ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តារា​សម្តែង ព្រំ រ​ដ្ឋា ចេញ​ទៅ​រស់នៅ​អា​មេ​រិ​ក​វិញ ក្រោយ​ផ្ទុះ​រឿង​ជំពាក់​គេ​ជុំ​ទិស

2 ឆ្នាំ មុន
  • ភ្នំពេញ

តារា​សម្តែង​អ្នក​នាង ព្រំ រ​ដ្ឋា បាន​សម្រេចចិត្ត​ចេញ​ទៅ​រស់នៅ​សហ​រដ្ឋអាមេរិក​វិញ​ហើយ បន្ទាប់​ពី​ផ្ទុះ​រឿង​នាង​ជំពាក់​គេ​ជុំ​ទិស ដោយ​មិន​ទាន់​ទូទាត់​សង​គេ​អស់​នៅឡើយ​។ ហើយ​នៅ​មុន​ពេល​ចាកចេញ​ទៅ​រស់នៅ

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង​អ្នក​នាង ព្រំ រ​ដ្ឋា បាន​សម្រេចចិត្ត​ចេញ​ទៅ​រស់នៅ​សហរដ្ឋអាមេរិក​វិញ​ហើយ បន្ទាប់​ពី​ផ្ទុះ​រឿង​នាង​ជំពាក់​គេ​ជុំ​ទិស ដោយ​មិន​ទាន់​ទូទាត់​សង​គេ​អស់​នៅឡើយ​។ ហើយ​នៅ​មុន​ពេល​ចាកចេញ​ទៅ​រស់នៅ​អា​មេ​រិ​ក​ពី​ម្ចាស់​ផលិតកម្ម «PR Production» អ្នក​នាង ព្រំ រ​ដ្ឋា នា​ពេល​នេះ មាន​ម្ចាស់បំណុល ជា​ពិសេស​តារា​សម្តែង​ជា​បន្តបន្ទាប់​បាន​ចេញ​មុខ​ទម្លាយ​រឿងរ៉ាវ​ពី​ការ​ជំពាក់​លុយ​មិន​សង​របស់​អ្នក​នាង ព្រំ រ​ដ្ឋា ទាំង​ការ​ខ្ចី​ក្រៅផ្លូវការ និង​ថ្លៃ​ថតកុន​។

បើ​គិត​ពី​ចំនួន​លុយ​សរុប​ដែល​អ្នក​នាង​ជំពាក់​គេ​នោះ គឺ​មាន​រហូត​រាប់​សិប​ម៉ឺន​ដុល្លារ​ឯណោះ ដែល​ម្ចាស់បំណុល​ទាំងអស់​បាន​ទាមទារ​អោយ​អ្នក​នាង​ចេញ​មុខ​សង​ជា​ចាំបាច់​។

យ៉ាងណា​ម៉ិ​ញ ក្រោយ​ពេល​ផ្ទុះ​រឿងរ៉ាវ​មួយ​នេះ គេ​ក៏​បានឃើញ​វត្តមាន​របស់​អ្នក​នាង ព្រំ រ​ដ្ឋា នៅ​លើ​ទឹកដី​សហរដ្ឋអាមេរិក ជាទី​ដែល​នាង​បាន​កសាង​គ្រួសារ​នៅ​ទីនោះ​យ៉ាង​ព្រងើយ ដូច​មិន​មានរឿង​អ្វី​កើតឡើង​ឡើយ​។ ពេល​ទៅ​ដល់​អា​មេ​រិ​ក អ្នក​នាង ព្រំ រ​ដ្ឋា ក៏​បាន​ចេញ​មុខ​បញ្ជាក់​អំពី​មូលហេតុ​មួយ​ចំនួន ដែល​នាង​សម្រេចចិត្ត​មក​រស់នៅ​លើ​ទឹកដី​អា​មេ​រិ​ក​នា​ពេល​នេះ ខណៈ​ពេល​ដែល​នាង​នៅ​តែ​ប្រកាន់​ជំហរ​យ៉ាង​រឹង​មាំ​ក្នុង​ជីវិត បើ​ទោះ​មានរឿង​រ៉ាវ​ចាក់​ស្រះ​នា​ពេល​នេះ​ក៏​ដោយ​។

អ្នក​នាង ព្រំ រ​ដ្ឋា បាន​លើក​ឡើង​តាម​រយៈ​វី​ដេ​អូ​ឃ្លី​ប​ខ្លី​មួយ​ថា «​នាង​មក​នៅ​ទី​នេះ (​អា​មេ​រិ​ក​) គឺ​ធ្វើ​អោយ​នាង​អាច​ធ្វើការ​ងារ​បាន​ច្រើន បើសិនជា​យើង​មិន​គិត​ពី​រឿង​អវិជ្ជមាន​»​។ នាង​បញ្ជាក់​ថា «នៅ​ទី​នេះ នាង​ជឿ​ថា យើង​អាច​រក​លុយ​បាន​នៅ​ជុំវិញ​ខ្លួន​យើង សំខាន់​អោយ​តែ​យើង​ចេះ​ចាប់​ឱកាស ពោល​គឺ​វា​ត្រូវការ​ពេលវេលា និង​ការ​ខិតខំ​ប្រឹងប្រែង​»​។ នាង​ថា «​ការ​ត្រឡប់​មក​វិញ​របស់ខ្ញុំ​នេះ គឺ​ខ្ញុំ​ត្រូវការ​ខិតខំ​ប្រឹងប្រែង​ខ្លាំង​មែនទែន ដោយ​ទី​១ ខ្ញុំ​មាន​បញ្ហា​ត្រូវ​ដោះស្រាយ ទី​២ ខ្ញុំ​ត្រូវ​មើលថែ​កូន និង​ធ្វើការ​ងារ​រក​លុយ ដូចនេះ​នាង​ត្រូវធ្វើ​ការងារ​ច្រើន​»​។

