ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកសិល្បៈ​បញ្ចេញ​អារម្មណ៍​អម​នឹង​រូប​ប្រាសាទអង្គរវត្ត ក្រោយ​ផ្ទុះ​ប្រតិកម្ម​រឿង​លួ​.​ច​ចម្លង​ពី​ភាគី​ថៃ

7 ខែ មុន
  • ភ្នំពេញ

ក្រោយ​ផ្ទុះ​ប្រតិកម្ម​ការ​លួ​.​ច​ចម្លង​សាងសង់​ពី​ភាគី​ថៃ អ្នកសិល្បៈ​ខ្មែរ​ជា​បន្តបន្ទាប់​បាន​ចាប់ផ្តើម​បញ្ចេញ​អារម្មណ៍​របស់​ខ្លួន​រៀង​ៗ​ខ្លួន ដោយ​អម​ជាមួយនឹង​ប្រាសាទបុរាណ​ខ្មែរ​នានា ជា​ពិសេស​ប្រាសាទអង្គរវត្ត នៅ​លើ​បណ្តាញ​សង្គម បន្ទាប់​ពី​មួយ​រយៈ​ចុង​ក្រោយ​នេះ មហាជន​ខ្មែរ​ជា​ច្រើន​នាំ​គ្នា​ផ្ទុះ​ប្រតិកម្ម​ជុំវិញ​ការ​លួ​.​ច​ចម្លង​ប្រាសាទអង្គរវត្ត ពី​ភាគី​ថៃ ដើម្បី​សាងសង់​

រាជធានី​ភ្នំពេញ ៖ ក្រោយ​ផ្ទុះ​ប្រតិកម្ម​ការ​លួ​.​ច​ចម្លង​សាងសង់​ពី​ភាគី​ថៃ អ្នកសិល្បៈ​ខ្មែរ​ជា​បន្តបន្ទាប់​បាន​ចាប់ផ្តើម​បញ្ចេញ​អារម្មណ៍​របស់​ខ្លួន​រៀង​ៗ​ខ្លួន ដោយ​អម​ជាមួយនឹង​ប្រាសាទបុរាណ​ខ្មែរ​នានា ជា​ពិសេស​ប្រាសាទអង្គរវត្ត នៅ​លើ​បណ្តាញ​សង្គម បន្ទាប់​ពី​មួយ​រយៈ​ចុង​ក្រោយ​នេះ មហាជន​ខ្មែរ​ជា​ច្រើន​នាំ​គ្នា​ផ្ទុះ​ប្រតិកម្ម​ជុំវិញ​ការ​លួ​.​ច​ចម្លង​ប្រាសាទអង្គរវត្ត ពី​ភាគី​ថៃ ដើម្បី​សាងសង់​នៅ​លើ​ទឹកដី​របស់​ពួក​គេ​។

ផ្តើម​ពី​ការ​ចូលរួម​រិះគន់ និង​សម្តែង​ការ​មិន​ពេញចិត្ត​ចំពោះ​ទ​ង្វើ​ខាងលើ​នេះ ក្នុង​នាម​ជា​កូន​ខ្មែរ​ដែរ​នោះ អ្នកសិល្បៈ​ជា​ច្រើន​ដួង​ក៏​នាំ​គ្នា​ងាក​មក​បង្ហោះ​រូបភាព​របស់​ខ្លួន ដែល​ថត​នៅ​ពីមុខ​ប្រាសាទបុរាណ​ខ្មែរ​នា​ពេល​កន្លង​មក ដើម្បី​ជា​ការ​ចូលរួម​ផ្សព្វផ្សាយ​សម្បត្តិ​វប្បធម៌​ខ្មែរ និង​បាន​ចាត់​ទុក​ប្រាសាទអង្គរវត្ត​ជា​របស់​ខ្មែរ ស្ថិត​នៅ​លើ​ទឹកដី​កម្ពុជា តែ​មួយ​គត់ ។

