រាជធានីភ្នំពេញ ៖ សារមន្ទីរជាតិកម្ពុជាជាឃ្លាំងដែលរក្សានិងដាក់តាំងបង្ហាញមរតកបុរាណស្ទើរគ្រប់សម័យកាល ម្ល៉ោះហើយវត្ថុបុរាណជាច្រើនត្រូវការការថែទាំ និងអភិរក្សខ្ពស់ដើម្បីឲ្យ មរតកពីដូនតាខ្មែរយើងនៅគង់វង្សយូរអង្វែង ។ ដោយយល់ឃើញពីភាពចាំបាច់នេះទើបទើបសារមន្ទីរជាតិ បានខិតខំក្នុងការបណ្តុះបណ្តាលអ្នកជំនាញ និងបង្កើតរោងជាង ផ្សេងៗដើម្បីថែទាំបុរាណវត្ថុទាំងនោះ ។
បើតាមសារមន្ទីរជាតិ បច្ចុប្បន្នសារមន្ទីរនេះមានរោងជាងចំនួន៤ រួមមានមានរោងជាងជួសជុលវត្ថុធ្វើអំពីថ្ម, រោងជាងជួសជុលវត្ថុធ្វើអំពីលោហធាតុ, រោងជាងជួសជុលកុលាលភាជន៍ និងគំនូរ, រោងជាងជួសជុលវាយនភណ្ឌ ។
បញ្ហាប្រឈមដែលបណ្តាលឲ្យខូចខាតដល់បុរាណវត្ថុ រួមមាន៖ ធូលីដី ស្នឹម ច្រែសស៊ី ប្រេះ របក បាក់ បែក បាត់ សឹករេចរឹល ពុកផុយ និងការជួសជុលចាស់ដែលអស់ប្រសិទ្ធភាព ។ កិច្ចការងារអភិរក្ស និងជួសជុលជាកិច្ចការដ៏លំបាកបំផុតព្រោះកិច្ចការនេះ ត្រូវការពេលវេលា ការប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់ខ្ពស់ ដើម្បីរក្សាស្ថានភាពដើម សោភ័ណភាព រចនាសម្ព័ន្ធរបស់វត្ថុឲ្យរឹងមាំ កាត់បន្ថយ និងទប់ស្កាត់ការវិវឌ្ឍន៍ទៅរកភាពខូចខាតនាពេលអនាគត ។
កន្លងមកសាលាបារាំងចុងបូព៌ាប្រទេសនៃប្រទេសបារាំងបានបង្កើតច្បាប់សម្រាប់កិច្ចអភិរក្សបុរាណវត្ថុនៅឆ្នាំ១៩០០។ ការងារអភិរក្សនិងជួសជុលវត្ថុបុរាណដំបូងនៅប្រទេសកម្ពុជា បានចាប់ផ្តើមឡើង នៅអភិរក្សដ្ឋានអង្គរ ក្នុងខេត្តសៀមរាបនាឆ្នាំ១៩០៧ ដោយមិនទាន់មានរោងជាងច្បាស់លាស់នៅឡើយទេ ។
លុះត្រាមកដល់ឆ្នាំ១៩៦០ ទើបមានការបង្កើតរោងជាងសំខាន់ៗចំនួន៣គឺ រោងជាងជួសជុលវត្ថុអំពីសំរឹទ្ធិ ថ្ម និងដីដុត ដោយមានអ្នកជំនាញបរទេស មកជួយបណ្តុះបណ្តាលបុគ្គលិកជនជាតិខ្មែរនៅអភិរក្សដ្ឋានអង្គរនោះតែម្ដង ដោយគ្រប់គ្រងផ្ទាល់ដោយសាលាបារាំងចុងបូព៌ាប្រទេស ។ នៅពេលប្រទេសកម្ពុជាជួបប្រទះសង្គ្រាមស៊ីវិលការអភិរក្សនិងជួសជុលត្រូវផ្ទេរមកកាន់សារមន្ទីរជាតិនៅទីក្រុងភ្នំពេញ រហូតដល់ឆ្នាំ១៩៧៥ នៅពេលកងទ័ពខ្មែរក្រហមវាយយកបានទីក្រុងភ្នំពេញ ការងារនេះត្រូវបានផ្អាកទាំងស្រុង។
ក្រោយថ្ងៃរំដោះ៧ ខែមករា ឆ្នាំ១៩៧៩ ការងារនេះចាប់ផ្ដើមមានសកម្មភាព បណ្ដើរៗឡើងវិញ រហូតដល់ឆ្នាំ១៩៩៦ ទើបមានការបង្កើតរោងជាងជួសជុលវត្ថុអំពីថ្មជាផ្លូវការនៅសារមន្ទីរជាតិផ្ទាល់តែម្ដង ។ លុះដល់ឆ្នាំ២០០៤ រោងជាងជួសជុលវត្ថុអំពីលោហធាតុក៏ត្រូវបើកសម្ពោធផងដែរ ក្រោយមករោងជាងជួសជុលកុលាលភាជន៍បានចាប់ដំណើរការសកម្មភាពនាចុងឆ្នាំ២០០៨ ។ បួនឆ្នាំក្រោយមកបន្ទប់ជួសជុលគំនូរមួយបានចាប់ផ្ដើមសកម្មភាពរបស់ខ្លួនផងដែរ ហើយជាចុងក្រោយគឺរោងជាងជួសជុលវាយនភណ្ឌមួយទៀតត្រូវបានលេចជារូបរាងឡើងនៅឆ្នាំ២០១៦ ។
រោងជាងទាំងអស់សុទ្ធសឹងតែទទួលបានការឧបត្ថម្ភជាថវិកា សម្ភារៈបរិក្ខារ និងវគ្គបណ្តុះបណ្តាលបច្ចេកទេសជំនាញ ពីក្រុមអ្នកជំនាញមកពីស្ថាប័ននានា ក៏ដូចជាសប្បុរសជនទាំងក្នុងនិងក្រៅប្រទេសជាច្រើន ក្នុងការស្ថាបនា រៀបចំ និងកែលម្អឲ្យកាន់តែមានកម្រិតស្ដង់ដា លើកកម្ពស់គុណភាពការងារ និងធានាសុវត្ថិភាពទាំងផ្លូវកាយ និងផ្លូវចិត្តចំពោះមន្ដ្រីនិងបុគ្គលិកដែលបម្រើការនៅទីនេះ ។
ក្នុងរយៈកាលជាង៣ទសវត្សរ៍ក្រោយមកនេះ ក្រុមការងារបានអភិរក្ស និងជួសជុលវត្ថុសិល្បៈដែលជាសមុច្ច័យរបស់សារមន្ទីរជាតិ បានចំនួនសរុបជាង ៤៨៤២វត្ថុ ។ ក្រៅពីការងារជួសជុលវត្ថុនៅសារមន្ទីរជាតិ រោងជាងបានជួយជួសជុលវត្ថុសិល្បៈជាច្រើនទៀតនៅតាមខេត្ត-ក្រុង និងវត្ថុនៃគម្រោងកំណាយស្រាវជ្រាវនានាក្នុងប្រទេសកម្ពុជា ព្រមទាំងបានជួយបណ្តុះបណ្តាលដល់បុគ្គលិកសារមន្ទីរ និស្សិត និងសហការជួយដល់គម្រោងអភិរក្សនានាក្នុង និងក្រៅប្រទេសផងដែរ ៕ ដោយ ៖ ស.ភ.រ
ចែករំលែកព័តមាននេះ