ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមាគម​ផ្តៅ​កម្ពុជាក្លាយជា​​សមាជិក​​អង្គការ​សម​ធម៌​ពាណិជ្ជ​កម្ម​​ពិភពលោក​

14 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​បន្ទាប់ពី​​​​ឆ្លង​កាត់​​​នីតិវិធី​​នៃ​ការ​ដាក់​​ពាក្យ​​​សុំ​ក្លាយជា​សមាជិកដែលមាន​​រយៈ​ពេល​យូរ និង​ល្អិត​ល្អន់ ​សមាជិក​​ភាពរបស់​​​​សមាគម​​ផ្តៅ​កម្ពុជា​​​​ត្រូវ​បាន​​ទទួល​​​ការ​ឯក​ភាព​​​នា​ពេលកន្លង​ទៅ​​នេះ ​ដោយក្រុម​​​​ប្រឹក្សា​​​ភិ​បាល​នៃ​​​អង្គការ​​សមធម៌ ​​​ពាណិជ្ជ​កម្ម​​ពិភពលោក ​(WFTO) ។ ក្នុងន័យនេះ​​​​​សមាគម​ផ្តៅ​​កម្ពុជា​​បាន​ក្លាយ​​​​ជា​សមាជិក​

រាជធានីភ្នំពេញ ៖ ​បន្ទាប់ពី​​​​ឆ្លង​កាត់​​​នីតិវិធី​​នៃ​ការ​ដាក់​​ពាក្យ​​​សុំ​ក្លាយជា​សមាជិកដែលមាន​​រយៈ​ពេល​យូរ និង​ល្អិត​ល្អន់ ​សមាជិក​​ភាពរបស់​​​​សមាគម​​ផ្តៅ​កម្ពុជា​​​​ត្រូវ​បាន​​ទទួល​​​ការ​ឯក​ភាព​​​នា​ពេលកន្លង​ទៅ​​នេះ ​ដោយក្រុម​​​​ប្រឹក្សា​​​ភិ​បាល​នៃ​​​អង្គការ​​សមធម៌ ​​​ពាណិជ្ជ​កម្ម​​ពិភពលោក ​(WFTO) ។ ក្នុងន័យនេះ​​​​​សមាគម​ផ្តៅ​​កម្ពុជា​​បាន​ក្លាយ​​​​ជា​សមាជិក​នៃ​​សមាគម​​សមធម៌ពាណិជ្ជ​កម្ម​​​​សាកល​មួយ ដែលធ្វើ​ការ​​លើ​ខ្សែ​សង្វាក់​​សម​ធម៌​​​ពាណិជ្ជ​​កម្ម​ទាំងមូល ​ពោលគឺ​​​​ចាប់ពី​​​ផលិត​កម្ម​​រហូត​ដល់​​​​ការ​លក់ ។ ​ការ​ក្លាយ​​​ជា​សមាជិក​​​នៃ​អង្គ ​​ការ​សម​​​ធម៌ពាណិជ្ជ​កម្ម​​សាកល​មួយ​​​​នេះ​ ​គឺ​​ការ​គាំទ្រ​​​​ដល់ការ​ផ្សព្វ​ផ្សាយ​​​ផលិត​​ផល​ផ្តៅ​​​កម្ពុជា​​ដែល​មាន​លក្ខណៈ​​និរន្ត​រ​ភាព និងប្រកប​​​​ដោយ​គុណ​ភាព​​ស្តង់​ដា​​​​នៅក្នុងទីផ្សារ​​​អន្តរជាតិ ។​