តារាចម្រៀង​នាង មាស សុខ​សោភា បាន​បញ្ចេញ​រូបភាព​ជា​ច្រើន​សន្លឹក​ជាមួយ​ស្វាមី​អម​ជាមួយនឹង​ការ​គ្រង​ឈុត​បុរាណ​ខ្មែរ​ថត​នៅ​ក្នុង​បរិវេណ​ប្រាសាទ​អង្គ​វត្ត ដោយ​អម​ជាមួយនឹង​សំ​ណេ​រ​បង្ហោះ​លើ​បណ្តាញ​សង្គម​ថា «​អនុស្សា​វី​យ៍​នៅ​ប្រាសាទអង្គរវត្ត លើ​ទឹកដី​អច្ឆរិយៈ ដែល​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​តែ​មួយ​គត់ គឺ​នៅ​ក្នុង​ប្រទេស​កម្ពុជា​»​។

តារាចម្រៀង​នាង ទេព បូ​ព្រឹក្ស ក៏​បាន​បង្ហោះ​សំ​ណេ​រ​មួយ​ដែរ​ថា «​បើសិនជា​ផ្តល់​ឱកាស​ឲ្យ​ខ្ញុំ​បាន​ថត MV បទ​ទេវរាជ និង​មហានគរ​នៅ​ប្រាសាទ​អង្គ​វត្ត​បាន ពួក​ខ្ញុំ​នឹង​មិន​ធ្វើ​ឲ្យ​អ្នក​ទាំងអស់​គ្នា​ខកបំណង​ឡើយ​»​។ ខណៈ​ពេល​សារ​របស់​នាង​នា​ពេល​នេះ ក៏​មានការ​គាំទ្រ​យ៉ាងច្រើន​ផង​ដែរ ពី​មហាជន ក៏​ដូច​អ្នកសិល្បៈ​ដូច​គ្នា​។

ចំណែក​តារាចម្រៀង​នាង អ៊ី​វ៉ា ក៏​បាន​បង្ហោះ​ទិដ្ឋភាព​ប្រាសាទអង្គរវត្ត ដោយ​អម​ជាមួយនឹង​សំ​ណេ​រថា «​ទោះ​ក្នុង​តម្លៃ​ណា​ក៏​ដោយ គឺ​គ្មាន​អ្វី​អាច​ប្រៀបផ្ទឹម​នឹង​ប្រាសាទអង្គរវត្ត​របស់​ខ្មែរ​បាន​នោះ​ទេ​។ សម្រស់​ផូរផង់​ដ៏​អស្ចារ្យ បាន​លេចធ្លោ​កណ្តាល​ប្រឹក្សា ខ្ញុំ​ជឿជាក់​ថា បារមី​នៃ​បុព្វបុរស​ដែល​ថែរក្សា​ប្រាសាទ​អង្គរ នឹង​មិន​អោយ​ចោ​.​រណា​ម្នាក់​ដែល​មានគំនិត លួ​.​ច ឬ​ចម្លង បាន​ស្រួល​ៗ​នោះ​ដែរ​»​។

តារា​សម្តែង​លោក មុំ សុទ្ធា​រ៉ា ក៏​បាន​បញ្ចេញ​រូបភាព​អនុស្សាវរីយ៍​ដែល​លោក​បាន​ថត​នា​ពេល​កន្លង​មក នៅ​ពីមុខ​ប្រាសាទ​នានា ក្នុង​ខេត្តសៀមរាប រួច​អម​ជាមួយនឹង​សំ​ណេ​រថា «​រូបភាព​ខ្លះ​ៗ​ដែល​ខ្ញុំ​បាន​ដើរ​លេង​ក្នុង​ទឹកដី​ស័ក្តិសិទ្ធិ​នៃ​ខេត្តសៀមរាប ក្នុង​១​ឆ្នាំ​យ៉ាងតិច​ក៏​បាន​ទៅ​លេង​៥​ដង​ដែរ ទៅ​លេង​ហើយ​ចង់ទៅ​លេង​ទៀត​»​។

