ម​ហោ​ស​ព្រ​ភាពយន្ត​ខ្លី​ចតុមុខ​នឹង​ប្រព្រឹត្ត​ទៅ​ចាប់ពី​ថ្ងៃ​ទី​២៧ រហូត​ដល់ទី​៣០ ខែតុលា ឆ្នាំ​២០២៣ ដោយ​មាន​រយៈពេល​សរុប​៤​ថ្ងៃ​ជាប់​ៗ​គ្នា​។ ទស្សនិកជន ដែល​ចង់​លើកទឹកចិត្ត​យុវ​សមិទ្ធ​ករ​យើង អាច​ទៅ​ទស្សនា​រាល់​រឿង​ខ្លី​ជាប់​ជម្រើស​ទាំង​អស់នេះ ក៏​ដូច​ជា បោះ​ឆ្នោត​គាំទ្រ​ដោយ​ផ្ទាល់​ដល់​រឿង​ដែល​ខ្លួន​ពេញចិត្ត នៅ​រោង​ភាពយន្ត Legend Cinema – Olympia Mall, K-Mall, SenSok Mega Mall, Major Cineplex – Sorya និង Cine Hub ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