ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ស្ពាន​ទ័ព ឬស្ពាន​បុរាណ​អូរ​ជីក ស្ងាត់ជ្រងំ មាន​ខ្ទម​ខ្មោច គួរ​ឱ្យ​​​​ខ្លាច

1 ឆ្នាំ មុន
  • ភ្នំពេញ

ស្ពាន​ទ័ព ឬ​ស្ពាន​អូរ​ជីក ជា​ស្ពាន​បុរាណ​វែង​ជាងគេ និង​ធំ​ជាងគេ​បង្អស់​នៅ​ស្រុក​ខ្មែរ ដែល​បាន​បន្សល់​ទុក​តាំងពី​សម័យ​ចក្រភព​អង្គរ ប៉ុន្តែ​មិនសូវ​ទទួល​បានការ​ទាក់ទាញ​ខ្លាំង​ដូច​ស្ពាន

ខេត្តឧត្តរមានជ័យ ​៖ ​ស្ពាន​ទ័ព ឬ​ស្ពាន​អូរ​ជីក ជា​ស្ពាន​បុរាណ​វែង​ជាងគេ និង​ធំ​ជាងគេ​បង្អស់​នៅ​ស្រុក​ខ្មែរ ដែល​បាន​បន្សល់​ទុក​តាំងពី​សម័យ​ចក្រភព​អង្គរ ប៉ុន្តែ​មិនសូវ​ទទួល​បានការ​ទាក់ទាញ​ខ្លាំង​ដូច​ស្ពាន​កំពង់ក្តី​ (​ស្ពាន​ព្រះ​ទិស​) ​ទេ ។

ស្ពាន​ទ័ព ឬ​ស្ពាន​អូរ​ជីក មាន​ទីតាំង​ស្ថិត​នៅ​ភូមិ​ជើងទៀន ឃុំ​ជើងទៀន ស្រុក​ចុងកាល់ ខេត្តឧត្តរមានជ័យ ដែល​មាន​ទីតាំង​ជាប់​នឹង​ព្រំប្រទល់​នៃ​ខេត្តសៀមរាប ។ ស្ពាន​នេះ​ គឺ​ជា​ស្ពាន​ចាស់​បុរាណ​មួយ​ដែល​ធ្វើ​ពី​ថ្មបាយក្រៀម​ស្ទើរតែ​ទាំងអស់ លើកលែងតែ​បង្កាន់ដៃ​នាគ និង​ជើង​ទម្រ​ដែល​ធ្វើ​ពី​ថ្មភក់ ។ សព្វ​ថ្ងៃនេះ​បង្កាន់ដៃ​នាគ និង​ជើង​ទម្រ​នៅ​សល់​តែ​ផ្នែក ខ្លះ​ៗ​ប៉ុណ្ណោះ​។ ចំណែកឯ​សរសរ​ជើង​ស្ពាន​ខ្លះ​ទទួល​ការ​សឹក​រិចរឹល​ខ្លាំង ។

បើ​តាម​ឯកសារ​មន្ទីរ​ទេសចរណ៍​ខេត្តឧត្តរមានជ័យ ស្ពាន​ទ័ព ឬ​ស្ពាន​អូរ​ជីក​មាន​បណ្តោយ​ប្រវែង​ប្រមាណ​ជា​១៤៩​ម៉ែត្រ ទទឹង​ប្រមាណ​ជា​១៥,៥០​ម៉ែត្រ កម្ពស់​ប្រហែល​១០​ម៉ែត្រ​ពី​ផ្ទៃដី និង​រន្ធ​បង្ហូរទឹក​ចំនួន​៣៥ ដែល​បាន​កសាង​ឡើង​ក្នុង​រជ្ជកាល​ព្រះបាទ​ជ័យ​វ​រ័​ន្ម​ទី​៧ ក្នុង​ចន្លោះ​សតវត្ស​ទី​១២ និង​ទី​១៣ នៃ​គ​.​ស ។ ស្ពាន​នេះ ​ត្រូវ​បាន​ចាត់​ទុក​ថា មាន​ប្រវែង​វែង​ជាងគេ​បង្អស់ នៅ​ក្នុង​ចំណោម​ស្ពាន​បុរាណ​​នានា​ជាង​១០០​ ដែល​គេ​បាន​ស្រាវជ្រាវ​រក​ឃើញ​នៅ​ក្នុង​ប្រទេស​កម្ពុជា ។

កាលពី​ជំនាន់​ដែល​រាជធានី​អង្គរ​ ជា​មណ្ឌល​នៃ​ចក្រភព​អង្គរ​ដ៏​ធំ​មួយ​នេះ ទីតាំង​សំខាន់​ៗ​ជិត ឬ​ឆ្ងាយ​តែងតែ​ភ្ជាប់​ខ្លួន​មក​មណ្ឌល​នេះ​ តាម​បណ្តាញ​គមនាគមន៍​ស្អេក​ស្កេះ ។ ក្នុង​នោះ​ មាន​ផ្លូវថ្នល់​តូច​ធំ ស្ពាន​… ។