លោក​បញ្ជាក់​ថា «​បង្ហាញ​អ្វី​ដែល​ខ្លួន​មាន ទៅ​កាន់​ពិភពលោក​ឱ្យ​បានដឹង រៀន​ទទួលយក​ការ​រិះគន់ ហើយ​យក​មក​ពិភាក្សា បង្ហាញ​ឱ្យ​គេ​ដឹង​ថា ខ្មែរ​ពិតជា​ស្រឡាញ់​ខ្មែរ យល់​ឱ្យ​ច្បាស់​ថា​យើង​ឆ្លាត គេ​កាន់តែ​ឆ្លាត <​ត្រូវ​យល់​ដឹង​>​។ អរគុណ​ដែល​បាន​បង្កើត​ឱ្យ​ខ្ញុំ​មក​ចាប់កំណើត​ក្នុង​ទឹកដី​ប្រទេស​កម្ពុជា ខ្មែរ​ធ្វើ​បាន សន្តិភាព និង​ការ​អភិវឌ្ឍន៍​»​។

ដោយឡែក​តារាចម្រៀង​លោក ករុណា ពេជ្រ ក៏​បាន​ប្តូរ​រូបភាព Profile ហ្វេ​ស​ប៊ុ​ក​របស់​ខ្លួន​មក​ដាក់​រូប​ប្រាសាទអង្គរវត្ត​វិញ ហើយ​បាន​ភ្ជាប់​ជាមួយនឹង​សារ​ខ្លី​ថា «I love my Cambodia ខ្ញុំ​ស្រលាញ់​អ្វី​ជា​របស់ខ្ញុំ ហើយ​ក៏​មិន​ចង់បាន​អ្វី​ជា​របស់​គេ​ដែរ ប៉ុន្តែ​សុំ​ចិត្ត​កុំ​លួ​.​ច​អ្វី​ជា​របស់ខ្ញុំ​បន្ត​ទៀត អង្គរវត្ត ជា​របស់​កម្ពុជា តែ​មួយ​គត់​»​។

តារា​សម្តែង និង​បង្ហាញ​ម៉ូត នាង ហ្វី យ៉ា​តា ក៏​បាន​បង្ហោះ​រូបភាព​របស់​ខ្លួន​ថត​នៅ​មុខ​ប្រាសាទអង្គរវត្ត ដោយ​អម​ជាមួយនឹង​សំ​ណេ​រ​ស្រ​ដៀង​គ្នា​ដែរ​ថា «​គ្មាន​ទីណា​អាច​យកឈ្នះ​សម្រស់​១​គ្មាន​២ របស់​អ្នក​បាន​ទេ នៅ​លើ​ពិភពលោក​នេះ​។ អ្នក​ស្រស់​ស្អាត បរិសុទ្ធ និង​អស្ចារ្យ​ពេក​ហើយ​។ គ្មាន​អ្វី​អាច​មក​ជំនួស​អ្នក​បាន​ឡើយ ហើយ​កាន់តែ​មិន​អាច​បំផ្លាញ ឬ​បំពាន​អ្នក​»​។

តារា​សម្តែង​នាង ឆុំ វ​ត្តី ក៏​បាន​បង្ហោះ​សារ​បង្ហាញ​អារម្មណ៍​របស់​ខ្លួន​ពាក់ព័ន្ធ​ទៅ​នឹង​ប្រាសាទអង្គរវត្ត​ដែរ​ថា «​យើង​មាន​ប្រាសាទ​ពិតប្រាកដ ជា​របស់​យើង​គ្រប់​ៗ​គ្នា ដែល Angkor Wat temple មាននៅ​លើ​ទឹកដី​ខ្មែរ​យើង​ពិតប្រាកដ ប្រាសាទអង្គរវត្ត​ជា​របស់​ខ្មែរ ជា​ដួង​ព្រលឹង​ខ្មែរ ជា​អត្តសញ្ញាណ​ខ្មែរ ដែល​ដូនតា​ខ្មែរ​បន្សល់​ទុក ហើយ​បាន​ចុះ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​អង្គការ UNESCO នៅ​ថ្ងៃ​ទី​១៤ ខែធ្នូ ឆ្នាំ​១៩៩២»​។

