រាជធានីភ្នំពេញ ៖ តារាសម្តែង និងពិធីករវីជេ ដាដា បានចេញមុខព្រមា.នចាងហ្វាងផលិតកម្មមហាហង្ស គឺលោក អ៊ិន សុភិន អោយចូលខ្លួនដោះស្រាយបំណុលដែលជំពាក់ នៅមុនពេលលោកអស់ការអត់ធ្មត់ចំពោះរឿងមួយនេះ។ តារាប្រុសរូបនេះ បានបញ្ជាក់ថា លោក អ៊ិន សុភិន បានជំពាក់លុយលោកប្រមាណតែជាង១ពាន់ដុល្លារប៉ុណ្ណោះ អំឡុងពេលដែលលោកបានទៅធ្វើការជាពិធីករអោយលោកនៅក្នុងកម្មវិធីមួយ កាលពីពេលកន្លងទៅ។

តាមរយៈឃ្លីបវីដេអូដែលបានបង្ហោះនៅលើបណ្តាញសង្គម កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៣ វីដេ ដាដា បានអះអាងថា «ការដែលលោកចេញវីដេអូនេះឡើង គឺក្នុងគោលបំណងអោយលោក អ៊ិន សុភិន ចេញមុខសងបំណុលដែលបានជំពាក់ ក្នុងពេលដែលលោកព្យាយាមទាក់ទង តែមិនទទួលបានការឆ្លើយតប»។
លោកនិយាយថា «វីដេអូនេះ គឺជាសារមួយប្រាប់ទៅលោក អ៊ិន សុភិន ព្រោះលោក អ៊ិន សុភិន បានលេងគេជាច្រើននាក់ហើយ ដោយធ្វើការមិនបើកប្រាក់អោយគេ។ លោក អ៊ិន សុភិន ត្រូវគិតថា លោកជាចាងហ្វាងផលិតកម្មមហាហង្សមួយ ហើយកន្លងមក លោកក៏ធ្លាប់គ្រប់គ្រងកម្មវិធី Miss Grand Cambodia និងធ្វើកម្មវិធីច្រើនទៀត ហើយយកលុយទៅណា។ ខ្ញុំនិយាយនេះ គឺជាសារអោយលោក អ៊ិន សុភិន ចេញមុខដោះស្រាយលុយកាក់សម្រាប់រូបលោកផង ព្រោះវាបានអូសរយៈពេលប្រមាណ៤ខែហើយ ដែលខ្ញុំទាក់ទងទៅតាមរយៈឆាតមិនមើល ខំមិនមិនឆ្លើយតប និងតាមទូរស័ព្ទមិនលើក វាច្រើនដង ហើយក៏យូរហើយដែរ»។

លោកបញ្ជាក់ថា «មុនចេញវីដេអូនេះ លោកក៏បានជូនដំណឹងទៅលោក អ៊ិន សុភិន រួចហើយ ប៉ុន្តែលោកហាក់មិនអើពើ ហើយលោកជាមនុស្សដែលប្រើគេហើយក៏ទាត់ចោល»។ លោកបន្ថែមថា «លុយជំពាក់លោកត្រឹម១ពាន់ ឬ១ពាន់ជាងដុល្លារមិនច្រើនឡើយ ប៉ុន្តែលោក អ៊ិន សុភិន តែងតែបានធ្វើបាបអ្នកសិល្បៈច្រើនណាស់ ដោយមិនបើកប្រាក់អោយគេ»។
យ៉ាងណា បើតាម វីជេ ដាដា ថា «លោកមិនចង់ចេញវីដេអូនេះឡើយ ដោយសារតែលោកមិនចង់មានរឿងមិនល្អតាមបណ្តាញសង្គមនេះឡើយ ទើបលោកបានទុកពេលវេលាអោយលោក អ៊ិន សុភិន ចំពោះរឿងនេះ តែរហូតមកទល់នាពេលនៅតែគ្មានដំណោះស្រាយ»។ លោកបញ្ជាក់ថា «ប្រសិនបើលោក អ៊ិន សុភិន នៅតែមិនចេញមុខដោះស្រាយរឿងនេះទៀត លោកនឹងមានវិធានការផ្សេង ដោយលោកនឹងមិនទុកមុខមាត់អោយលោក អ៊ិន សុភិន ទៀតឡើយនៅពេលដែលជួបលោកនៅខាងក្រៅ»។

ដោយឡែកក្នុងពេលដែលវីជេ ដាដា បានចេញវីដេអូទម្លាយរឿងរ៉ាវមួយនេះ ពិធីករលោក សុខ រ៉ាស៊ី ក៏បានចែកចាយវីដេអូនេះ ដោយភ្ជាប់ជាមួយនឹងសារបង្ហោះតាមបណ្តាញសង្គមដែរថា «ជនរងគ្រោះទី៧ ហើយ ទាំងតារាសម្តែង ពិធីករ អ្នករៀបចំឆាក បុគ្គលិក គ្រូបង្វឹកបាល់ទាត់»។ លោកបញ្ជាក់ថា «លុយខ្ញុំ 15000$ គ្មានបានសូម្បីមួយរៀលលុយខ្មែរ ដាក់ពាក់បណ្តឹងជាងពីរឆ្នាំហើយ ពឹងតុលាការ ប្រហែល 20ឆ្នាំទៀតបាន បានលុយមើលទៅ តើអ្នកណាអាចជួយបាន?»។

យ៉ាងណា ពាក់ព័ន្ធបញ្ហាខាងលើនេះ លោក អ៊ិន សុភិន នៅមិនទាន់ចេញមុខបកស្រាយនៅឡើយទេ ប៉ុន្តកន្លងមក លោកធ្លាប់បានអះអាងប្រាប់កោះសន្តិភាពពាក់ព័ន្ធនឹងបំណុលនេះថា «លោកមិនចង់បកស្រាយអ្វីអោយវែងឆ្ងាយតាមបណ្តាញសង្គមនេះឡើយ ខណៈពេលលោកក៏បានត្រៀមខ្លួនដោះស្រាយ ប្រសិនបើមានការប្តឹងផ្តល់ចំពោះរឿងនេះ»៕







ចែករំលែកព័តមាននេះ