យ៉ាងណា បើ​តាម​អ្នក​នាង ព្រំ រ​ដ្ឋា ថា «​បើ​ទោះបីជា​នាង​ត្រូវធ្វើ​ការងារ​ច្រើន​ក៏​ដោយ ប៉ុន្តែ​នាង​នៅ​តែ​មាន​កម្លាំងចិត្ត ដូច្នេះ​ភាព​នឿយហត់ គឺ​មិន​មាន​សម្រាប់​នាង​ឡើយ​»​។

ជា​ការ​កត់សម្គាល់ បន្ទាប់​ពី​ធ្លាយ​រឿងរ៉ាវ​ដ៏​ក្តៅ​គគុក​ពី​ការ​ជំពាក់​បំណុល​គេ​ជុំ​ទិស​នោះ អ្នក​នាង ព្រំ រដ្ឋា ក៏​ធ្លាប់​បាន​ចេញ​មុខ​មក​ធ្វើការ​បកស្រាយ​ខ្លះ​ៗ​ជុំវិញ​មូលហេតុ​ដែល​នាំ​អោយ​នាង​ធ្លាក់​ផុង​ចូល​ទៅ​ក្នុង​រឿង​បំណុល​វ័ណ្ឌ​.​ក​នា​ពេល​នេះ​។

អ្នក​នាង ព្រំ រ​ដ្ឋា ធ្លាប់​បាន​លើក​ឡើង​ថា «​រយៈពេល​២​ឆ្នាំ​ហើយ ដែល​ខ្ញុំ​បាន​បាត់បង់​គ្រប់យ៉ាង កិត្តិយស ការងារ ទ្រព្យ​ស​សម្បត្តិ សឹង​ទាំង​ជីវិត ដោយ​ការ​ទទួល​មិន​បាន​… កូ​វី​ដ​បាន​បំផ្លាញ​ខ្ញុំ​។ ឆ្នាំ​២០១៩ ការ​ចាប់ផ្ដើម​កូ​វី​ដ ទោះ​មិន​ទាន់​មក​ដល់​ប្រទេស​យើង តែ​យើង​គ្រប់​គា្ន​គឺ​ខ្លាច ការងារ​របស់ខ្ញុំ​ចាប់ផ្ដើម​ជួប​បញ្ហា ព្រោះ​តួ​មួយ​ចំនួន​គាត់​ខ្លាច ទោះជា​យើង​មាន​វិធី​ការពារ​… ខាង TV ក៏​តម្រូវ​អោយ​ខ្ញុំ​កាត់​សាច់ ព្រោះ​គាត់​ខ្លាច​ខ្ញុំ​ថត​មិន​ចប់ ខណៈ​រឿង​កំពុង​តែ​ចាក់​ផ្សាយ ទាំង​ដែល​ខ្ញុំ​ថត​ជិត​ចប់​»​។

អ្នក​នាង ព្រំ រ​ដ្ឋា លើក​ឡើង​បន្ត​ថា «​ខ្ញុំ​ចាប់ផ្ដើម​ខាតបង់ ខ្ញុំ​តស៊ូ​ធ្វើ​ការងារ​ដែល​ជា​បេះដូង​របស់ខ្ញុំ ទីបំផុត​ខ្ញុំ​ត្រូវ​បាត់បង់​ការងារ​មួយ​នេះ​នៅ​ចុងឆ្នាំ​២០២១ ខាង​អ្នកធ្វើការ​ឲ្យ​ទូរទស្សន៍​លើក​ឡើង​ខ្ញុំ​ធ្វើ​លើស​កុងត្រា​៥​ខែ ត្រូវ​បញ្ចប់​កុងត្រា​ទាំង​ដែល​ប្រទេស​ត្រូវ​បិទ​ក្រុង ចុះ​ការ​ខាតបង់​របស់ខ្ញុំ​ដែល​គិត​ថា ចប់​កូ​វី​ដ​នឹង​ប្រឹងប្រែង​ជា​ថ្មី ។ ខ្ញុំ​គិត​ថា មិន​និយាយ តែ​ពេល​នេះ​ខ្ញុំ​មាន​អារម្មណ៍​ថា ហេតុ​អី​ពេល​ដែល​យើង​ស្លូត​ត្រូវ​គេ​ធ្វើបាប​បែប​នេះ? តែ​យ៉ាងណា ខ្ញុំ​ក៏​សូម​អរគុណ​ប្អូនស្រី Thyda Pnn ខាង​ទូរទស្សន៍ PNN ដែល​នៅ​តែ​ផ្តល់​ឱកាស និង​ខ្វល់ខ្វាយ​ពី​សុខទុក្ខ​ខ្ញុំ បាន​ផ្តល់​ការងារ​ដល់​ខ្ញុំ​។ ខ្ញុំ​ពិតជា​ចង់ live និយាយ​រឿង​ក្នុង​ចិត្ត និង​ភាព​អយុត្តិធម៌​ដែល​ខ្ញុំ​ជួប​បាន​បៀមទុក្ខ​២​ឆ្នាំ​មកនេះ​ណាស់​»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