ប្រវត្តិរឿងរ៉ាវខ្លះ បើយើងស្ដាប់១ភ្លែតហាក់ដូចជាមិនគួរឱ្យជឿ ហើយគួរឱ្យខ្លាចរអាថែមទៀតផង។ ប៉ុន្តែវាជាហេតុការណ៍ដែលបានកើតឡើងពិតមែន។ ឧទាហរណ៍ ករណីមនុស្សស៊ីសាច់មនុស្ស។ បើស្ដាប់១ភ្លែត, អ្នកខ្លះមិនជឿ។ អ្នកខ្លះមានអារម្មណ៍ចង់ឈឺ និងព្រឺសម្បុរ។ ប៉ុន្តែវាជាការពិតដែលបានកើតឡើងចំពោះអ្នកដាច់អាហាររយៈពេលយូរនៅតំបន់ដែលគ្មានអ្វីបរិភោគទាល់តែសោះ។
តទៅនេះជាប្រវត្តិរឿងរ៉ាវមនុស្សស៊ីសាច់មនុស្សទាំងបង្ខំចិត្តដើម្បីបន្តជីវិតរស់នៅក្រោយហេតុការណ៍ធ្លាក់យន្តហោះរបស់ប្រទេសយូរូហ្កាយ (Uruguay) ជើងហោះហើរ៥៧១។ អ្នកដែលនៅរស់រានមានជីវិតពីហេតុការណ៍នោះត្រូវតែបរិភោគសាច់សាកសពជនរងគ្រោះដើម្បីរស់។ អ្នកស្លាប់ទាំងនោះគ្មាននរណាក្រៅពីសាច់ញាតិ ឬមិត្តសម្លាញ់របស់ពួកគេនោះទេ។
យន្តហោះនោះជួបនឹងហេតុការណ៍អាក្រក់នៅពេលដឹកកីឡាករបាល់ឱប ឬបាល់គ្រាប់ត្រសក់ (rugby football) ពីតំបន់ម៉ុនតេវីឌីអូ (Montevideo) ទៅរដ្ឋធានីសាន់ត្យាហ្គោ (Santiago) ប្រទេសឈីលី (Chile)។ ពេលនោះជារដូវធ្លាក់ទឹកកកខ្លាំងនៅលើជួរភ្នំអង់។ អ្នកបើកយន្តហោះជ្រុលដៃកាច់ចង្កូតទៅប៉ះនឹងចង្កេះភ្នំ រួចធ្លាក់តែម្ដង។ អ្នកដំណើរ២៩នាក់ស្លាប់។ ក្នុងនោះ អ្នកខ្លះស្លាប់ដោយសារការបោកទង្គិចលើសរីរៈរាងកាយ។ អ្នកខ្លះទៀតស្លាប់ដោយសារផ្ទាំងទឹកកកបាក់គ្របសង្កត់ពីលើ។
រដ្ឋាភិបាលខិតខំស្វែងរកពួកគេយ៉ាងដុតដៃដុតជើង។ ប៉ុន្តែទីនោះជាតំបន់ភ្នំ និងគ្មានផ្លូវសម្រាប់បើកឡាន។ ដូច្នេះ មធ្យោបាយតែ១គត់គឺជិះយន្តហោះស្វែងរក។ អ្នកដែលនៅរស់ទាំងនេះបានឃើញយន្តហោះ និងខំធ្វើសញ្ញាប្រាប់ទៅអ្នកបើកយន្តហោះ។ ប៉ុន្តែជាការឥតប្រយោជន៍។ កន្លងផុតទៅ១០ថ្ងៃ, វិទ្យុប្រកាសថាបេសកកម្មស្វែងរកត្រូវបិទបញ្ចប់ទាំងកណ្ដាលទី។
អ្នកនៅរស់រានមានជីវិតពីហេតុការណ៍នេះស្ដាប់តាមវិទ្យុឮបែបហ្នឹងក៏មានអារម្មណ៍អស់សង្ឃឹម។ ពួកគេទ័លតម្រិះ មិនដឹងថាមានអ្វីសម្រាប់បរិភោគនៅលើវាលទឹកកកដ៏ធំល្វែងល្វើយ។ ពួកគេយល់ច្បាស់ថាក្រុមគ្រួសារដែលកំពុងរង់ចាំពួកគេនៅផ្ទះប្រាកដជាអន្ទះសាយ៉ាងខ្លាំងចង់ឃើញពួកគេវិលត្រឡប់ទៅវិញទាំងមានជីវិតរស់នៅ។ ដូចនេះ ពួកគិតថាបើជីវិតពួកគេថ្លៃ ពួកគេត្រូវតែធ្វើអ្វីក៏ដោយឱ្យតែអាចរស់បាន។ ត្រឹមតែ១ប៉ប្រិចភ្នែកប៉ុណ្ណោះ ចំណីអាហារនៅក្នុងយន្តហោះក៏អស់រលីង។
