ខេត្តសៀមរាប ៖ បងប្អូន ប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ និងអន្តរជាតិ បាននិងកំពុងចាប់ អារម្មណ៍យ៉ាងខ្លាំងចំពោះតំបន់រមណីយដ្ឋានបារាយទឹកថ្លា ដែលបានដាក់ឈ្មោះថ្មីថា «សមុទ្រសៀមរាប» ដែលមានទីតាំងស្ថិតនៅប៉ែកខាងកើតឆៀងខាងត្បូង ជាប់នឹងវត្តបារាយមហានទីរតនារាម ហៅវត្តស្វាយរមៀត ស្ថិតក្នុងភូមិបន្ទាយឈើ សង្កាត់ទឹកវិល ក្រុងសៀមរាប ខេត្តសៀមរាប។

ជាក់ស្តែង នៅរសៀលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣នេះ ក្រុមការងារអភិរក្សថែរក្សា នៃអាជ្ញាធរជាតិអប្សរា ប្រចាំតំបន់រមណីយដ្ឋានបារាយទឹកថ្លា ដែលជាកន្លែងបេតិកភ័ណ្ឌជាតិសម្រាប់កូនចៅជំនាន់ក្រោយបានយល់ បានស្គាល់ពីប្រវត្តិសាស្ត្រមួយនេះ។ ហើយរយៈពេលចុងក្រោយនេះ គេសង្កេតឃើញថា មានភ្ញៀវទេសចរជាតិ និងអន្តរជាតិយ៉ាងច្រើនកុះករនាំគ្នាមកទស្សនាកម្សាន្ត នឹងស្វែងយល់ពីអរិយធម៌ វប្បធម៌នៅបារាយទឹកថ្លា ក៏ដូចជាវត្តបារាយមហានទីរតនារាម ឬហៅវត្តស្វាយរមៀតផងដែរ ដើម្បីបន្ធូរអារម្មណ៍ និងភាពតានតឹងនៅទីនោះ។

មិនត្រឹមតែប៉ុណ្ណោះ នៅតំបន់រមណីយដ្ឋានបារាយទឹកថ្លា ប៉ែកខាងកើតឆៀងខាងត្បូងជាប់វត្តបារាយមហានទីរតនារាម ហៅវត្តស្វាយរមៀត នេះ ក៏មានខ្យល់អាកាសបរិយាកាសបរិសុទ្ធ ដោយមានទិដ្ឋភាពពេលថ្ងៃ និងពេលល្ងាចពិតជាស្រស់ណាស់ ជាពិសេសគឺនៅពេលថ្ងៃរៀបលិច ពិតជាគួរឱ្យទាក់ទាញអ្នកផងទាំងឡាយ។

ក្នុងឱកាសនោះដែរ បើតាមប្អូនស្រី ស៊ុន វីណា ប្រធានគ្រប់គ្រងភ្នាក់ងារទេសចរណ៍ នៃអាជ្ញាធរជាតិអប្សរាប្រចាំតំបន់រមណីយដ្ឋានបារាយទឹកថ្លា បានលើកឡើងថា «នៅក្នុងខែមិថុនា ឆ្នាំ២០២៣នេះ សម្រាប់តំបន់រមណីយដ្ឋានបារាយទឹកថ្លា យើងឃើញថា នៅទីនេះមានភ្ញៀវជាតិ និងអន្តរជាតិជាច្រើននាំគ្នាសម្រុកមកលេងកម្សាន្ត លំហែកាយ បន្ធូរអារម្មណ៍ ជាពិសេសនៅមាត់បារាយទឹកថ្លា ប៉ែកខាងកើតឆៀងខាងត្បូងជាប់វត្តបារាយមហានទីរតនារាម ហៅវត្តស្វាយរមៀតនេះតែម្តង ធ្វើឱ្យមានការកកស្ទះក្នុងពេលធ្វើដំណើរទាំងឡាន ទាំងម៉ូតូចុះឡើងៗ ផងដែរ»។

