ការនិយមប្រតិបត្តិព្រះពុទ្ធសាសនានៅក្នុងសង្គមខ្មែរមាន ២និកាយ ធំៗគឺ ពុទ្ធសាសនាមហាយាន(យានធំ) និងពុទ្ធសាសនាហីនយាន(យានតូច) ។ និកាយពុទ្ធសាសនាមហាយាន សំដៅលើការគោរពប្រតិបត្តិចំពោះព្រះពោធិសត្វជាច្រើនអង្គមានព្រះលោកេសូរជាទេពសំខាន់ ហើយសិក្ខាបទមិនសូវតឹងរុឹង និងនិយមប្រតិបត្តិខ្លាំងនៅក្នុងរជ្ជកាលព្រះបាទជ័យវម៌្មទី៧ ។
បើតាមឯកសារសារមន្ទីរជាតិ និកាយពុទ្ធសាសនាហីនយានសំដៅលើការគោរពប្រតិបត្តិលើព្រះពុទ្ធរូបតែមួយអង្គគត់ ដោយមានសិក្ខាបទតឹងរឹងផ្អែកលើគម្ពីរបាលីនៃព្រះត្រៃបិដក (ត្បូងទាំងបីរបស់ព្រះពុទ្ធ) ។ និកាយនេះបានចាក់ឫសគល់យ៉ាងខ្លាំងនៅក្នុងជំនឿប្រតិបត្តិលើព្រះពុទ្ធសាសនារបស់ប្រជាជនខ្មែរ ជាពិសេសចាប់ពីសម័យក្រោយអង្គរមក ទើបឃើញមានការកសាងព្រះវិហារ វត្តអារាម និងពុទ្ធប្រតិមាជាច្រើនសម្រាប់ធ្វើជាទីសក្ការៈបូជា ហើយការប្រតិបត្តិនេះក៏បន្តយ៉ាងខ្ជាប់ខ្ជួនរហូតមកដល់បច្ចុប្បន្ន និងបានក្លាយជាសាសនារបស់រដ្ឋ ។

ប្រតិមាព្រះពុទ្ធធ្វើពីលោហៈ និងថ្មភក់ ដែលដាក់តាំងបង្ហាញនៅក្នុងសារមន្ទីរជាតិ រាប់ចាប់តាំងពីសាលសម័យមុនអង្គរ រហូតមកដល់សាលសម័យក្រោយអង្គរ បានបង្ហាញទម្រង់ព្រះពុទ្ធក្នុងកាយវិការ ឬមុទ្រ (Mudra) ផ្សេងៗគ្នាក្នុងនោះមាន៖ សមាធិ ឬឈានមុទ្រា (Dhyana Mudra) មារវិជ័យ ឬផ្ចាញ់មារឬយកធរណីជាសាក្សី (Bhumisparsa Mudra) សម្តែងធម៌ឬធម្មចក្រ (Dharmachakra Mudra) ទ្រង់ប្រទានអភ័យ ឬអភ័យមុទ្រ (Abhaya Mudra) ប្រទានពរឬវរមុទ្រ (Varada Mudra)។
បដិមាព្រះពុទ្ធរូបដែលលើកយកមកបង្ហាញនេះជាទម្រង់ព្រះពុទ្ធឈរសម្តែងធម៌ស្ថិតក្នុងកាយវិការធម្មចក្រ (Dharmachakra Mudra)។ ព្រះភ័ក្ត្រមានរាងមូល ព្រះកេសាមានរង្វែលគូទខ្យង ធំៗ គ្របស្បង់ចីពរស្តើងជាប់ព្រះកាយពីស្មាដល់កជើង ។ ព្រះនេត្រទាំងទ្វេបើក ធំៗ ទឹកមុខញញឹមស្ងប់ ព្រះហស្តទាំងទ្វេបោះត្រង់មកមុខ ត្រឹមព្រះឱរា រីឯព្រះហស្តឆ្វេងម្រាមចង្អុលដៃបត់ភ្ជាប់មកមេដៃ ចំណែកខាងស្តាំម្រាមទាំងប្រាំបត់ចូលគ្នា ។
បដិមាធ្វើពីថ្មភក់នេះ ជាចម្លាក់ទោលស្ថិតក្នុងសិល្បៈសម័យមុនអង្គរនៃរចនាបថភ្នំដា(?) នាសតវត្សរ៍ទី៦ មកពីទួលអង្គងិល ភូមិត្រពាំងឫស្សី ឃុំសំបូរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។ លក្ខណៈទូទៅរបស់សិល្បៈបដិមាព្រះពុទ្ធរូបអង្គនេះ បង្ហាញយ៉ាងច្បាស់ពីការទាក់ទងរវាងសិល្បៈខ្មែរ និងសិល្បៈឥណ្ឌានាសម័យគុប្ត ៕ ដោយ ៖ ស.ភ.រ
ចែករំលែកព័តមាននេះ