រាជធានីភ្នំពេញ ៖ ទោះបីមានវ័យជាង៣០ឆ្នាំហើយក៏ដោយ ក៏នាងហុក អមរា នៅតែមានប្រជាប្រិយភាពក្នុងការសម្តែង។ ក្រៅពីសម្តែងកាយវិការខារ៉ាអូខេ និងភាពយន្តគេសង្កេតឃើញនាងឧស្សាហ៍បង្ហាញមុខតាមកម្មវិធីប្រគំតន្ត្រីចុងសប្តាហ៍របស់ស្ថានីយទូរទស្សន៍នានាដូចជាកម្មវិធីស្ថានីយទូរទស្សន៍ CTN បាយ័ន អប្សរា និងស្ថានីយទូរទស្សន៍រាជធានីភ្នំពេញ ប៉ុស្តិ៍លេខ៣ ជាដើម។ ថ្វីបើនាងជាតារាសម្តែងកាយវិការនិងសម្តែងភាពយន្តពិតមែន តែនាងមានទឹកដមសំនៀងពីរោះតាមរយៈបទមនោសញ្ចេតនារបស់រាជិនីសំឡេងមាស រស់ សេរីសុទ្ធា រហូតមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់ប្រិយមិត្តទស្សនិកជន។
ក្នុងឆ្នាំថ្មី២០១១ នេះនាងហុក អមរា មានអាយុ៣០ឆ្នាំហើយ តែរូបសម្ផស្សនៅតែស្រស់ស្អាតដដែល ។ នាងបានចាប់អាជីពជាអ្នកសិល្បៈតាំងពីឆ្នាំ១៩៩៨ មក។ ពីដំបូងនាងជាអ្នកចម្រៀងក្នុងពិធីមង្គលការ។ ក្រោយមកនាឆ្នាំ២០០៣ នាងបានក្លាយជាអ្នកសម្តែងកាយវិការខារ៉ាអូខេ និងជាអ្នកសម្តែងភាពយន្ត។ នាងធ្លាប់ចូលរួមសម្តែងក្នុងរឿង «ព្រលឹងខ្មោច» ជាតួឯក រឿង «ព្រះសុធននាងកែវមនោរាហ៍» រឿង «កែវឡុងកែវឡាយ» រឿង «អាទិត្យវង្សាស៊ីសុរិយាវង្ស» រឿង «ផ្នូរសត្យា» និងរឿង «ស្នេហ៍បាតបឹងកំពីងពួយ» ជាដើម ។ ក្នុងចំណោមរឿងទាំងអស់នោះភាគច្រើននាងសម្តែងជាតួឯក ។
នៅឆ្នាំ២០១១ នេះ នាងហុក អមរា បានចូលរួមសម្តែងក្នុងរឿងភាគជាច្រើនដូចជារឿង «ឧកញ៉ា រាមរាជតេជោយ៉ត» សម្តែងតួឯកជំទាវស្រែន ដែលជារឿងភាគបែបប្រវត្តិសាស្ត្រចំនួន៦៤ភាគកំពុងថតជិតចប់ហើយ ។ ក្រៅពីនេះនាងសម្តែងរឿង «អច្ឆរិយស្នេហ៍» ជារឿងភាគសម្តែងជាតួម្តាយ និងកំពុងតែត្រៀមសម្តែងរឿងភាគថ្មីទៀតគឺរឿង «ផ្ការីក្នុងចិត្ត» សម្រាប់ចាក់ផ្សាយតាមស្ថានីយទូរទស្សន៍ CTN ។ នាងនិយាយថា ក្រោយពីថតរឿង «ឧកញ៉ារាមរាជតេជោយ៉ត» ចប់ នាងនឹងត្រៀមចេញថតរឿងភាគបែបប្រវត្តិសាស្ត្រមួយចំនួនទៀត តែមិនទាន់ប្រាប់ចំណងជើងទេ ។ តារាសម្តែងរូបនេះសុំមិននិយាយពីរឿងស្នេហារបស់នាងទេ ៕
ចែករំលែកព័តមាននេះ