​ក្នុងនាម​​​​ជា​សមាជិក​​​បណ្តោះ​អាសន្ន​​ក្នុង​ដំណាក់​កាល​​នេះ ​​សមាគម​ផ្តៅ​​កម្ពុជា​​ចូលរួម​ជា​​​​មួយ​សមាជិក​​ដទៃទៀត​​​​ចំនួន​​​ប្រមាណ​​៤០០ មកពី​​​៧១​ប្រទេស​ជុំវិញ​​​​​ពិភពលោក ក្នុង​ចលនា​​សមធម៌​​​ពាណិជ្ជ​កម្ម ។ សមាជិក​​ទាំង​អស់​​​សុទ្ធសឹង​​​ជា​ក្រុមអ្នក​​​ផលិត​​​ក្រុម​សមាគម​​​​​ បណ្តុំ​ក្រុម​ហ៊ុន​​​​ទីផ្សារ​​នាំចេញ​​ នាំចូល ​​បណ្តុំ​​​​ហាង​ទំនិញ​​សម​ធម៌​​ពាណិជ្ជ​កម្ម បណ្តាញ​​​​​សម​ធម៌​​​ពាណិជ្ជ​កម្ម​ថ្នាក់មូលដ្ឋាន​​​ ថ្នាក់ជាតិ​ និងថ្នាក់​​​តំបន់ ​​​ព្រមទាំង​​ក្រុម​​​​​ស្ថាប័ន​​​ហិរញ្ញវ​ត្ថុ​​​ផ្សេងៗ​ទៀត ។​

លោកលិប ជាង ប្រធាន​​សមាគម​ផ្តៅ​កម្ពុជា​​និង​ជា​ម្ចាស់​​សិប្បកម្ម​​​​ផ្តៅធំជាង​គេ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ​​​និយាយ​​ថា ការ​កសាង​បណ្តាញ​ និងទំនាក់ ទំនង​​​ការងារ​នៅ​ក្នុង​ទីផ្សារ​​​សាកល​តាម​រយៈ​អង្គការ​​បណ្តាញ​​អន្តរជាតិ​​​ធំៗ​ដូចជា ​​អង្គ​ការ​ WFTO នេះ មានសារ​សំខាន់​​​ណាស់ ដោយ​ហេតុ​ថា វា​នឹង​​​ជួយផ្តល់​​​ចំណេះដឹង​​​​ និង​ចក្ខុ​វិស័យ​​​​របស់​ផលិត​​​ករ​កម្ពុជា​​អំពីទីផ្សារ​​​សម​ធម៌​​​ពាណិជ្ជ​កម្ម​ ព្រមទាំង​​​អនុញ្ញាត​ឱ្យ​​ពួកគេ​​ទទួល​បាន​នូវ​ព័ត៌មាន​​សំខាន់​ៗ​ស្តី​ពី​​ការអភិវឌ្ឍន៍​​ទី​ផ្សារ​​កា​រ​ផ្គត់​ផ្គង់ និង​តម្រូវការ​។​

លោកលិប ​ជាង ​បានបន្ថែមថា ​​​«ផលិត​​ករ​ផ្តៅ​​​​កម្ពុជា​នៃ​​សមាគ​ម​ផ្តៅ ​មានសេចក្តី​​​រីករាយ​​នឹង​ដំណឹង​ល្អ​​នេះ ពីព្រោះ​​​ពួកគេ​នឹង​​​អាច​ទទួល​​​បាន​នូវប្រយោជន៍​​​​​អំពីអង្គការ​​​បណ្តាញ​​​ពាណិជ្ជ​​​ដ៏​ធំ​មួយ​​នេះ​​ក្នុងការផ្សព្វ​ផ្សាយ​​​ផលិត​ផល ​ដែលពួក​​​គេធ្វើ​បាន ​ព្រមទាំង​​​កសាង​​ទំនាក់ទំនង​ជា​មួយ​អ្នកទិញ​​នៅក្នុង​​​ទីផ្សារ​​​សាកល ជា​ឧទាហរណ៍​ពួក​គេ​​អាច​ផ្តើម​ការ​ផ្សារ​ភ្ជាប់​ទំនាក់​ទំនង​ជាមួយ​​​សមាជិក​នៃ​អង្គការ WFTO ដទៃទៀត ​​ក៏​ដូច​​​ជា​​ជាមួយដៃគូ​ពាណិជ្ជ​​កម្ម​នានា តាម​រយៈ​គេហ​ទំព័រ​​របស់អង្គ​ការ WFTO ព្រឹត្តិ​ការណ៍​ និង​កិច្ច​​ប្រជុំ​​ពាណិជ្ជ​​កម្ម​ផ្សេងៗទៀត​​​ដែលរៀបចំ​​​ដោយអង្គការ WFTO»។

