ខេត្តព្រះសីហនុ ៖ នៅក្រុងព្រះសីហនុ ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣នេះ ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ បានបញ្ជាក់ផងដែរថា នាឱកាសបុណ្យភ្ជុំបិណ្ឌ រយៈពេល០៣ថ្ងៃ (ថ្ងៃទី១៣-១៥ ខែតុលា ឆ្នាំ២០២៣) ភ្ញៀវទេសចរបានចូលមកសម្រាកកម្សាន្តនៅខេត្តព្រះសីហនុ ១៦១.៤១៥នាក់ កើនឡើង ៩១% ។

លោក តាំង សុចិត្តគ្រឹស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ បន្តថា ភ្ញៀវទេសចរ បានចូលមកសម្រាកកម្សាន្តនៅខេត្តព្រះសីហនុ រយៈពេល០៣ថ្ងៃ នាឱកាសបុណ្យភ្ជុំបិណ្ឌ មានភ្ញៀវទេសចរផ្ទៃក្នុងសរុប ១៦១.៤១៥នាក់ កើនឡើង ៩១% ក្នុងនោះ ៖ ភ្ញៀវជាតិ ១៥៧.០៤៦នាក់ កើនឡើងជាង ៩១% និងភ្ញៀវបរទេសសរុប ៤.៣៦៩នាក់ កើនឡើង ៧១% ។

ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ បន្តថា ចំណែកប្រភពភ្ញៀវ និងគោលដៅទេសចរណ៍សម្រាកកម្សាន្ត រួមមាន ៖
១- ភ្ញៀវចូលតាមព្រលានយន្តហោះអន្តរជាតិខេត្តចំនួន ០៦ជើង ស្មើនឹង ២១១ នាក់ កើន ឡើង ជាង ៥% ក្នុងនោះភ្ញៀវជាតិ០៦នាក់ កើនឡើង ១០០% និងភ្ញៀវអន្តរជាតិ ២០៥នាក់ កើនឡើងជាង ៥%។

២- ភ្ញៀវទេសចរទៅកម្សាន្តតាមបណ្តាកោះនានា សរុប ១.៣៤២នាក់ កើនឡើង ៤៨% ក្នុងនោះ ភ្ញៀវជាតិ ៧៦៨នាក់ កើនឡើង ២៤% និងភ្ញៀវបរទេស ៥៧៤នាក់ កើនឡើង ៩៩% ។
៣- ភ្ញៀវតាមបណ្តាឆ្នេរ និងរមណីយដ្ឋាននានាសរុប ១៥៩.៨៦២នាក់ កើនឡើង ៩១% ក្នុងនោះភ្ញៀវជាតិ ១៥៦.២៧២នាក់ កើនឡើង៩២% និងភ្ញៀវបរទេស ៣.៥៩០នាក់ កើនឡើង ៧៣% ។

លោកបានបញ្ជាក់បន្ថែមថា ខេត្ដព្រះសីហនុ មានហេដ្ឋារចនាសម្ព័ន្ធល្អ ប្រព័ន្ធគមនាគមន៍សម្បូរបែប ធនធានធម្មជាតិសម្បូរបែប រមណីយដ្ឋានធម្មជាតិ និងរមណីយដ្ឋានកែច្នៃជាច្រើន ឆ្នេរសមុទ្រស្អាតជាងគេនៅលើពិភព ប្រវែងជាង ១៧៥គីឡូម៉ែត្រ កោះធំតូច៣២កោះ ដែលមានឆ្នេរខ្សាច់.ស ល្អស្អាត ធនធានធម្មជាតិសមុទ្រ ឱ្យពលរដ្ឋ ឬភ្ញៀវទេសចរ អាចជិះទូកស្ទូចត្រី និងមុជទឹកមើលផ្កាថ្ម (Snorkeling) ព្រមទាំងមុជទឹកមើលសួនធម្មជាតិបាតសមុទ្រ (Diving) ។ល៕





ចែករំលែកព័តមាននេះ