នៅក្នុងចំណោមអ្នកជិះយន្តហោះទាំង៤៥នាក់, ២៩នាក់ស្លាប់ដោយសារប្រការផ្សេងៗ។ មនុស្ស១២នាក់ស្លាប់ភ្លាមៗក្រោយហេតុការណ៍ធ្លាក់យន្តហោះ។ កន្លងផុតទៅបានប៉ុន្មានថ្ងៃ មនុស្ស៦នាក់ទៀតស្លាប់។ មិនយូរប៉ុន្មាន, មនុស្ស៨នាក់ទៀតស្លាប់ដោយសារការបាក់ផ្ទាំងទឹកកក។ នៅទីបញ្ចប់ មានតែមនុស្ស១៦នាក់ប៉ុណ្ណោះដែលនៅរស់។ កន្លងផុតទៅរាប់សិបថ្ងៃ, ពួកគេម្នាក់ៗស្រកទម្ងន់ម្ភៃគីឡូក្រាម។
ពួកគេពិគ្រោះគ្នាអំពីជម្រើស១ចំនួន។ អ្នកខ្លះបបួលគ្នាធ្វើអត្តឃាត។ ប៉ុន្តែពួកគេជាអ្នកកាន់សាសនាគ្រិស្តនិកាយកាតូលិក។ ដូចនេះ ការសម្លាប់ខ្លួនជាអំពើបាបកម្មធ្ងន់ធ្ងរណាស់។ ពួកគេក៏បោះបង់ចោលគំនិតនោះវិញ។ ពួកគេត្រូវតែបង្ខំចិត្តបរិភោគសាច់សាកសពឆៅតែម្ដងព្រោះគ្មានឆ្នាំង គ្មានចាន គ្មានភ្លើងសម្រាប់អាំង ឬស្ងោរទេ។ សូម្បីតែកាំបិតក៏គ្មានដែរ។ ពួកគេត្រូវប្រើប្រាស់កញ្ចក់យន្តហោះដើម្បីអារសាច់។ ពួកគេបរិភោគសាច់ និងគ្រឿងក្នុងរបស់សាកសព ដោយទុកតែឆ្អឹងប៉ុណ្ណោះ។
រយៈពេល២ខែកន្លងផុតទៅ, ពួកគេគិតថាបើបណ្ដោយបែបនេះតទៅទៀតមិនកើតទេ។ បើពួកគេបន្តស្ថិតនៅទីនោះទៀត មានតែផ្លូវស្លាប់១មុខគត់។ ពួកគេក៏ចាត់គ្នាគេ៣នាក់ធ្វើដំណើរផ្សងព្រេង ក្រែងលោជួបនរណាដែលអាចជាទីពឹងពាក់បាន។ ការធ្វើដំណើររបស់អ្នកទាំង៣ជាការផ្សងព្រេង ព្រោះពួកគេអាចនឹងស្លាប់នៅតាមផ្លូវធ្វើដំណើរ។ ប៉ុន្តែនេះជាជម្រើសចុងក្រោយ។ ធ្វើដំណើរដោយថ្មើរជើងរយៈពេល៣ថ្ងៃទម្រាំផុតភ្នំ១។ ពួកគេស្មានថាអាចរកច្រកចេញទៅផ្លូវជាតិបានហើយ។ ប៉ុន្តែមានជួរភ្នំជាច្រើនទៀត។ ឃើញដូចនេះ គ្នារបស់គេម្នាក់ក៏សម្រេចចិត្តវិលត្រឡប់ទៅកន្លែងធ្លាក់យន្តហោះវិញ។