ក្រោម​កិច្ច​​​​សហ​ការ​​ជាមួយអង្គការ ​WWF ព្រមទាំង​ដៃ​គូ​​​ជា​រាជ​រដ្ឋាភិបាល ​​និង​អង្គការ​​​មិន​មែន​​​រដ្ឋាភិបាល​​ដទៃ​ទៀត​​សមាគម​​ផ្តៅ​​​​កម្ពុជា​​​កំពុង​អនុវត្ត​​គម្រោង​​ផ្តៅ​ប្រកប​ដោយនិរន្ត​រ​ភាព​​​ដែល​​​ទទួលបាន​​ការ​​ឧបត្ថម្ភ​​​រួមគ្នា​​​​​ដោយ EU និង​ IKEA ។ គម្រោង​នេះ​​ មាន​គោល​បំណង​គ្រប់​គ្រង​តំបន់​ព្រៃ​ធម្មជាតិ ​ដែល​​កំពុង​មាន​​​ផ្តៅ​​ដុះ​លូត​លាស់ និង​លើក​កម្ពស់​បច្ចេកទេស​​​​កែ​ច្នៃ​​​ដែល​​​គោរព​​គោលការណ៍​​បរិស្ថានស្អាត ​​ពោល​គឺ​​ផលិត​កម្ម​​ស្អាត ។ ​​​ដើម្បី​​ធ្វើកិច្ច​​​​ការ​ទាំង​នេះ​ ​គេ​ត្រូវ​​លើកទឹកចិត្ត​​​​ដល់ការប្រើប្រាស់​​​ឱ្យអស់​លទ្ធ​​ភាព​​នូវ​វត្ថុធាត​ុ​ដើម ​​និងជម្រុញ​​​ឱ្យខ្សែ​សង្វាក់​​​ផលិត​កម្ម​​មានប្រសិទ្ធ​ភាព​ដោយ​កាត់​បន្ថយ​ឱ្យ​​អស់​លទ្ធ​​ភាព​នូវការ​​ខ្ចះ​ខ្ចាយ​វត្ថុធាតុ​​​ដើម ​​​ការ​ប្រើ​​​សារធាតុគីមី ​​និង​ការ​បញ្ចេញ​​​ចោល​នូវ​​​ឧស្ម័ន ។ ​ការ​ផ្សារ​ភ្ជាប់​ក្រុម​សិប្បកម្ម​​​ផ្តៅកម្ពុជា​​​ទៅនឹង​​ទីផ្សារ​​​សាកល​​ជា​គោល​បំណង​​​សំខាន់មួយ​​​របស់​គម្រោងនេះ ។​

លោកអ៊ូ រតនៈ ​ប្រធាន​​​គម្រោង​​ផ្តៅ​របស់​អង្គការ WWF មានប្រសាសន៍​​ថា ​ផលិត​​ករ​ផ្តៅ​កម្ពុជា​​អាច​ប្រាប់​​អ្នក​បញ្ជា​​​​​ទិញ​​​អំពី​ឆន្ទៈ​​របស់ពួក​​គេក្នុង​​ការ​អនុវត្ត​​​ប្រព័ន្ធ ​និង​បច្ចេកទេស​​កែ​ច្នៃ​​ផ្តៅ​ដើម្បី​​ការពារបរិស្ថាន ​ហើយ​ពួកគេ​​​មានសមត្ថ​ភាព​​​ក្នុងការ​​​កែច្នៃ​​ផលិត​​ផល​​​ស្អាត​ជា​មួយ​នឹង​ការ​រចនា​​​​ម៉ូដ​ប្លែកៗ ។​