ប្រភពដដែលខាងលើបន្តថា ដោយខ្លាចក្រែងមានបញ្ហាគ្រោះថ្នាក់ដល់បងប្អូនប្រជាពលរដ្ឋ និងមានផលប៉ះពាល់ដល់សណ្តាប់ធ្នាប់ អនាម័យ បរិស្ថានផងនោះ ទើបអាជ្ញាធរជាតិអប្សរា បានធ្វើការបោះបង្គោលបិទផ្លូវត្រង់ចំណុចមាត់បារាយទឹកថ្លា ជាប់ខាងលិចវត្តស្វាយរមៀតកាលពីថ្ងៃទី២៤ ខែមិថុនា កន្លងមក ដោយមិនអនុញ្ញាតិឱ្យរថយន្តតូចធំចុះទៅក្នុងបារាយទឹកថ្លាទៀតឡើយ តែបងប្អូនអាចធ្វើដំណើរដោយម៉ូតូ និងថ្មើរជើងបាន»។

ប្អូនស្រី បានបន្តទៀតថា «ខាងអាជ្ញាធរជាតិអប្សរាធ្វើបែបនេះ ក្នុងគោលបំណងដើម្បីថែរក្សាការពារឱ្យមានសណ្តាប់ធ្នាប់ របៀបរៀបរយ អនាម័យល្អ បរិស្ថានស្អាត។ លើសពីនេះ នៅពេលដែលបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវជាតិ និងអន្តរជាតិ មកលេងទីនេះ សូមមេត្តាចូលរួមថែរក្សាអនាម័យ បរិស្ថាន ឱ្យបានស្អាតល្អរៀងៗខ្លួនផង មុននឹងចាកចេញទៅវិញឱ្យបានគ្រប់ៗគ្នា។ ហើយខាងអាជ្ញាធរអប្សរាជាតិ មិនបានហាមឃាត់មិនឱ្យបងប្អូនមកលេងឡើយ យើងមិនអាចទុកឱ្យតំបន់រមណីយដ្ឋានបារាយទឹកថ្លា នៅឯកោនោះបានទេ តែសូមចូលរួមថែរក្សានៅកេរដំណែលពីដូនតាឱ្យបានល្អផូរផង់ទាំងអស់គ្នា ជាពិសេសគឺហាមយកស្រាមកផឹក និងចាក់បាស់លឺខ្លាំងៗនៅទីកន្លែងដែលអាជ្ញាធរហាមឃាត់នោះ។

ជាមួយគ្នានោះដែរ ព្រះសច្ចានុបាល ភទ្ទកោ នឿម វុទ្ធី ព្រះរាជាគណៈថ្នាក់កិត្តិយស និងជាព្រះគ្រូចៅអធិការវត្តបារាយមហានទីរតនារាម (ស្វាយរមៀត) មានសង្ឃដីកាថា «ពាក់ព័ន្ធករណីបិទផ្លូវជាប់មាត់បារាយខាងលិច និងជាប់វត្តស្វាយរមៀតនេះដែរ ខាងអាជ្ញាធរជាតិអប្សរា មិនអនុញ្ញាតិឱ្យយានយន្តគ្រប់ប្រភេទធ្វើចរាចរណ៍ចុះទៅកាន់មាត់ទឹកបារាយណ៍នោះ មិនមែនជាការសម្រេចចិត្តរបស់អាត្មាភាពនោះឡើយ គឺជាដែនសមត្ថកិច្ចរបស់អាជ្ញាធរជាតិអប្សរា ដែលមានតួនាទីថែរក្សា ការពារតំបន់រមណីយដ្ឋានអង្គរ»។