នៅសល់២នាក់ទៀតក៏ចេះតែបន្តដំណើរទៅមុខ។ ពួកគេប្ដេជ្ញាថាស្លាប់ក៏ដោយ រស់ក៏ដោយ ត្រូវតែតស៊ូរហូតដល់ដង្ហើមចុងក្រោយ។ នៅថ្ងៃទី៨នៃការចាកចេញដំណើរពីកន្លែងធ្លាក់យន្តហោះ ឬថ្ងៃទី៦៨ក្រោយហេតុការណ៍ធ្លាក់យន្តហោះ, អ្នកទាំង២ធ្វើដំណើរទៅដល់មាត់ស្ទឹង១ និងឃើញអ្នកពនេចរជនជាតិឈីលីម្នាក់នៅត្រើយម្ខាង។ ដល់ពេលក្បាលព្រលប់ ពួកគេក៏ដេកនៅមាត់ស្ទឹងនោះ។ ស្អែកឡើង, អ្នកពនេចរម្នាក់នោះក៏វិលត្រឡប់ទៅមាត់ស្ទឹងម្ដងទៀត ដោយយកក្រដាស និងប៊ិចគប់ទៅត្រើយម្ខាងទៀតដើម្បីឱ្យអ្នកទាំង២សរសេររៀបរាប់ប្រាប់គាត់អំពីរឿងរ៉ាវដែលបានកើតឡើងចំពោះពួកគេ។
គាត់ក៏យកដំណឹងនេះទៅប្រាប់អាជ្ញាធរ។ នៅថ្ងៃទី១០នៃការចាកចេញពីកន្លែងធ្លាក់យន្តហោះ អាជ្ញាធរក៏បញ្ជូនអូប័រដើម្បីទៅជួបអ្នកទាំង២។ ក្រោយមក អាជ្ញាធរបានបញ្ជូនឧទ្ធម្ភាគចក្រដើម្បីស្វែងអ្នកដទៃទៀតនៅកន្លែងធ្លាក់យន្តហោះ។ នៅថ្ងៃទី៧១ទើបគេរកឃើញអ្នកទាំងនោះ និងដឹកទៅកាន់កន្លែងសុវត្ថិភាព។ នៅថ្ងៃទី៧២ អ្នកដែលនៅសេសសល់ទាំងប៉ុន្មានត្រូវគេជួយសង្គ្រោះជាស្ថាពរ។ សុបិនអាក្រក់របស់ពួកគេរយៈពេល៧២ថ្ងៃនៅលើជួរភ្នំអង់ក៏ត្រូវបិទបញ្ចប់ត្រឹមនេះ៕
ប្រភព៖ The Mirror, New York Post និងប្រភពដទៃទៀត
https://www.mirror.co.uk/news/real-life-stories/rugby-world-cup-stars-uncle-6468081
https://economictimes.indiatimes.com/news/international/uk/50-years-of-uruguayan-air-force-flight-571-crash-16-survivors-who-resorted-to-cannibalism-recall-horrifying-ordeal/articleshow/94898186.cms?from=mdr
https://www.ndtv.com/world-news/no-regrets-resorting-to-cannibalism-survivors-of-1972-andes-plane-crash-3445216
https://nypost.com/2022/10/15/alive-survivors-remember-resorting-to-cannibalism-50-years-after-crash/
https://www.ndtv.com/world-news/no-regrets-resorting-to-cannibalism-survivors-of-1972-andes-plane-crash-3445216#:~:text=It%20was%20hard%20to%20put,us%20and%20kept%20us%20alive.%22
រូបថតក្រុមកីឡាករបាល់ឱបជនជាតិយូរូហ្កាយមុនពេលជួបនឹងហេតុការណ៍ធ្លាក់យន្តហោះ













អ្នកនៅរស់រានមានជីវិតពីហេតុការណ៍ធ្លាក់យន្តហោះទាំង១៦នាក់ថតរូបជុំគ្នាដើម្បីរម្លឹកអនុស្សាវរីយ៍កម្សត់កម្រនៅក្នុងគ្រានោះ
ចែករំលែកព័តមាននេះ