នាង​បញ្ជាក់​ថា «​អ្នក​អាច​ចម្លង​រូបរាង​បាន តែ​អ្នក​មិន​អាច​ចម្លង​ដួង​ព្រលឹង អត្ត​ចរិត និង​បារមី​បាន​ទេ​! សូម​បងប្អូន​ខ្មែរ​ទាំងអស់ មេត្តា​ជួយ​ផ្សព្វផ្សាយ​នូវ​វប្បធម៌ អរិយធម៌ ដែល​យើង​មាន និង​ប្រាសាទ​របស់​ខ្មែរ​យើង ជា​ជាង​ចែករំលែក​នូវ​រូបថត​របស់​អ្នក ជិតខាង ដែល​គេ​កំពុង​សាក​សង់​បន្លំ អ្វី​ដែល​គួរ​ចែករំលែក គឺជា​ប្រាសាទអង្គរវត្ត​ពិតប្រាកដ ដែល​នៅ​លើ​ទឹកដី​របស់​កម្ពុជា /Cambodia យើង​តែ​មួយ​គ្មាន​ពីរ​នៅ​លើ​ពិ​លោក​យើង​នេះ​»​។

តារាចម្រៀង​នាង តន់ ចន្ទ​សីមា ក៏​មិន​បាន​បញ្ចេញ​អារម្មណ៍​ផ្ទាល់ខ្លួន​អ្វី​ច្រើន​ឡើយ ពាក់ព័ន្ធ​រឿងរ៉ាវ​ខាងលើ​នេះ ប៉ុន្តែ​នាង​បញ្ចេញ​រូបភាព និង​សកម្មភាព​មួយ​ចំនួន ដែល​នាង​ថត​ចម្រៀង​បទ «​ស្រឡាញ់​អ្វី​ដែល​ខ្មែរ​មាន​» ដែល​បទ​ចម្រៀង​នេះ បាន​ភ្ជាប់​ជាមួយនឹង​រូបភាព​សិល្បៈ​ខ្មែរ ជា​ពិសេស​គឺ​ប្រាសាទបុរាណ​ខ្មែរ​នានា​ផង​ដែរ​។

អតីត​តារា​សម្តែង ហើយ​បច្ចុប្បន្ន ជា​អ្នកគ្រប់គ្រង​កម្មវិធី Miss Grand Cambodia អ្នក​នាង អ៊ឹម សុ​គ​ន្ធា ក៏​បាន​បញ្ចេញ​សារ​សំ​ណេ​រ​មួយ​ខ្លី​ថា «​ឆ្នាំ​ក្រោយ Miss Grand Cambodia អាច​ទេ​… សុំ​ឱ្យ​បវរកញ្ញា​អាច​ចូល​ថត​ឈុត​តំណាង​ជាតិ នៅ​លើ​ទឹកដី​អង្គរ​សៀមរាប ដើម្បី​ផ្សព្វផ្សាយ​ឱ្យ​ពិភពលោក​បាន​ស្គាល់​ប្រាសាទអង្គរវត្ត នៅ​លើ​ទឹកដី​កម្ពុជា​»​។

