រាជធានីភ្នំពេញ ៖ ក្រោយពីទទួលជ័យលាភីស្រីស្អាតចំណាត់ថ្នាក់លេខ១ប្រចាំរាជធានីភ្នំពេញ ក្នុងកម្មវិធីស្រីស្អាត ប្រុសស្អាតរបស់ស្ថានីយទូរទស្សន៍ CTN នាឆ្នាំ២០០៥ មក កញ្ញាទឹម រដ្ឋា បានក្លាយជាអ្នកដើរបង្ហាញម៉ូដ និងជាអ្នកសម្តែងកាយវិការខារ៉ាអូខេ និងភាពយន្តដោយទទួលបានជោគជ័យជាបន្តបន្ទាប់។ នៅរាត្រី ថ្ងៃទី៨ ឧសភា ឆ្នាំ២០១១ នៅពេលឡើងច្រៀងជាកិត្តិយសក្នុងកម្មវិធីប្រគំតន្ត្រីយុវវ័យរីករាយរបស់ស្ថានីយទូរទស្សន៍អប្សរាប៉ុសិ៍្តលេខ១១ នៅសួនចំការព្រីងនាងច្រៀងភ្លេចទំនុកត្រូវប្រិយមិត្តទស្សនិកជនហ៊ោកញ្ជ្រៀវយ៉ាងកងរំពង ។ ពេលនោះនាងត្រូវអ្នករៀបចំកម្មវិធីតម្រូវឱ្យច្រៀងចំនួន៣បទ គឺបទទី១ «បាក់អំនួត» បទទី២ «បងមិនឈឺចាប់តែអូនឈឺចាប់» និងបទចុងក្រោយគឺបទ «មនុស្សខ្ញុំកំពុងលួចមានអ្នកផ្សេង» ។ ទាំង២បទចុងក្រោយនេះ នាងច្រៀងភ្លេចទំនុក ។
ទាក់ទិនរឿងនេះនាងអះអាងថា មកពីនាងមានចិត្តសប្បាយពេក ម្ល៉ោះហើយអរផង រំភើបផង ភ័យផង តែទោះបីជាយ៉ាងណាក្តី នាងខិតខំប្រឹងប្រែងច្រៀងរហូតចប់ ។ កញ្ញាទឹម រដ្ឋា មានវ័យ២៦ឆ្នាំ ប្រកបទៅ ដោយរូបសម្ផស្សស្រស់ស្អាត ។ នាងចូលប្រឡូកក្នុងវិស័យសិល្បៈរយៈពេលជាង៥ឆ្នាំមកនេះ ទទួលជោគជ័យជាបន្តបន្ទាប់ដោយក្រៅពីធ្វើជាតារាបង្ហាញម៉ូដនាងបានចូលរួមសម្តែងកាយវិការខារ៉ាអូខេឱ្យគ្រប់ផលិតកម្មទាំងក្នុង និងក្រៅប្រទេស ។ ជាពិសេសនោះនាងបានចូលរួមសម្តែងភាពយន្តជាច្រើនរឿង ហើយចុងក្រោយក្នុងឆ្នាំ២០១១ នេះ នាងបានចូលរួមសម្តែងក្នុងរឿង «ភ័ព្វសំណាង» ជាតួឯក ។
កញ្ញាទឹម រដ្ឋា ជាពិធីការិនីក្នុងកម្មវិធីសង្គមសិល្បៈនៃស្ថានីយទូរទស្សន៍ប៉ុសិ៍្តលេខ៥ ដែលមានកេរិ៍្តឈ្មោះល្បីគួរសមដែរ ។ ទន្ទឹមនឹងមានកេរិ៍្តឈ្មោះ ល្បីនាងទឹម រដ្ឋា ជួបប្រទះនឹងពាក្យចចាមអារា៉មជាច្រើនដូចជាថា កន្លងមកនាងធ្លាប់ពាក់ព័ន្ធស្នេហាជាមួយលោកប៉ែន ចំរុង តែត្រូវនាងបដិសេធ ។ ក្រៅពីនេះថា នាងជំពាក់ស្នេហាជាមួយអ្នកមានម្នាក់ ហើយត្រូវគេទិញរថយន្តទំនើបឱ្យជិះ ទិញផ្ទះឱ្យនៅក្នុងខណ្ឌសែនសុខ តែត្រូវនាងបដិសេធដែរ ។ នៅក្នុងឆ្នាំ២០១១នេះ នៅពេលគេសង្កេតឃើញនាងទៅណាមកណាជាមួយស្រីៗដូចគ្នា គេចោទថា នាងស្រឡាញ់ស្រីដូចគ្នាទៀត តែនាងបានបដិសេធដែរ ៕
ចែករំលែកព័តមាននេះ