ឧទាហរណ៍ ៖ ​ផ្លូវ​ចេញពី​អង្គរ​ទៅ​សម្បូរ​ព្រៃ​គុក ​(​ឦ​សាន្ត​បុ​រ​:) ដោយ​កាត់​តាម​រលួស ​(​ហរិ​ហ​រា​ល័យ​) និង​កំពង់ក្តី (​ដូច​ជា​ស្ពាន​កំពង់ក្តី​) ។ ឧទាហរណ៍​មួយទៀត ៖ គឺ​ផ្លូវ​ដែល​ចេញពី​អង្គរ​ទៅ​វាលទំនាប​មេ​ណា​ម ជា​ពិសេស​កាត់​តាម​ចំណុច​ប្រាសាទស្តុកកក់ធំ (​ខេត្ត​ស្រះ​កែវ ប្រទេស​ថៃ​សព្វថ្ងៃ​) ។

ស្ពាន​ទ័ព ឬ​ស្ពាន​អូរ​ជីក​នេះ ឆ្លងកាត់​មក​ពី​ខាងលើ​ភូមិ​រមៀត ស្រុក​ចុងកាល់ ខេត្តឧត្តរមានជ័យ​រហូត​មក​ទល់​ស្ទឹង​ក្រឡាញ់ ខេត្តសៀមរាប ។ ស្ពាន​នេះ ​មិនមែន​ជា​ស្ពាន​កាត់​តាម​ផ្លូវ​បុរាណ​តែ​មួយ​នៅ​តំបន់​នោះ​ទេ ។ បើសិន​យើង​ធ្វើ​ដំណើរ​តាមតម្រាយ​នៃ​ផ្លូវ​បុរាណ​ចេញពី​អង្គរ កាត់​ឃុំ​អង្គរ​ភាស ស្រុក​ពួក បន្តម​កភូមិ​គោ​គ​ខ្ជាយ​ខាងជើង កាត់​ខាងជើង​ភូមិ​គោ​គ​ជ្រៃ ឃុំ​សរសរ​ស្តម្ភ ខេត្តសៀម​រាប យើង​នឹង​ឃើញ​មាន​ផ្លូវបែក​ជា​ពីរ ។ ផ្លូវ​បុរាណ​ខ្សែ​ទី​១ ​បែក​ទៅ​ឃុំ​ជន្លាស់​ដៃ អន្លង់​ស្វាយ ស្រុក​ក្រឡាញ់ ត​ភ្ជាប់​ទៅ​ឃុំ​ស្ពាន​ស្រែង ​(​មាន​ស្ពានថ្ម​បុរាណ​មួយ​វែង​) កាត់​ស្ទឹង​ស្រែង ឃុំ​ស្រះ​ជីក ភ្ជាប់​ទៅ​ឃុំ​ប៉ោយ​ចារ​ (​មាន​ស្ពានថ្ម​បុរាណ​មួយ​វែង​នៅ​ជិត​ទំនប់​អាង​ត្រពាំង​ថ្ម​) នៃ​ស្រុក​ភ្នំស្រុក បន្ត​ទៅ​ស្រុក​ថ្មពួក ស្រុក​ស្វាយចេក និង​បន្ត​រហូត​ដល់​ប្រាសាទបន្ទាយឆ្មារ ខេត្តបន្ទាយមានជ័យ ហើយ​ចុង​ក្រោយ​ភ្ជាប់​ទៅ​ប្រាសាទ​ភី​ម៉ៃ​(​បច្ចុប្បន្ន​ប្រទេស​ថៃ​) ឬ​អាច​ទៅ​សុខោទ័យ ។

ចំណែកឯ​ផ្លូវ​បុរាណ​ខ្សែ​ទី​២ ដែល​គេ​អះអាង​ថា​ សំដៅ​ទៅ​ភ្នំ​ដងរ៉ែក តទៅ​ប្រាសាទភ្នំ​រូង (​ខេត្ត​បូ​រី​រ៉ាំ ប្រទេស​ថៃ​) ឬត​ភ្ជាប់​បន្ត​ទៅ​ប្រាសាទ​ភី​ម៉ៃ ឬ​បន្ត​ទៅ​សុខោទ័យ ។ ផ្លូវ​នេះ ​កាត់​តាម​ភូមិ​ខ្នារ​រ៉ឹ​ល ឃុំ​សែន​សុខ ឆ្ពោះទៅ​កាន់​ខាងកើត​ស្រុក​ស្រីស្នំ កាត់​តាម​ឃុំ​ស្ពាន​ស្រែង ឬ​ភូមិ​ចំការ​ចេក ហើយ​សំដៅ​ទៅ​ខាងកើត​ឆៀង​ខាងជើង​ភូមិ​ត្រុំ (​ដែល​មាន​អាង​បុរាណ​មួយ​នៅ​ក្បែរ​អូរ​ជីក អ្នក​ភូមិ​ហៅ​ថា​ស្ទឹង​អូរ​ជីក​) ស្រុក​ស្រីស្នំ​ខេត្តសៀមរាប ឈម​នឹង​ភូមិ​ជើងទៀន ស្រុក​ចុងកាល់ ខេត្តឧត្តរមានជ័យ ។

