រាជធានីភ្នំពេញ៖សម្បត្តិវប្បធម៌កម្ពុជា គឺវត្ថុបុរាណចំនួន៣៣នឹងទទួលបានមកវិញពីគ្រួសារLindemannនៅសហរដ្ឋអាមេរិក ។ នេះបើតាមសេចក្ដីជូនព័ត៌មានពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ កាលពីថ្ងៃទី១៣ កញ្ញា ២០២៣ ។
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានឱ្យសាធារណជនដឹងថា សមុច្ច័យវត្ថុបុរាណខ្មែរដ៏ល្អឯកមួយចំនួនទៀតនឹងត្រូវបញ្ជូនត្រឡប់មកកម្ពុជាវិញ ។ នេះជាលទ្ធផលនៃកិច្ចសហប្រតិបត្តិការជាច្រើនឆ្នាំរវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលអាមេរិក ដោយអនុលោមតាមអនុស្សរណៈនៃការយោគយល់គ្នារវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលអាមេរិក ដែលបានបន្តសុពលភាពកាលពីខែសីហា ២០២៣ ។
រដ្ឋាភិបាលអាមេរិកតាមរយៈការិយាល័យរដ្ឋអាជ្ញាប្រចាំសង្កាត់ភាគខាងត្បូងនៃក្រុងញូវយ៉កហៅកាត់ថាUSAO-SDNYនិងការិយាល័យស៊ើបអង្កេតសន្តិសុខមាតុភូមិ ហៅកាត់ថាHSIបានឈានដល់កិច្ចព្រមព្រៀងជាមួយអ្នកកាន់កាប់សមុច្ច័យឯកជន គឺគ្រួសារLindemannទាក់ទងនឹងវត្ថុបុរាណខ្មែរចំនួន៣៣ ។ ការិយាល័យHSI សហការជាមួយUSAO-SDNYបានដកហូតរូបចម្លាក់ទាំងនេះពីគ្រួសារLindemann ។
វត្ថុបរាណទាំងនោះរួមមាន បដិមាព្រះវិស្ណុផ្ទុំ និងបដិមាអឌ្ឍនារីស្វរ/អធ៌នារីស្វរ(មួយចំហៀងជាភេទប្រុស និងមួយចំហៀងទៀតជាភេទស្រី)ដែលគេជឿថាមានប្រភពពីប្រាសាទក្រចាប់ស្ថិតក្នុងអតីតរាជធានីកោះកេរ ។ យោងតាមសាក្សីឱ្យដឹងថា រូបចម្លាក់ទាំងនេះត្រូវបានលួចយកចេញក្នុងទសវត្ស៍១៩៩០ជាប្រាសាទតែមួយដែលតម្កល់បដិមាព្រះឥសូរ និងព្រះស្កន្ទ និងបដិមាព្រះស្កន្ទគង់លើក្ងោក ។ ក្នុងចំណោមវត្ថុដែលប្រគល់មកវិញនេះក៏មានចម្លាក់ទេពមួយអង្គដែលគេជឿថាជាបដិមាព្រះធស្ថទ្យុមន៍(មេទ័ពនៃបណ្ឌពក្សត្រ)ដែលមានប្រភពពីប្រាសាទចិន ក្នុងរមណីយដ្ឋានប្រាសាទកោះកេរដែរ។
លោកជំទាវបណ្ឌិតសភាចារ្យភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈថ្លែងថា «រដ្ឋាភិបាលកម្ពុជាបានសរសើរគ្រួសារLindemannដែលបានទទួលស្គាល់សម្បត្តិវប្បធម៌របស់កម្ពុជាដែលខ្លួនកំពុងកាន់កាន់ គឺបានមកដោយមិនស្របច្បាប់ ហើយស្ម័គ្រចិត្តប្រគល់ត្រឡប់មកកម្ពុជាវិញដែលជាម្ចាស់កម្មសិទ្ធិស្របច្បាប់ ។
យើងមានសេចក្ដីរំភើបរីករាយក្រៃលែងដែលស្នាដៃល្អឯកទាំងនេះត្រូវបានប្រគល់មកវិញ» ៕ ដោយ ៖ ស.ភ.រ
ចែករំលែកព័តមាននេះ