ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួង​វប្បធម៌​ផ្តល់​សិទ្ធិ​ឱ្យ​ក្រុម​អ្នក​ស្រាវជ្រាវ​ដំណើរ​​ខ្មែរ ផលិត​ចម្រៀង​១៥​បទ​ដែល​បាត់បង់​ឡើង​​វិញ

2 ឆ្នាំ មុន
  • ភ្នំពេញ

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​សម្រេច​ប្រគល់​សិទ្ធិ​អោយ​ក្រុម​ស្រាវជ្រាវ​ដំណើរ​ខ្មែរ ផលិត​ឡើង​វិញ​នូវ​ចម្រៀង​ចំនួន​១៥​បទ ដែល​បាន​វិនាស​បាត់បង់ ដើម្បី​ទុកជា​ប្រយោជន៍​ជាតិ​ទាំងមូល

រាជធានី​ភ្នំពេញ ៖ ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​សម្រេច​ប្រគល់​សិទ្ធិ​អោយ​ក្រុម​ស្រាវជ្រាវ​ដំណើរ​ខ្មែរ ផលិត​ឡើង​វិញ​នូវ​ចម្រៀង​ចំនួន​១៥​បទ ដែល​បាន​វិនាស​បាត់បង់ ដើម្បី​ទុកជា​ប្រយោជន៍​ជាតិ​ទាំងមូល​។

ប្រធាន​ក្រុម​ដំណើរ​ខ្មែរ លោក វីរ​: វ៉ា​រ៉ា​នី បាន​លើក​ឡើង​ថា «​លោក​ពិតជា​រំភើប និង​អរគុណ​ដល់​ក្រសួង​​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​អនុញ្ញាត​ផ្តល់​សិទ្ធិ​ចម្រៀង​គ្មាន​មរតក​សាស្ត្រ​ចំនួន​១៥​បទ ដល់​ខ្ញុំបាទ ដើម្បី​ផលិត​ឡើង​វិញ និង​ផ្សព្វផ្សាយ​ក្នុង​បណ្តេញ​សង្គម​យូ​ធូប និង​ហ្វេ​ស​ប៊ុ​ក​»​។

លោក​បញ្ជាក់​ថា «​នេះ​ជា​ជំហាន​មួយ នៃ​គ្រោង​ផែនការ​របស់​ក្រុម​ដំណើរ​ខ្មែរ ក្នុង​ការ​លើក​ស្ទួយ​ទ្រទ្រង់​វិស័យ​សិល្បៈ​ខ្មែរ​»​។ លោក​ថា «​ចម្រៀង​ទាំង​១៥​បទ​នេះ បាន​វិនាស​បាត់បង់​ទៅ​ហើយ នៅ​សល់​តែ​ស្លាក​ស្នាម​អនុស្សាវរីយ៍​នៃ​ការ​ចង​ចាំ​ដ៏​មាន​តម្លៃ កាត់ថ្លៃ​ពុំ​បាន ហេតុនេះ​ហើយ បានជា​ជំរុញ​ចិត្ត​ខ្ញុំ​អោយ​ផលិត​ចម្រៀង​ទាំងនេះ​ឡើង​វិញ ដើម្បី​ឧត្តម​ប្រយោជន៍​ប្រជាជាតិ​យើង​ទាំងមូល​»​។

បើ​តាម​លោក វី​រៈ វ៉ា​រ៉ា​នី ថា «​បទ​ចម្រៀង​ទាំង​អស់នេះ ក្រុម​ដំណើរ​ខ្មែរ​បាន​ចំណាយពេល​ស្រាវជ្រាវ​លំអិត​លើ​បទ​នីមួយ​ៗ ដើម្បី​យក​មក​ផលិត​ឡើង​វិញ កុំអោយ​ប្រាសចាក​ខ្លាំង​ពី​ច្បាប់​ដើម បើ​ទោះបី​ជា​បទ​ចម្រៀង​ទាំងនោះ បាន​បាត់បង់​អស់​ទៅ​ហើយ​ក្តី​»​។ លោក​បន្ថែម​ថា «​ចម្រៀង​ទាំង​១៥​បទ នៃ​គម្រោង​ដំបូង​នេះ មាន​៧​បទ ជា​បទ​ទាក់ទង​នឹង​ទីតាំង​ភូមិសាស្ត្រ និង​៨​បទ​ទៀត ជា​ចម្រៀង​ដកស្រង់​ចេញពី​ខ្សែភាពយន្ត​»​។

យ៉ាងណា លោក​បាន​ថ្លែងអំណរគុណ​ដល់​ភាគី​ពាក់ព័ន្ធ រួម​មាន លោក ស៊ឹ​ម សត្តា ប្រធាន​នាយកដ្ឋាន​កម្មសិទ្ធិបញ្ញា និង​សិទ្ធិ​ប្រហាក់ប្រហែល ដែល​បាន​ជួយ​គាំទ្រ​ការងារ​នេះ ហើយ​លោក​ក៏​អរគុណ​ដល់​សមាជិក សមាជិកា ក្នុង​ក្រុម​ដំណើរ​ខ្មែរ​ទាំងអស់ ដែល​បាន​ជួយ និង​កំពុង​ជួយ​ផលិត​ចម្រៀង​នេះ​ឡើយ​វិញ​។ លោក​បញ្ជាក់​បន្ថែម​ថា «​ជំហាន​ដំបូង ពួក​យើង​ផលិត​ជា​សំឡេង​សិន បន្ទាប់​មក​ពួក​យើង​នឹង​ផលិត​ជា​វី​ដេ​អូ​ចម្រៀង​ទៅ​តាម​អត្ថន័យ​នៃ​ចម្រៀង​ទាំងនោះ​»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