បច្ចុប្បន្ន​ ទីតាំង​នៃ​ស្ពាន​ទ័ព ឬ​ស្ពាន​អូរ​ជីក​គ្រប់​ដណ្ដប់​ទៅ​ដោយ​តំបន់​ព្រៃ​ឫស្សី និង​មាន​ព្រៃឈើ​ធំ​តូច​​ដុះ​ក្បែរ​មាត់​ផ្លូវ​ដែល​មាន​ម្លប់​ត្រឈឹង​ធ្វើ​ឱ្យ​ស្ពាន​មាន​ភាព​ស្ងប់ស្ងាត់ ។ នៅ​ពេល​រដូវប្រាំង​ស្លឹក​ឈើ​រុះ​រោយ​ធ្លាក់​ទៅ​លើ​ដងផ្លូវ ហើយ​មាន​ស្លឹក​ថ្មី​លាស់​ដ៏​ខៀវស្រងាត់ ។ នៅ​ពេល​ជិត​ដល់​រដូវ​ចូល​ឆ្នាំ​មាន​សត្វ​រៃ​យំ​កំដរ ដែល​ធ្វើ​ឱ្យ​មាន​សភាព​ភ័យ​ខ្លាច​នៅ​ពេល​ដើរ​ម្នាក់ឯង ។ នៅ​ក្នុង​ប្រឡោះ​នៃ​ស្ពាន​សម្រាប់​ទឹក​ហូរ​មាន​ភាព​ស្ងាត់ជ្រងំ​មើល​មិនឃើញ​អ្វី​សោះ ប៉ុន្តែ​នៅ​ពេល​រដូវវស្សា​ទឹក​ឡើង​ពេញ​រន្ធ​ស្ពាន ។

នៅ​ពេល​រដូវ​ភ្ជុំបិណ្ឌ​ប្រជាជន​ប្រុស​ស្រី នៅ​តំបន់​នោះ​តែង​ធ្វើ​ដំណើរ​ទៅ​ទស្សនា​ទេសភាព​មាត់​ស្ពាន ហើយ​បន្ត​ទៅ​លេង​ស្ទឹង​អូរ​ជីក​ទៀត ។

អ្នកស្រុក​ភូមិ នៅ​តែ​មាន​ជំនឿ​ទៅ​លើ​ខ្មោច​អ្នកតា ហើយ​ស្ពាន​នេះ ​មាន​សភាព​កាន់តែ​ស្ងាត់​ជាង​មុន​​ ដោយសារ​តែ​គេ​មាន​ផ្លូវ​ថ្មី សម្រាប់​វាង​ស្ពាន​បុរាណ​នេះ ។ នៅ​ខាងត្បូង​នៃ​ស្ពាន​មាន​ដើមឈើ​ខ្ពស់ ស្រោង​ៗ​បែកមែក​សាខា នៅ​ក្រោម​ដើម​មាន​ខ្ទម​ខ្មោច​ដែល​គ្មាន​ញាតិ​មិត្ត​យក​ទៅ​ធ្វើបុណ្យ​ឡើយ​ ដែល​ពួក​អ្នកស្រុក​ហៅ​ថា ខ្មោចតៃហោង ។ នៅ​ខាងជើង​ស្ពាន​មាន​ដើម​ពោធិ៍ ដែល​អ្នក​ភូមិ​មាន​ជំនឿ​ថា សំបូរ​ទៅ​ដោយ​ព្រាយ​បិសាច ។

នៅ​ក្បែរ​នោះ ​មាន​អូរ​មួយ​ប្រជាជន​តែងតែ​ហៅ​អូរ​ជីក​ៗ ដែល​មាន​ប្រវែង​ប្រមាណ​ជា​២​គីឡូម៉ែត្រ ។ នៅ​​ក្បែរ​ដើម​ពោធិ៍​ មាន​សាលាឆទាន​មួយ​សម្រាប់​ឱ្យ​អ្នកដំណើរ​សម្រាក​។ កាលពី​សម័យ​សង្គ្រាម តំបន់​​នេះ គឺជា​បន្ទាយ​ទាហាន ៕ ដោយ ៖ ស​.​ភ​.​រ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