ចំណែក​តារា​សម្តែង និង​ពិធី​ការិនី​ជើង​ចាស់​នាង ឌួ​ង ហ្ស៊ូ​រី​ដា ក៏​បាន​បង្ហោះ​សំ​ណេ​រ​របស់​ខ្លួន​ដែរ​ថា «​មិន​ដែល​ហត់នឿយ​នឹង​ការ​ថត​ផ្សព្វផ្សាយ​កេរ​មរតក​ដូនតា​ខ្មែរ គ្រប់ពេល​ទៅ​ប្រាសាទអង្គរវត្ត​ជា​មួយ​សម្លៀក​បំពាក់​ជានា​រី​ខ្មែរ ព្រោះ​ខ្ញុំ​ជា​ខ្មែរ »​។

នាង​បញ្ជាក់​ថា «​មិនមែន ទើបតែ​ជ្រួល​តាម​ខ្យល់​បក់​ទេ ប៉ុន្តែ​គឺ​រៀង​រាល់​ឆ្នាំ​ជា​ទម្លាប់ សូម​ឱ្យ​ប្រជា​ជន​ខ្មែរ​មាន​ឆន្ទៈ​គោរព​ស្រឡាញ់​ជាតិ​សាសន៍ និង​មរតក​កេរ្តិ៍​ពី​ដូនតា​របស់​ខ្លួន​កុំឱ្យ​បាត់បង់ ហើយ​កុំ​មានចិត្ត​ស្រឡាញ់​គ្រាន់តែ​ដូច​ភ្លើង​ចំ​ប៉ើង ប្រទេស​ជិតខាង​នឹង​ចម្លង​យក​ម្តង​មួយ​ៗ ប្រែ​ក្រ​ឡៃ​ប្រវត្តិសាស្ត្រ​ដោយ​ឥត​អៀនខ្មាស់ យើង​ធ្លាប់​បាត់បង់​ខេត្ត​មួយ​ភាគ​ធំ​ឱ្យទៅ​ប្រទេស​អាណានិគម​ឈ្លានពាន ហើយ​គេ​ឈ្នះ គេ​ក៏​បាន​ប្រែ​ប្រវត្តិសាស្ត្រ​ទៅ​ជា​រឿង​ផ្សេង​ដែរ ដូច្នេះ​ហើយ យើង​ត្រូវ​ការពារ និង​រក្សា​កុំឱ្យ​បាត់បង់​ជា​ដាច់ខាត​»​។

យ៉ាងណា​ក៏​ដោយ មិនមែន​តែ​អ្នកសិល្បៈ​ខាងលើ​នេះ​ទេ ពោល​ក៏​មាន​អ្នកសិល្បៈ​ជា​ច្រើន​ដួង​ទៀត​បាន​ធ្វើ​សកម្មភាព​របស់​ខ្លួន​ដូច​ៗ​គ្នា ដោយ​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម​យ៉ាង​ព្រោងព្រាត​ផង​ដែរ​។

ជា​ការ​កត់សម្គាល់ ក្រោយ​មានការ​ផ្ទុះ​ប្រតិកម្ម​ពី​មហាជន​សម្តែង​ការ​មិន​ពេញចិត្ត​ចំពោះ​សកម្មភាព​របស់​ប្រជាជន​ថៃ​មួយ​ក្រុម ដែល​នាំ​គ្នា​ធ្វើការ​ចម្លង​រូបរាង​ប្រាសាទអង្គរវត្ត​ខ្មែរ យក​ទៅ​សាងសង់​នៅ​លើ​ទឹកដី​ក្នុង​ប្រទេស​ថៃ​នោះ ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​បាន​ចេញ​សេចក្តីជូនដំណឹង​មួយ​ពន្យល់​ប្រាប់​មហាជន​ខ្មែរ​ស្តី​ពី​ការ​សាងសង់​របស់​ថៃ​ខាងលើ​នេះ​។