លោកបាន​បន្ត​ថា ​​«នេះជា​ឱកាស​​​​ល្អមួយ​សម្រាប់​​​​សមាគម​ផ្តៅកម្ពុជា កសាង​ទំនាក់ទំនង​​រយៈ​ពេល​​​យូរ​ជាមួយ​ក្រុម​អ្នកទិញ ​​និង​ក្រុម​ពាណិជ្ជករ​ដែល​​​មានការ​ទទួលខុសត្រូវ​​ដោយ​ហេតុ​​​​ថា វា​នឹង​​​ផ្តល់នូវ​​តម្លៃ​​​បន្ថែម​ទៅ​ក្នុង​​ខ្សែ​សង្វាក់​​​​ផលិត​កម្ម​​​ផ្តៅទាំង​មូល ​​ហើយ​​កត្តា​នេះ ​នឹង​​​​លើកទឹកចិត្ត​​​​ក្រុម​​​សហគមន៍​​​​ម​ូលដ្ឋាន​​​ឱ្យ​​​ការពារ​តំបន់ព្រៃ​ធម្មជាតិ ​និង​ជីវ​ចម្រុះ​ ព្រម​ទាំង​​​រួមចំណែក​​​​ពង្រឹង​​ការ​អភិវឌ្ឍន៍វិស័យ​​​ឧស្សាហ​កម្ម​​​​ផ្តៅ​នៅ​កម្ពុជា​» ។​

លោក​ម៉ែន ​ស៊ីនឿន ​នាយកប្រតិបត្តិនៃមជ្ឈ​មណ្ឌល​​​​សិប្បករ​កម្ពុជា ដែលជា​អ្នកជួយ​​ជ្រោម​ជ្រែង​​​សមាគម​ផ្តៅ​​​ក្នុង​នីតិវិធី​​នៃ​ការ​ដាក់ពាក្យ​​សុំ​ក្លាយ​​​​ជា​សមាជិក​​​​ និយាយ​ថា ​វា​មិនមែន​​​ជា​រឿង​​​ងាយស្រួលទេ ​​ដើម្បី​ក្លាយទៅជា​សមាជិក​​នៃ​អង្គ​ការ​ WFTO ហើយ​ថា ​ស្ថាប័ន​​​ដែលដាក់ពាក្យ​​សុំ​ត្រូវ​​បំពេញ​តាម​​លក្ខខណ្ឌ​តម្រូវ​​​សម្រាប់​​សមាជិក​ភាព ។ ឧទាហរណ៍​​សិប្ប​កម្ម​​​កែ​ច្នៃ​​ត្រូវគោរព​​​​គោលការណ៍​លក្ខខណ្ឌ​​ការ​ងារល្អ ​​ពោលគឺ​​​កន្លែង​​ធ្វើការ​​​មានអនាម័យ​​ បរិស្ថាន​​ជុំវិញល្អ ​​មាន​សុវត្ថិ​ភាព​ សម្រាប់កម្មករ​ និង​មាន​​ការ​រៀបចំ​​ទុកដាក់​​​សម្ភារ​ និង​​វត្ថុធាតុដើម​​​​​ប្រកបដោយ​​​​សណ្តាប់​​​ធ្នាប់​​​​ល្អ​។​

ក្រោយពេល​​​បញ្ចប់​ភាពជាសមាជិក​បណ្តោះ​អាសន្ន​​​​រយៈពេល​​២​ឆ្នាំ ​​សមាគម​ផ្តៅ​​​កម្ពុជា​នឹង​​​ត្រូវធ្វើ​ការ​វាយ​តម្លៃ​​​​ផ្ទាល់ខ្លួន​មួយ ដោយ​​​​ធៀប​​​ទៅនឹង​​​លក្ខខណ្ឌ​​​ស្តង់ដា​​​នៃអង្គ​​ការ​សមធម៌​​​ពាណិជ្ជកម្ម​​​​ដើម្បី​​ក្លាយខ្លួន​​​​ជា​សមាជិក​​​ពេញ​​សិទ្ធិ​នៃ​អង្គការ​​បណ្តាញ​​ពាណិជ្ជ​កម្ម​​នេះ​៕​