ព្រះអង្គមានសង្ឃដីកា បញ្ជាក់ទៀតថា «សូមញាតិញោមពុទ្ធបរិស័ទទាំងអស់ កុំមានការភ័ន្តច្រឡំថា អាត្មាភាពនៅពីក្រោយក្នុងការបិទផ្លូវនេះឱ្យសោះ ព្រោះប៉ុន្មានថ្ងៃកន្លងមក មានញាតិញោមមួយចំនួនតូច មានពាក្យចចាមអារ៉ាមបានយល់ច្រឡំមកលើព្រះសង្ឃថា ជាអ្នកបិទផ្លូវមិនឱ្យញាតិញោមធ្វើចរាចរណ៍ចុះឡើងបាន»។

ព្រះអង្គមានសង្ឃដីកា បញ្ជាក់ទៀតថា «អាត្មាភាព សូមបញ្ជាក់សារជាថ្មីទៀតថា អាត្មាភាពមិនមានការពាក់ព័ន្ធនឹងការបិទផ្លូវនេះឡើយ។ ម្យ៉ាងវិញទៀត បើសិនញាតិញោមមកលេងនៅមាត់បារាយ មិនមានកន្លែងចតឡាន ឬម៉ូតូនោះ ចំពោះញាតិញោមពុទ្ធបរិស័ទ និងភ្ញៀវជាតិ អន្តរជាតិ អាចមកចតនៅក្នុងបរិវេណវត្តក៏បាន អាត្មាភាពមិនគិតលុយ មិនគិតប្រាក់ឡើយ ។ សូមចូលរួមឱ្យមានសណ្តាប់ធ្នាប់ របៀបរៀបរយ និងអនាម័យ បរិស្ថានល្អបានហើយ»។

ទន្ទឹមនឹងនោះដែរ ប្អូនស្រីឈ្មោះ ស្រី លាង រស់នៅខេត្តសៀមរាប និងបងប្អូនប្រជាពលរដ្ឋមួយចំនួន បានលើកឡើងស្រដៀងៗគ្នាថា «ប្អូនស្រី បានមកលេងនៅតំបន់រមណីយដ្ឋានបារាយទឹកថ្លា ដែលមហាជនបានដាក់ឈ្មោះថ្មីថា សមុទ្រសៀមរាប នេះ គឺជាលើកទី១ ហើយ នៅពេលមកដល់យើងមើលឃើញផ្ទៃទឹកដ៏ធំល្វឹងល្វើយ ដូចសមុទ្រអញ្ចឹង យើងអាចស្រូបយកខ្យល់បរិសុទ្ធ មានផាសុខភាព មានអារម្មណ៍ល្អ ជាពិសេសនៅពេលល្ងាច យើងមើលថ្ងៃរៀបលិច មានសភាពស្រស់ថ្លា»។

ប្អូនស្រីឈ្មោះ ស្រី លាង រស់នៅខេត្តសៀមរាប និងបងប្អូនប្រជាពលរដ្ឋមួយចំនួន បានលើកឡើងស្រដៀងៗគ្នាថា «ហើយមិនស្មានថា នៅខេត្តសៀមរាប មានតំបន់រមណីយដ្ឋានស្អាតដូចសមុទ្រសោះ ព្រោះថាធ្លាប់តែឃើញគេបង្ហោះតាមបណ្តាញសង្គម និងយូធូបយ៉ាងព្រោងព្រាត តែតាមការពិតគឺនៅទីនេះសោះ។ ហើយអ្វីដែលសំខាន់នោះ គឺយើងត្រូវចូលរួមថែរក្សាកេរដំណែលដូនតារបស់យើងឱ្យបានល្អ និងអនាម័យ បរិស្ថាន យើងយកអ្វីមកហូបចុកនៅទីនេះ ពេលហូបរួចត្រូវជួយគ្នាប្រមូលយកសំរាមវេចខ្ចប់ឱ្យបានត្រឹមត្រូវទៅវិញផងដែរ»៕





ចែករំលែកព័តមាននេះ