នៅ​ក្នុង​សេចក្តីជូនដំណឹង​នោះ ក៏​បាន​បញ្ជាក់​ដែរ​ថា ពាក់ព័ន្ធ​ករណី​នៃ​ការ​សាងសង់​សំណង់​នៅ​វត្ត​ភូ​ម៉ា​ន​ហ្វា ក្នុង​ខេត្ត​បុរីរម្យ ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​យកចិត្តទុកដាក់​យ៉ាង​ខ្លាំង​លើ​សកម្ម​ភាព​នៃ​ការ​សាងសង់​នេះ ដោយ​បាន​ចាត់​ក្រុមការងារ​ជំនាញ​តាមដាន​ជា​ប្រចាំ តាំងពី​ដើម​រៀង​មក ពោល​គឺ​ចាប់តាំងពី​ករណី​នេះ បាន​ផ្ទុះ​ឡើង​នា​អំឡុង​ឆ្នាំ​២០២១ មក​ម្ល៉េះ​។

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​បន្ត​ថា ចំណាត់ការ​កន្លង​មក ដែល​ក្រសួង​បាន​ធ្វើ គឺ​ផ្តោត​លើ​សកម្មភាព​ទំនាក់ទំនង​ការទូត​រវាង​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ និង​ភាគី​ថៃ (​ស្ថានទូត​ថៃ ប្រចាំ​នៅ​កម្ពុជា និង​ក្រសួង​វប្បធម៌​ថៃ​) ដោយ​បាន​បញ្ជូន​អ្នក​សិក្សា​ស្រាវជ្រាវ ដើម្បី​ចុះ​ទៅ​ពិនិត្យ​ទីតាំង​សាងសង់​ផ្ទាល់ ប៉ុន្តែ​ស្ថានភាព​នៅ​ពេល​ដែល​អ្នកជំនាញ​ចុះ​ទៅ បាន​ពិនិត្យ​ឃើញ​ថា សំណង់​នៅ​មិន​ទាន់​មានការ​សង់​បន្ថែម​នៅឡើយ​។

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​បន្ត​ថា ករណី​នៃ​ការ​បញ្ជូន​អ្នកជំនាញ​ចុះ​ត្រួតពិនិត្យ និង​ចរចា គឺ​យើង​មាន​ជំហរ​ច្បាស់លាស់​ក្នុង​ការ​ទប់ស្កាត់​នូវ​រាល់​ទ​ង្វើ​ទាំងឡាយ​ណា ដែល​បាន​ចម្លង​អត្តសញ្ញាណ​ជាតិ​របស់​យើង ដោយ​ផ្អែក​ទៅ​លើ​សកម្មភាព​ការទូត ការងារ​ផ្ទៀងផ្ទាត់​បែប​បច្ចេកទេស ការងារ​ចុះ​ពិនិត្យ​ទីតាំង​ផ្ទាល់ និង​ការងារ​ផ្លូវច្បាប់​ជាតិ និង​អន្តរជាតិ ក្នុង​ករណី​ដែល​ត្រូវ​ប្រកាន់​យក​។

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ក៏​បាន​ជម្រាប​ជូន​សាធារណជន បន្ថែម​ទៀត​ថា កិច្ចការ​នេះ ក្រុមការងារ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​នៅ​តែ​បន្ត​នីតិវិធី​ដោះស្រាយ​តាម​ជំនាញ និង​ការទូត​។

យ៉ាងណា​ក៏​ដោយ បើ​តាម​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ក្រសួង​សូម​ថ្លែងអំណរគុណ ចំពោះ​ទឹកចិត្ត​ស្រឡាញ់ ការ​គាំទ្រ​យ៉ាង​មោះមុត​របស់​បងប្អូន និង​ការ​ចូលរួម​ផ្តល់​ព័ត៌មាន​គ្រប់​ជ្រុងជ្រោយ ដែល​ជា​ជំនួយ​ដ៏​សំខាន់​សម្រាប់​កិច្ចការ​អភិរក្ស​បេតិកភណ្ឌ​ដ៏​ថ្លៃថ្លា​របស់​យើង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